លោក ហ៊ុន សែន ថា​បើ​លោក​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ដោយ​ការ​គំរាម​បាតុកម្ម គឺ​លោក “ឆ្កែ​សុទ្ធ”

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នៅ​ថ្ងៃ​ទី​១៩ កញ្ញា ថា នឹង​គ្មាន​ការ​ចរចា​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​ជា​ដាច់​ខាត បើ​បក្ស​នេះ​នៅ​តែ​​គំរាម​ធ្វើ​មហា​បាតុកម្ម។

លោក​បញ្ជាក់​ថា បើ​លោក​ព្រម​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​គំរាម​ធ្វើមហា​បាតុកម្ម ដើម្បី​សុំ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នៅ​ពេល​នេះ គឺ​លោក​ឆ្កែ​សុទ្ធ។

លោក ហ៊ុន សែន បន្ត​ថា ការ​ជជែក​ដើម្បី​ដោះស្រាយ​បញ្ហា​នានា គឺ​ធ្វើ​ឡើង​បាន​នៅ​ក្នុង​រដ្ឋសភា ដោយ​មិន​មែន​មក​គំរាម​តថ្លៃ ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ទេ។

បន្ថែម​ពី​នេះ លោក ហ៊ុន សែន ថា លោក​នឹង​ប្រើ​សិទ្ធិ​ការពារ​សន្តិសុខ ដោយ​លោក​និយាយ​ផ្លែផ្កា​ដាក់​អ្នក​ចង់​ធ្វើ​បាតុកម្ម​ថា ឲ្យ​ចេញ​មុខ​មក​ចុះ ហើយ​លោក​នឹង​ប្រើ​សិទ្ធិ​គាំទ្រ​រដ្ឋាភិបាល៖ «អ្នក​ឯង​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម ខ្ញុំ​មាន​សិទ្ធិ​គាំទ្រ​រដ្ឋាភិបាល​ដែរ»។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។