​បន្លែ​ឆៅ និង​ឆ្អិន​! មួយណា សំបូរ​ជីវជាតិ​ជាង​?

​បន្លែ​ឆៅ និង​ឆ្អិន​! មួយណា សំបូរ​ជីវជាតិ​ជាង​?

​ការ​ចម្អិន​អាហារ គឺជា​រឿង​សំខាន់​មួយ សម្រាប់​មនុស្ស​យើង ព្រោះ​វា​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​រាងកាយ ក្នុង​ការរំលាយ​អាហារ​ទាំងនោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​មនុស្ស​ជាច្រើន ចៀសវាង​ការ​ញ៉ាំ​អាហារ​ឆ្អិន ដោយសារ​តែ​កម្តៅ ដែល​ចម្អិន​អាហារ​ទាំងនោះ ធ្វើឲ្យ​បាត់បង់​ជីវជាតិ​របស់​អាហារ ជាពិសេស​បន្លែ​តែម្តង​។ ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា ការ​ញ៉ាំ​អាហារ​ឆៅ មិនមែន​ល្អ​ជាង​អាហារ​ឆ្អិន​នោះទេ អញ្ចឹង​គេ​លែង​លក់​ហ្គាស​ដាច់​ហើយ​។

​តាម​ការស្រាវជ្រាវ ដែល​បាន​ចុះ​ផ្សាយ​កាលពី​ឆ្នាំ ២០០៧ ក្នុង​សារព័ត៌មាន The British Journal of Nutrition បានបង្ហាញ​ថា អ្នក​ដែល​មិន​ញ៉ាំ​អាហារ​ឆៅ អាច​មាន​កម្រិត​វីតាមីន A ធម្មតា និង​មាន Beta-carotene ខ្ពស់ ប៉ុន្តែ ពួកគេ​បែរជា​ខ្វះ​ជីវជាតិ Lycopene ដែល​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​ទៅ​វិញ​។

សារធាតុ Lycopene ត្រូវបាន​គេ​ស្គាល់​ថា ជា​សារធាតុ​បំពាក់​ពណ៌​ដល់​បន្លែ និង​ផ្លែឈើ ជាពិសេស​ប៉េងប៉ោះ ត្របែក ឪឡឹក ល្ហុង និង​ម្ទេស​ប្លោក​ពណ៌​ក្រហម​។ មាន​ការសិក្សា​ជា​ច្រើន បាន​បញ្ជាក់​អំពី​ទំនាក់ទំនង នៃ​ការ​ញ៉ាំ​អាហារ​សំបូរ​សារធាតុ Lycopene នេះ អាច​កាត់បន្ថយ​ការកើត​ជំងឺ​បេះដូង​សរសៃឈាម និង​មហារីក​។

ការសិក្សា​មួយ​កាលពី​ឆ្នាំ ២០០២ បានឲ្យដឹងថា ប៉េងប៉ោះ​ដែល​ចម្អិន​រួច អាច​បង្កើន​ការបញ្ចេញ​សារធាតុ Lycopene របស់​វា​មក​ខាងក្រៅ​។ ហេតុផល​នោះ​គឺថា កម្តៅ​នឹង​ជួយ​បំបែក​សំបក​ដ៏​ក្រាស​របស់​ប៉េងប៉ោះ និង​ជួយ​រាងកាយ​បឺត​ស្រូប ជីវជាតិ​របស់​វា បាន​កាន់តែ​ស្រួល​។ បន្លែ​ផ្សេងៗ​ទៀត​ដូចជា ការ៉ុត ផ្សិត ស្ពៃ​ក្តោប ក៏​ផ្តល់​ជា​អង់​ទី​អុកស៊ី​ដង់​របស់​វា​ច្រើន​ដែរ នៅពេល​ចម្អិន​រួច​។ គេ​និយាយថា បន្លែ​ខាង​អាច​ផ្តល់​ជីវជាតិ របស់​វា​បាន​កាន់តែ​ច្រើន នៅពេល​ស្ងោរ ជាង​ការចៀន​ដោយ​ប្រើ​ខ្លាញ់​។

ចំពោះ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើនៗ​វិញ ត្រូវបាន​គេ​ស្គាល់​ថា ជា​រ៉ាឌីកាល​សេរី ដែល​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​រាងកាយ​បាន ព្រោះ​វា​អាច​បំផ្លាញ​កោសិកា មាន​សុខភាព​ល្អ​របស់​យើង​។ វា​ក៏​ធ្វើឲ្យ​កើត​ជា បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ជាច្រើន​ទៀត ដូចជា ជំងឺ​បេះដូង មហារីក និង​ភ្នែក​ឡើងបាយ​ជាដើម​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ចម្អិន​បន្លែ​ខ្លះ អាច​នឹង​ធ្វើឲ្យ​បាត់បង់​វីតាមីន C របស់​បន្លែ​នោះ ព្រោះថា​វីតាមីន C ងាយ​នឹង​ខូច​ណាស់ នៅពេល​វា​ប៉ះ​កម្តៅ ឬ​ចម្អិន​យូរ​។ ប៉ុន្តែ បើសិន​ជា​អ្នក​ចង់​បាន​វីតាមីន C ច្រើន អ្នក​អាច​ជ្រើសរើស ការ​ញ៉ាំ​ផ្លែឈើ​ជូរៗ​វិញ​ក៏​បាន​ដែរ​។ ម្យ៉ាងវិញទៀត មាន​បន្លែ​ផ្សេងៗ​ទៀត ដែល​ញ៉ាំ​ឆៅ​ល្អ​ជាង​ឆ្អិន ជាពិសេស ប្រូ​ខូលី​តែម្តង ព្រោះ​ភាព​ក្តៅ​អាច​នឹង​បំផ្លាញ​អង់ស៊ីម​ល្អៗ​របស់​វា​បាន​។

សរុបសេចក្តី​មក ការ​ញ៉ាំ​បន្លែ​ឆៅ និង​ឆ្អិន គឺ​មាន​អត្ថប្រយោជន៍​របស់​វា​រៀងៗ​ខ្លួន ដូច្នេះ មាន​តែ​អ្នក​ញ៉ាំ​ទេ​ទើប​ដឹងថា គួរ​ញ៉ាំ​របៀប​ណា ដែល​អាច​ញ៉ាំ​បាន និង​ញ៉ាំ​របៀប​ណា គួរតែ​ចៀសវាង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthybuilderz

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។