ហ៊ុន សែន ប្រាប់​«ថ្មីៗ»​ឲ្យ​រៀន​តាម​«Fresh News» និង​«ដើម​អំពិល»

សារព័ត៌មាន «ថ្មីៗ» ផ្សាយព័ត៌មានមិនចេះត្រូវ! នេះជាការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​សារព័ត៌មាន​ចេញ​ផ្សាយ តាម​បណ្ដាញ​អ៊ិនធើណែត​មួយ ឈ្មោះ «ថ្មីៗ» ដោយ​បញ្ជា​ឲ្យ​សារព័ត៌មាន​នេះ ឲ្យ​ទៅ​រៀនសូត្រ​ពី​សារព័ត៌មាន «Fresh News» និង​«ដើមអំពិល» ដែល​ល្បី​ថា​ជា​សារព័ត៌មាន មាន​និន្នាការ​លំអៀង ទៅ​គណបក្ស​កាន់​អំណាច និង​រដ្ឋាភិបាលលោក។
ហ៊ុន សែន ប្រាប់​«ថ្មីៗ»​ឲ្យ​រៀន​តាម​«Fresh News» និង​«ដើម​អំពិល»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតសហការី)

លោក ហ៊ុន សែន បានថ្លែងរិះគន់ សារព័ត៌មានមួយ ដែលចេញផ្សាយ តាមបណ្ដាញអ៊ិនធើណែត ឈ្មោះ «ថ្មីៗ» ថាសារព័ត៌មាននេះផ្សាយខុស ពីព័ត៌មានអ្វីៗដែលទាក់ទងនឹងរូបលោក។ បន្ថែមពីលើនេះ លោក ហ៊ុន សែន បាន​ប្រាប់ឲ្យស្ថាប័ន​សារព័ត៌មាន​ឯកជនក្នុងស្រុកមួយនេះ ឲ្យរៀនសូត្រ​តាមសារព័ត៌មាន​ក្នុង​ស្រុក​ចំនួន​​ពីរ​​ទៀត ដែល​​ល្បីល្បាញ​ថាមាននិន្នាការ លំអៀងទៅរកគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលរបស់លោក។

ថ្លែងនៅចំពោះនិស្សិត​ជាច្រើនពាន់នាក់ មកពីសាកលវិទ្យាល័យបញ្ញាជាតិ ដែលត្រូវទទួលសញ្ញាប័ត្រ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយរៀបរាប់ថា ក្នុងទូរស័ព្ទដៃរបស់លោក មាន​កម្មវិធីជាច្រើន ក្នុងនោះមានកម្មវិធី របស់សារព័ត៌មាន​ក្នុងស្រុកមួយចំនួន ដូចយ៉ាង សារព័ត៌មាន «Fresh News» «ដើម​អំពិល» «CNC» និងសារព័ត៌មាន«ថ្មីៗ»។

បន្ទាប់មកលោក ហ៊ុន សែន បានថ្លែងថា សារព័ត៌មាន«ថ្មីៗ»ផ្សាយព័ត៌មានពីលោក «រហ័ស» តែខុសច្រើន​«ណាស់»។ លោក​និយាយ​ថា៖ «បើអស់លោកពិបាកយកព័ត៌មានពីខ្ញុំ កុំសរសេរពីខ្ញុំ (...) វានាំឲ្យពិបាក​ធ្វើការ​ស្នើសុំ ឲ្យធ្វើការកែតម្រូវ។ ហើយមើល៍ ទៅរៀនសូត្រពី "Fresh News" ឬក៏"ដើមអំពិល"អីទៅមើល។»

ក្នុង​ពេលភ្លាមៗនេះ គេនៅមិនទាន់ដឹងប្រតិកម្ម ពីសំណាក់សារព័ត៌មាននេះ តបទៅនឹងការលើកឡើង របស់​លោក​នាយករដ្ឋមន្ត្រី​នៅឡើយ។

សារព័ត៌មាន«ថ្មីៗ» ត្រូវបានគេស្គាល់ថា ជាសារព័ត៌មានឯករាជ្យមួយ នៅក្នុងប្រទេសកម្ពុជា ដែលមាន​អ្នក​សារព័ត៌មាន​អាជីព ជាច្រើននាក់ សរសេរនិងយកព័ត៌មាន។ សារព័ត៌មាន ដែលចេញផ្សាយ​តាម​បណ្ដាញ​អ៊ិនធើណែត​នេះ មានលោកឧកញ្ញា គួច ម៉េងលី ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក គី សុខលីម ជា​អគ្គនាយក​ប្រតិបត្តិ៕