ឡុង សុវណ្ណ​ឌឿ​ន ក្លាយជា​ម្ចាស់​ខ្សែក្រវ៉ាត់ និង​ទឹកប្រាក់​៥​ពាន់​ដុល្លារ​ទាំង​លំបាកលំបិន​ និពន្ធដោយ : សឿន វណ្ណឌេត       September-19-2016, 10:29 am         221

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឡុង សុវណ្ណ​ឌឿ​ន ក្លាយជា​ម្ចាស់​ខ្សែក្រវ៉ាត់ និង​ទឹកប្រាក់​៥​ពាន់​ដុល្លារ​ទាំង​លំបាកលំបិន​​កីឡាករ ឡុង សុវណ្ណ​ឌឿ​ន បាន​ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវ៉ាត់ និង​ទឹកប្រាក់​៥​ពាន់​ដុល្លារ​ប្រចាំ​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​រជ្ជកាល​ទី​៣​ទម្ងន់​៦៩​គីឡូក្រាម​របស់​ភី​អិន​អិន បន្ទាប់ពី​យកឈ្នះ​លើ​កីឡាករ ពេជ្រ សីហា ដោយ​ពិន្ទុ​យ៉ាង​លំបាកលំបិន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​មិញ​។​

​ក្រោយពី​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​៥​ទឹក​ពេញ​ដោយមាន​បន្សល់ទុក​នូវ​ស្នាម​បែក​រៀងៗ​ខ្លួន​កីឡាករ​មកពី​ក្លិប​សាល​វ័​ន្ត​កីឡា ឡុង សុវណ្ណ​ឌឿ​ន ត្រូវបាន​អាជ្ញាកណ្តាល​សម្រេច​ឲ្យ​ឈ្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ ពេជ្រ សីហា ដោយ​ឯកច្ឆន្ទ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​មិញ​។

​ជ័យជម្នះ​នេះ​បាន​នាំ​ឲ្យ​កីឡាករ ឡុង សុវណ្ណ​ឌឿ​ន ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវ៉ាត់​គោ​ជល់​រជ្ជកាល​ទី​៣​រួមជាមួយ​ទឹកប្រាក់​៥​ពាន់​ដុល្លារ​ប្រចាំ​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​របស់​ស្ថានីយទូរទស្សន៍​ភី អិន អិន​។ ចំណែក​កីឡាករ ពេជ្រ សីហា ដែលជា​ជើងឯក​រង​ទទួលបាន​ទឹកប្រាក់​៣,៥០០​ដុល្លារ​ផងដែរ​។​

​ទោះបី​វា​ជាការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​ដ៏​ដោយ ប៉ុន្តែ​កីឡាករ​ទាំងពីរ​ហាក់ដូច​ជា​មិន​មានការ​បន្ធូរដៃ​ឲ្យ​គ្នា​នោះឡើយ​។ គ្រាន់តែ​ស្នូរ​ជួង​ទឹក​ទី​១​បន្លឺឡើង​កីឡាករ​ទាំងពីរ​មិន​បង្អង់​នោះឡើយ ដោយ​ពួកគេ​បានធ្វើ​វាយ​សម្រុក និង​ប្តូរ​កណ្តាប់ដៃ​ដាក់គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​នៅក្នុង​ទឹក​ទី​២​កីឡាករ ឡុង សុវណ្ណ​ឌឿ​ន បាន​បន្សល់​ស្នាម​បែក​នៅលើ​ចិញ្ចើម​ខាងស្តាំ​របស់​កីឡាករ ពេជ្រ សីហា ដោយ​ផ្លែ​កែង​ដ៏​មុត​ស្រួច​របស់គេ​។​

​ទោះបី​ជាមាន​ស្នាម​បែក​នៅលើ​ចិញ្ចើម​ក៏ដោយ​ប៉ុន្តែ​វា​មិន​បានធ្វើ​ឲ្យ សីហា មានការ​ថមថយ​នៃ​ការ​វាយ​សម្រុក​របស់ខ្លួន​នោះឡើយ​។ លើសពីនេះ​នៅក្នុង​ទឹក​ទី​៣ និង​ទី​៤ ធ្វើ​ឲ្យ​រូបគេ​ក្តៅស្លឹកត្រចៀក​ចូល​សម្រុក​ប្តូរ​កណ្តាប់ដៃ​គ្នា​កាន់តែខ្លាំង នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​ប្រមាណ​ជាជាង​១​ពាន់​នាក់​នៅក្នុង​ស្ទូ​ឌី​យ៉ូ​ស្រែក​ហូ​យ៉ាងខ្លាំង ដើម្បី​គាំទ្រ​កីឡាករ​ដែល​ខ្លួន​ពេញចិត្ត​។​

​គ្រាន់តែ​ស្នូរ​ជួង​ទឹក​ចុងក្រោយ​ចាប់ផ្តើម​ភ្លាម​ទាំង ឡុង សុវណ្ណ​ឌឿ​ន ក៏ដូចជា ពេជ្រ សីហា ទោះបីជា​មានការ​ថមថយ​នូវ​កម្លាំង​ក៏ដោយ ប៉ុន្តែ​ការ​វាយ​សម្រុក​និង​ប្តូរ​កណ្តាប់​ដាក់គ្នា​របស់​ពួកគេ​មិនមាន​ការ​ថមថយ​ឡើយ​។ ការប្តូរ​កណ្តាប់ដៃ​នេះ សីហា ក៏បាន​បន្សល់​នូវ​ស្នាម​បែក​នៅ​ចុង​ចិញ្ចើម​ខាងស្តាំ​សម្រាប់ ឡុង សុវណ្ណ​ឌឿ​ន ផងដែរ​។ ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥​បន្លឺឡើង​ដោយ​អាជ្ញាកណ្តាល​សម្រេច​ឲ្យ​កីឡាករ ឡុង សុវណ្ណ​ឌឿ​ន ឈ្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ ពេជ្រ សីហា ជា​ឯកច្ឆន្ទ​៕