​ហ្វីលីពីន៖ ចំណាប់ខ្មាំងថ្នូរន័រវែសនិងឥណ្ឌូណេស៊ីបានសេរីភាពពីពួកអាប៊ូសាយ៉ាហ្វ

ចំណាប់ថ្នូរជាជនជាតិន័រវែសម្នាក់ និងជាទាហានជើងទឹកឥណ្ឌូណេស៊ីបីនាក់ ត្រូវបានពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយម អាប៊ូសាយ៉ាហ្វ ដោះលែងឱ្យមានសេរីភាពវិញហើយ នៅថ្ងៃអាទិត្យនេះ និងបានប្រគល់ដល់ដៃអន្តរការីរបស់រដ្ឋាភិបាលហ្វីលីពីនរួចហើយដែរ។ ការដោះលែងចំណាប់ថ្នូរនេះ ប្រព្រឹត្តទៅតែប៉ុន្មានខែក្រោយការកាត់កសម្លាប់ចំណាប់ថ្នូរជាតិកាណាដាអស់ពីរនាក់។

ការប្រគល់ចំណាប់ថ្នូរប្រព្រឹត្តទៅក្នុងជំរំរបស់ប្រមុខដឹកនាំឧទ្ទាមអ៊ីស្លាម Nur Misuari ដែលជាអ្នកជ្រោមជ្រែងស្វែងរកសេរីភាពឱ្យចំណាប់ថ្នូរន័រវែស លោក Kjartan Sekkingstad និង ឥណ្ឌូណេស៊ីបីនាក់។ នេះបើតាមប្រភពរដ្ឋាភិបាលហ្វីលីពីន។ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ទេ តើចំណាប់ថ្នូរឥណ្ឌូណេស៊ីទាំងបីនោះ ជាជនដែលពួកអាប៊ូសាយ៉ាហ្វ ចាប់ខ្លួនបានកាលពីខែកក្កដា នៅក្នុងដែនទឹកម៉ាឡេស៊ី ឬក៏មិនមែនទេ។

បើតាមយោធាហ្វីលីពីន ចំណាប់ថ្នូរន័រវែស នឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាពសិន បន្ទាប់មកនឹងទទួលជួបដោយលោកប្រធានាធិបតី ឌុយទែរតេ នៅក្រុងដាវ៉ាវ។

សូមបញ្ជាក់ថា ចំណាប់ថ្នូរន័រវែសរូបនេះ ត្រូវបានពួកអាប៊ូសាយ៉ាហ្វ ចាប់ខ្លួនជាមួយនឹងជនជាតិកាណាដាពីរនាក់ គឺចន រិតដែល និង រ៉ូប៊ែរ ហ័ល ព្រមទាំងមិត្តស្រីជាតិហ្វីលីពីន។ ប៉ុន្តែជាសំណាងអាក្រក់ ចំណាប់ថ្នូរកាណាដាទាំងពីរ ត្រូវបានពួកអ៊ីស្លាមជ្រុលនិយម កាត់កសម្លាប់ កាលពីខែមេសា និងមិថុនា ដោយហេតុកាណាដាមិនព្រមប្រគល់ប្រាក់លួស តម្លៃរាប់លានដុល្លារតាមការទាមទារ និងកំណត់។

ចុះតើចំណាប់ថ្នូរន័រវែសនេះ បានសេរីភាពភាពដោយសារបង់ប្រាក់ជាថ្នូរឬ ?! អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន ឌុយទែរតេ បានប្រកាសថារដ្ឋាភិបាលក្រុងម៉ានីល ដែលបើកយុទ្ធនាការប្រឆាំងនឹងពួកអាប៊ូសាយ៉ាហ្វ តាំងពីខែសីហាមក ប្រកាន់ជំហរមិនប្តូរផ្លាស់ គ្មាននយោបាយមិនបង់ប្រាក់ថ្នូរទេ ! ប៉ុន្តែប្រសិនបើមានអ្នកទីបី មានអាទិ៍ក្រុមគ្រួសារ ជាអ្នកធ្វើ នោះរដ្ឋាភិបាលមិនបានដឹងឡើយ។

ក្រសួងការបរទេសន័រវែស ក៏បានប្រកាសដូចគ្នាថាមិនបានបង់ប្រាក់ ដើម្បីដូរចំណាប់ថ្នូរដែរ។ ប៉ុន្តែពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយមអាប៊ូសាយ៉ាហ្វ ដែលល្បីខាងរកស៊ីចាប់មនុស្សជំរិតយកលុយ និងដែលអាមេរិកចាត់ទុកជាពួកភេរវនិយម បានបញ្ជាក់ពិតជាបានទទួលកញ្ចប់លុយជាងកន្លះលានអឺរ៉ូ ពេលដោះដូរចំណាប់ថ្នូរ៕

ប្រភព៖ RFI


Related Posts