ហួសហេតុហើយលោកបង​…!

ខេត្តស្ទឹងត្រែង​ ៖ ជនជាតិ​វៀតណាម​ពីរ​នាក់​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៩​កញ្ញា​ ២០១៦ ​ដោយ​ចោទប្រកាន់​ប៉ុនប៉ង​គាស់​ផ្ទះ ​និង​គំរាម​​សម្លាប់ ​កាលពី​យប់​ថ្ងៃ​ទី​១៧​ កញ្ញា​ ២០១៦ ស្ថិត​​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។

​ប្រភព​​ឱ្យ​ដឹង​ថា ជន​សង្ស័យទាំង​ពីរ​នាក់​ខាងលើ​​​ម្នាក់​ឈ្មោះង៉ូ វើ​ង ហៅទី ​​អាយុ​២៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះឡា ប៊ុ​ន​ឡុ​ង​អាយុ​២២​ឆ្នាំ ជា​ជាង​សិប្បកម្ម​តុទូ ​។ ​ជនសង្ស័យ​​ជា​ជនជាតិ​វៀតណាម​ស្នាក់​នៅ​ភូមិ​-សង្កាត់​ខាងលើ​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បន្ទាប់​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​ ជនជាតិ​វៀតណាម​ទាំង​២នាក់​នោះ ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​គាស់​ផ្ទះ ​ក្រោយ​ទាន់​សកម្មភាព​ពួក​គេ​​ និងបានគំរាម​សម្លាប់ពួកគាត់​​ថែម​ទៀត ​។

​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក៏បាន​ឱ្យ​ដឹង​ថា​ កម្លាំង​របស់​លោក​​​ឃាត់​ខ្លួន​​ទាំង​២​នាក់​ពី​​បទ​​សង្ស័យ​ប៉ុនប៉ង​លួច ដោយ​គាស់​ផ្ទះ ​ហើយ​គំរាម​​សម្លាប់​ម្ចាស់ផ្ទះ​ ដែលប្រព្រឹត្ត​នៅ​មុខ​ការដ្ឋាន​សំណង់​សណ្ឋាគារ​សេ​កុង​មាត់ទន្លេ​ភូមិ​ព្រែក ក្នុងសង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​។

​ ក្រោយ​ការ​ឃាត់ខ្លួន ​កម្លាំង​ជំនាញ​បាន​ដកហូត​ម៉ូតូ​ម៉ាក​វ៉េវអាល់ហ្វា ពណ៌​កាប់​ស្តាំ​ង ​គ្មាន​ស្លាក​លេខ​មួយ​គ្រឿង ​ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ និង​បន្ត​បញ្ជូន​ទៅ​ពន្ធនាគារ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ។