ការតវ៉ា​បិទផ្លូវ​របស់​ប្រជាកសិករ​ខេត្តបាត់ដំបង បានបង្ហាញ​ពី​ភាពខ្វះ​ការទទួលខុសត្រូវ​រប​ស់មេ​ដឹកនាំ​

កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ ប្រជាកសិករ​ក្នុងស្រុក​សង្កែ ប្រមាណ​រាប់ពាន់នាក់​បាន​យក​គោយន្ត​និង​ចាក់​ស្រូវ​បិទផ្លូវ​ជាតិ​លេខ​៥​នៅមុខ​សាលាឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់ចុះ​យ៉ាងគំហុក ហើយ​គ្មាន​ទីផ្សារ​សម្រាប់​លក់​ក្នុងតម្លៃ​សមរម្យ​។ នេះ​ជា​លើក​ទី​១​ហើយ​ដែលមាន​ប្រជាកសិករ​កម្ពុជា​បិទផ្លូវ​តវ៉ា​ដើម្បី​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​រឿង​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ហួសហេតុ ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​ការខាតបង់​ដើមទុន​ផលិត ហើយ​ត្រូវ​ជំពាក់​បំណុល​ធនាគារ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​ឈ្មួញកណ្ដាល​រហូត​វ័ណ្ឌក​។

ការបិទផ្លូវ​តវ៉ា​រប​ស់​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​រាប់​ម៉ោង ហើយ​ជាការ​បង្ហាញថា​ប្រជាកសិករ​កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​នៅពេលដែល​តម្លៃ​ស្រូវ ក៏ដូចជា​កសិផល​ផ្សេងៗ​ទៀត​រួមមាន ពោត សណ្ដែក ដំឡូង​មី ស្វាយ ត្រឡាច ល្ពៅ​ជាដើម ពុំមាន​ទីផ្សារ​សម្រាប់​លក់​ក្នុងតម្លៃ​សមរម្យ​។ អ្នកតាមដាន​ស្ថានភាព​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា បាន​លើកឡើងថា ការតវ៉ា​របស់​ប្រជាកសិករ​នៅ​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង បានបង្ហាញ​យ៉ាងច្បាស់​ពី​ភាពខ្វះ​ការទទួលខុសត្រូវ​រប​ស់មេ​ដឹកនាំ​ចំពោះ​ទុក្ខលំបាក​ប្រជាពលរដ្ឋ​ខ្លួន ដែល​ពឹងផ្អែក​ទៅលើ​របរ​កសិក​ម្ម​។ អ្នកជំនាញ​សេដ្ឋកិច្ច​ពី​អង្គការក្រៅរដ្ឋាភិបាល​បាន​វាយតម្លៃថា ការដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន គ្រោង​ចំណាយ​ថវិកា​ជិត​២០​លាន​ដុល្លារ​ដើម្បី​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​តម្លៃ​ស្រូវ​ធ្លាក់ចុះ ប្រហែល​ពុំមាន​ប្រសិទ្ធភាព​ទេ​ព្រោះ​ឈ្មួញ​មួយចំនួន​តែង​ឆ្លៀតឱកាស​បន្ទាប​តម្លៃ​កសិផល​របស់​ប្រជាកសិករ ដើម្បី​ពួកគេ​ទទួលផល​ចំណេញ​បាន​ច្រើន​។

សូមបញ្ជាក់ថា​រយៈពេល​ប្រមាណ​២​សប្ដាហ៍​កន្លងទៅនេះ ប្រជាកសិករ​ក្នុង​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្តបន្ទាយមានជ័យ​ជាដើម បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​នៅពេលដែល​តម្លៃ​ស្រូវ​ក្រអូប​ជា​ស្រូវ​ប្រភេទ​លេខ​១ បាន​ធ្លាក់​ថ្លៃ​ពី​១​គីឡូក្រាម​ជាង​១០០០​រៀល​មក​នៅត្រឹម​៨៥០​រៀល​។ ប្រជាកសិករ​រាប់ពាន់នាក់​ដែល​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៥​មុខ​សាលាឃុំ​កំពង់​ព្រៀង កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា បានលើកឡើង​ពី​គោលបំណង​របស់​ពួកគាត់​ថា គឺ​ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​និង​រដ្ឋាភិបាល ជួយ​ដោះស្រាយ​រឿង​តម្លៃ​ស្រូវ​ចុះថោក ហើយ​គ្មាន​ទីផ្សារ​សម្រាប់​លក់ ស្រប​ពេលដែល​ពួកគាត់​ចាប់ផ្ដើម​ប្រមូល​ផល​។ ទន្ទឹមនឹងនេះ​អ្នកជំនាញ​សេដ្ឋកិច្ច​មួយចំនួន​បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​គួរ​មាន​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការជួយ​ដល់​ប្រជាកសិករ​ដែលជា​អ្នក​ផលិត​ស្រូវ និង​ដាំ​ដំណាំ​ផ្សេងៗ​ដើម្បី​បាន​ប្រាក់ចំណូល​សមរម្យ​ទ្រទ្រង់​ជីវភាព​៕

141a1e25-4d28-4cfe-a985-9fb3a8a4914f 1 239df163-d1d1-4ec5-9716-6f9cd331c31a 816f86fd-cedb-4ceb-8d7b-b72a8bd47858