មនុស្ស៩នាក់ត្រូវបានចាក់ដោយកាំបិតនៅឯហាងលក់ទំនិញមួយក្នុងសហរដ្ឋអាមេរិក

ពួកប៉ូលិសបាននិយាយថា មនុស្ស៩នាក់បានត្រូវរបួសនៅក្នុងការវាយប្រហារចាក់ដោយកាំបិតនៅក្នុងអាគារមួយមានហាងលក់ទំនិញច្រើនកាលពីយប់ថ្ងៃសៅរ៍នៅក្នុងក្រុង Saint Cloud ក្នុងរដ្ឋ Minnesota សហរដ្ឋអាមេរិក។

ការិយាល័យ FBI កំពុងស៊ើបអង្កេតការចាក់នេះដែលអាចជា«សកម្មភាពភេរវកម្មមួយ»។

ពួកមន្ត្រីផ្នែកពង្រឹងច្បាប់នៃក្រុង Saint Cloud បានធ្វើសកម្មភាពក្នុងពេល៥នាទីក្រោយការហៅទូរស័ព្ទទីមួយប្រាប់អំពីហេតុការណ៍នេះ ហើយប៉ូលិសម្នាក់ដែលផុតពីការបំពេញការងារហើយបានឋិតនៅក្នុងអាគារមានហាងលក់ទំនិញច្រើននោះបានបាញ់សម្លាប់ជនជាប់សង្ស័យ នេះបើតាមការប្រាប់ឱ្យដឹងដោយអាជ្ញាធរ។

អភិបាលក្រុង និងមេប៉ូលិសក្រុងនេះ បាននិយាយថា បើគ្មានសកម្មភាព«ប្រកបដោយវីរភាព»របស់ប៉ូលិសរូបនេះទេ ស្ថានការណ៍អាចអាក្រក់ជាងនេះ។

ទីភ្នាក់ងារព័ត៌មានរបស់ពួករដ្ឋឥស្លាម បាននិយាយថាការវាយប្រហារដោយការចាក់នឹងកាបិតនេះត្រូវបានធ្វើឡើងដោយ«ទាហានម្នាក់នៃពួករដ្ឋឥស្លាម»។

ពួកប៉ូលិសបាននិយាយថា ជនរងគ្រោះទាំង៩នាក់បានទទួលការព្យាបាលរបួសប៉ុន្តែរបួសទាំងនោះមិនគំរាមកំហែងដល់ជីវិតទេ។

លោក William Blair Anderson មេប៉ូលិសក្រុង Saint Cloud បាននិយាយថាអ្នកវាយប្រហារបានត្រូវរាយការណ៍ថាបាននិយាយយោងដល់ព្រះអាឡស់ នៅក្នុងការវាយប្រហារដោយកាំបិតនេះនៅឯ Crossroads Center ហើយបានសួរមនុស្សម្នាក់ថា គាត់ជាអ្នកកាន់សាសនាឥស្លាមឬទេ។

លោក Anderson មិនបានហៅការវាយប្រហារនេះថាជាសកម្មភាពភេរវកម្មទេដោយសារហេតុដែលជំរុញឱ្យមានការវាយប្រហារនេះមិនទាន់ច្បាស់លាស់នៅឡើយទេ។ លោកបានថ្លែងថា៖ «យើងនឹងយកចិត្តទុកដាក់ខ្លាំងក្លានិងស៊ើបអង្កេតឱ្យបានច្បាស់លាស់អំពីការវាយប្រហារនេះ»។

ពួករដ្ឋឥស្លាម បានលើកទឹកចិត្តអ្វីដែលហៅថា «ការវាយប្រហារដោយមនុស្សតែឯកឯងគ្មានទាក់ទិននឹងនរណា» ក៏ប៉ុន្តែពួកនេះក៏បានអះអាងទាមទារថា ការវាយប្រហារកាលពីពេលមុនៗជាសកម្មភាពរបស់ពួកគេដែរ ទោះណាជាគេជឿថាការវាយប្រហារទាំងនោះមិនត្រូវបានគ្រោងធ្វើដោយពួកនោះក៏ដោយ។

ក្រុង Saint Cloud ឋិតនៅចម្ងាយប្រមាណ១១២គ.ម.ទិសនិរតីនៃក្រុង Minneapolis ដែលជាធានីនៃរដ្ឋ Minnesota៕

ប្រភព៖ VOA


Related Posts