​ឆ្ងល់! ព្រោះ​ឃើញដោះស្លាកលេខរ៉ឺម៉កមកព្យួរដៃម៉ូតូ​

រាជធានី​ភ្នំពេញ ​៖​ ជន​សង្ស័យ២​នាក់​ ត្រូវ​​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហ​ការជាមួយ​នគរបាល​​ប៉ុស្តិ៍​ទឹកថ្លា​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨​ កញ្ញា ២០១៦ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​រ៉ឺ​ម៉ក់​ម៉ូតូ​លក់​ប្រហិត​នៅ​​ក្នុងសង្កាត់​ស្ទឹង​មាន​ជ័យ ហើយ​មក​សំងំ​ដោះ​ស្លាក​លេខ​​នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ។

ប្រភពឱ្យ​ដឹងថា ជនសង្ស័យ​​ទាំង២នាក់ ​ម្នាក់​​ឈ្មោះ​ម៉ៅ សុ​ជាតិ អាយុ​៣២​ឆ្នាំ​ និងម្នាក់​ទៀត​​ឈ្មោះ​ហួត សិទ្ធ អាយុ​២៦​ឆ្នាំ ​អ្នក​ទាំង​២​នាក់ ​ស្នាក់​នៅ​តាម​ផ្លូវលំ​ក្រុម​៥ ក្នុងភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ ។

តាម​នគរបាល​​ឱ្យ​​ដឹង​ថា  នៅ​ព្រឹក​ថ្ងៃ​ឃាត់ខ្លួន ​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​សែន​​សុខ​ សហ​ការ​​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា កំពុង​​ជិះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកថ្លា ​ក៏​​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ដោះ​ស្លាក​លេខ​ម៉ូតូ​ពី​រ៉ឺ​ម៉ក​អូស​ធុង​លក់​ប្រហិត​​ មក​ដាក់​ពាក់​លើ​ម៉ូតូ​សេ​១២៥​ ពណ៌​ខ្មៅ ​មួយ​គ្រឿង​ ។ ​ដោយ​មានការ​​សង្ស័យ​សមត្ថកិច្ច ​ក៏​បាន​ឃាត់​សួរនាំ ទើប​បែកធ្លាយ​រឿង​លួច​ម៉ូតូ​រឺ​ម៉ក​អូស​លក់​ប្រហិត​នោះ​ មក​ពី​សង្កាត់​ស្ទឹង​មាន​ជ័យ​។

ប្រភព​ពី​​ម្ចាស់​ម៉ូតូ​អូស​រ៉ឺ​ម៉ក​លក់​ប្រហិត​ឈ្មោះ​ហេង រ៉េ​ត ​អាយុ​៣២​ឆ្នាំ​ស្នាក់​នៅ​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ បាន ឱ្យ​​ដឹង​ថា  នៅ​វេលា​យប់​ថ្ងៃ​ទី​១៧ ​កញ្ញា គាត់​បាន​ទុក​រ៉ឺ​ម៉ក​នៅ​មុខ​ផ្ទះ​ជួល​របស់​ខ្លួន ​ស្រាប់តែព្រឹក​ឡើង​ភ្ញាក់ពីដេក​ចោរលួច​បាត់​ក្រោយមក​ទើប​ដឹង​ថា សមត្ថកិច្ច​ឃាត់​ជនសង្ស័យ២​នាក់​នៅ​សង្កាត់​ទឹកថ្លា ។