ទិដ្ឋភាព​នៃ​ការ​ផ្ទុះ​(គ្រាប់​បែក?)​ដ៏​ខ្លាំង​​មួយ នៅ​កណ្ដាល​ក្រុង​ញ៉ូយក

រូបភាពតាមរយៈ​កាម៉េរ៉ាសុវត្ថិភាព ដែលបង្ហាញពីអំឡុងពេល នៃការផ្ទុះដ៏ខ្លាំង កាលពី​យប់​ថ្ងៃ​សៅរ៍ ចូល​មក​ថ្ងៃ​អាទិត្យ កណ្ដាល​ក្រុង​ញ៉ូយក (សហរដ្ឋ​អាមេរិ) ត្រូវ​បាន​យក​មក​បង្ហោះ នៅ​ពាស​ពេញ​បណ្ដាញ​អ៊ិនធើណែត។
រូបភាពនៃការបំផ្ទុះ នៅកណ្ដាលសង្កាត់ ដែលសម្បូរដោយមនុស្សកុះករ នៃទីក្រុងញ៉ូយក។

ការផ្ទុះដ៏ខ្លាំងមួយនេះ បានកើតឡើង នាវេលាយប់ថ្ងៃសៅរ៍ ចូលមកថ្ងៃអាទិត្យម្សិលម៉ិញ នៅក្នុងសង្កាត់ «Chelsea» ស្ថិតនៅលើកោះ «Manhattan» របស់ទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ អភិបាលក្រុងញ៉ូយក លោក អេនឌ្រូ ខោម៉ូ (Andrew Cuomo) បានថ្លែងនៅថ្ងៃអាទិត្យនេះ ថាសម្លេងនៃការផ្ទុះនោះ អាចមាន​កម្រិត ស្មើ​នឹង​ការ​ដាក់​បំផ្ទុះ​គ្រាប់បែក ប៉ុន្តែមិនមានជាប់ទាក់ទង ជាមួយនឹងភេរវកម្ម​អន្តរជាតិ​នោះទេ។

មនុស្ស២៩នាក់ បានរងរបួសពីហេតុការណ៍នេះ ក្នុងនោះម្នាក់របួសធ្ងន់។ កម្លាំងផ្ទុះដ៏ខ្លាំង ក៏បានបង្កឲ្យ​ទ្រព្យ​សម្បត្តិ នៅជុំវិញនោះ បានទទួលការខូចខាតដែរ។

ហេតុការណ៍នេះ បានកើតឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែល​នឹង​ចាប់ផ្ដើមនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ។ លោកអភិបាលក្រុង បានថ្លែងឲ្យដឹងទៀតថា៖ «កម្លាំងនគរបាល ប្រមាណ​ជា១០០០នាក់ទៀត ត្រូវបានដាក់​ពង្រាយ​បន្ថែម ដើម្បីបង្ការហេតុការណ៍ ជាយថាហេតុណាផ្សេង»។

នៅលើបណ្ដាញសង្គមវិញ រូបភាពវីដេអូដទៃទៀត (វីដេអូខាងក្រោម) បានបង្ហាញដែរពីអំឡុងពេល នៃការផ្ទុះ និងពីកម្លាំងផ្ទុះ ដែលមានទំហំខ្លាំង នៅកណ្ដាលតំបន់មួយនេះ នៃក្រុងញ៉ូយក ដែលសម្បូរទៅដោយ​អ្នក​ដើរ​លេង​យប់៕​​​

"Je me suis comme envolé", raconte une victime de l'explosion à New Yorkhttps://t.co/ktscWNzlz5 pic.twitter.com/7MhpI8zEvf

— franceinfo plus (@franceinfoplus) 18 september 2016