រន្ធត់ ! បុក​ធ្លាយ​របង​ស្ថានីយទូរទស្សន៍ ទ​ទក

រាជធានី​ភ្នំពេញ ៖ របង​ស្ថានីយ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) ត្រូវ​បាន​រថយន្ត​១​គ្រឿង​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ ត្រង់​ចំណុច​របង​ស្ថានីយ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ស្ថិត​តាម​បណ្ដោយ​ផ្លួ​វ​លេខ​២៧៣ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក តា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2D-3840 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​ផ្លួ​វ​ខាងលើ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ តែ​ដោយសារ​ម្ចាស់​រថយន្ត​ស្រវឹង ហើយ​សង្ស័យ​តែ​ងោក​មួយភាំង​ផង​ក៏​មិនដឹង លុះ​មក​ដល់​ចំណុច​កើតហេតុ​ផ្លូវបត់​វាង តែ​រថយន្ត​មិន​បាន​បត់​វាង​ខាងឆ្វេង​ឡើយ គឺ​ទៅ​ត្រង់​ធ្វើ​ឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក​របង​ស្ថានីយ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា បណ្ដាល​ឲ្យ​ធ្លាយ​របង​ម្ខាង​ទៅ​ម្ខាង​ទៀត ដូច​នៅ​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​អ៊ីចឹង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង ហើយ​នៅ​ជាប់​ក្នុង​របង​ខាងលើ​ទៅ​មុខ​លែង​រួច ចំណែកឯ​របង​ខាងលើ​វិញ​គឺ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ យ៉ាងណា​ក៏​ដោយ​គេ​ឃើញ​ម្ចាស់​រថយន្ត​បើកទ្វារ​ចេញពី​ក្នុង​រថយន្ត​បង្ក​ខាងលើ​ទាំង​សភាព​រង​របួសស្រាល​តែ​ប៉ុណ្ណោះ ។

ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​អន្តរាគមន៍ និង​ឃាត់ខ្លួន​បុរស​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ ដើម្បី​ប្រគល់​ឲ្យ​ទៅ​ខាង​សមត្ថកិច្ច​ចរាចរណ៍​របស់​ស្នងការ​រាជធានី​យក​ទៅ​ធ្វើ​កំណត់ហេតុ ចំនែកឯ​រថយន្ត​ក៏​ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕