ឯកអគ្គរាជទូតជប៉ុនដែលបញ្ចប់អាណត្តិចង់ឃើញប្រជាជនកម្ពុជារួបរួមគ្នា និងមានស្ថិរភាពជានិរន្តរ៍

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក គូម៉ាម៉ារូ យូជិ នឹងបញ្ចប់បេសកម្មកាទូតរយៈពេល៣ឆ្នាំនៅកម្ពុជា នៅចុងខែកញ្ញាឆ្នាំ២០១៦នេះ ហើយឯកអគ្គរាជទូតថ្មីនឹងអញ្ជើញមកដល់។ ប៉ុន្តែមុនពេលបញ្ចប់ការងារកាទូតរយៈពេល៣ឆ្នាំនៅកម្ពុជានេះ លោកចង់ឃើញ ប្រជាជនកម្ពុជារួបរួមគ្នានិងមានស្ថិរភាពជានិរន្តរ៍ រួមជាមួយនិងការអភិវឌ្ឍទាំងសេដ្ឋកិច្ច សង្គម និងនយោបាយ។ អ្វីជាការកត់សំគាល់ ការអំពាវនាវនេះ បានធ្វើឡើង ខណៈដែលគណបក្សធំៗពីរនៅកម្ពុជា កំពុងប្រឈមមុខដាក់គ្នា។

ការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ ផ្ញើទៅកាន់ប្រជាពលរដ្ឋកម្ពុជា ចុះថ្ងៃទី១៦កញ្ញាឆ្នាំ២០១៦ មុនការបញ្ចប់បេសកម្មកាទូតរយៈពេល៣ឆ្នាំនៅកម្ពុជា។ នៅក្នុងលិខិតកម្រាស់៣ទំព័រនេះ លោក គូម៉ាម៉ារូ យូជិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចង់ឃើញប្រជាជនកម្ពុជារួបរួមគ្នា និងមានស្ថិរភាពជានិរន្តរ៍ រួមជាមួយនិងការអភិវឌ្ឍទាំងសេដ្ឋកិច្ច សង្គម និងនយោបាយ។ ការលើកឡើងរបស់លោកឯកអគ្គរាជទូត មិនសំដៅទៅលើស្ថានភាពណាមួយនៅកម្ពុជានោះទេ ក៏ប៉ុន្តែបានលើកឡើងដោយផ្អែកទៅលើបទពិសោធន៍នៃការឆ្លងកាត់ភ្លើងសង្គ្រាមរយៈពេល៧១ឆ្នាំរបស់ប្រទេសជប៉ុនមកនេះ។

លោក គូម៉ាម៉ារូ យូជិ បានលើកឡើងថា “ប្រជាជនជប៉ុនជាច្រើនតែងតែរំលឹកឡើងវិញពីបទពិសោធន៍ក្រោយសង្គ្រាមរបស់ខ្លួន នៅពេលដែលឃើញប្រទេសកម្ពុជាកំពុងតែប្រឈមបញ្ហាលំបាកនៅក្រោយសង្គ្រាម។ ប៉ុន្តែប្រទេសជប៉ុនបានបញ្ចប់សង្គ្រាមរយៈពេល៧១ឆ្នាំហើយ ចំណែកប្រទេសកម្ពុជាវិញ មិនទាន់ឆ្លងកាត់ពេលវេលាច្រើនឆ្នាំដូចប្រទេសជប៉ុននោះទេ។ ដូច្នេះហើយ នេះគឺជាមូលហេតុមួយ ដែលធ្វើឲ្យប្រជាជនជប៉ុន មានអារម្មណ៍ដិតដានខ្លាំងជាមួយនិងប្រទេសកម្ពុជា ហើយក៏ចាប់ផ្តើមគិតថា តើខ្លួនអាចចូលរួមជួយអ្វីបានខ្លះដល់ប្រទេសកម្ពុជា?
ប៉ុន្តែយ៉ាងណាក៏ដោយ ការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុន លោក គូម៉ាម៉ារូ យូជិ ដែលគេចាត់ទុកថា ជាអ្នកកាទូតចាស់ជាងគេនៅក្នុងប្រទេសកម្ពុជានេះ គឺចំពេលដែលស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា កំពុងឡើងកំដៅ។ នោះគឺជាការប្រឈមមុខដាក់គ្នារវាងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា។

លោក គូម៉ាម៉ារូ យូជិ បានលើកឡើងថា លោកមានបំណងប្រាថ្នាឲ្យប្រទេសកម្ពុជាអាចដោះស្រាយបញ្ហាដែលនៅសេសសល់ពីសង្គ្រាមដ៏រ៉ាំរ៉ៃ និងបោះជំហានបន្តិចម្តងៗឆ្ពោះទៅកាន់ការរួបរួមគ្នារវាងប្រជាជននិងប្រជាជន និងមានស្ថិរភាពជានិរន្តរ៍ រួមជាមួយនិងការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ។ លោក គូម៉ាម៉ារូ យូជិ នឹងបញ្ចប់បេសកម្មកាទូតនៅកម្ពុជានៅចុងខែកញ្ញាឆ្នាំ២០១៦នេះ បន្ទាប់ពីលោកបានមកបំពេញការងារនេះ តាំងពីខែមីនាឆ្នាំ២០១៣មក។ ក្នុងរយៈពេល៣ឆ្នាំនេះ លោកបានជួបជាមួយប្រជាជនកម្ពុជា និងបណ្តាភ្ញៀវមកពីប្រទេសជប៉ុនជាច្រើន ព្រមទាំងបានចូលរួមក្នុងពិធីចុះហត្ថលេខា ពិធីសម្ពោធបើកការដ្ឋាន និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃគម្រោងសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលមិនអាចរៀបរាប់អស់។

សូមបញ្ជាក់ដែរថា ជប៉ុន គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣៩ដែលបានចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភពីស្ថានភាពការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យនៅកម្ពុជា ក្នុងកិច្ចប្រជុំប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៣៣ ដែលប្រព្រឹត្តទៅនៅទីក្រុងសឺណែវប្រទេសស្វីស កាលពីថ្ងៃទី ១៤ កញ្ញាកន្លងទៅ៕

ប្រភព៖ RFI


Related Posts