លោក សម រង្ស៊ី បញ្ជាក់ថា តើ​ពលករ​ធម្មតា​មួយរូប​អាច​ទិញ​ផ្ទះ​ខ្លួនឯង​បានទេ បើ​ប្រាក់ខែ​តិច ហើយ​ការប្រាក់​ខ្ពស់​ដូច​សព្វថ្ងៃ​?

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានលើកឡើង​ថា​តើ​ពលករ​ធម្មតា​មួយរូប​អាច​ទិញ​ផ្ទះ​ខ្លួនឯង​បានទេ បើ​ប្រាក់ខែ​តិច ហើយ​ការប្រាក់​ខ្ពស់​ដូច​សព្វថ្ងៃ​? ចំពោះមុខ​បញ្ហា​នេះ លោក សម រង្ស៊ី បាន​រំលឹក​ពី​ទុក្ខលំបាក និង​ការរៀបរាប់​របស់​យុវជន​ខ្មែរ​ម្នាក់​មក​បង្ហាញថា​យុវជន​ខ្មែរ​រូបនោះ​ចង់​ទិញ​ផ្ទះមួយ​តម្លៃ ៣២០០០​ដុល្លារ ការប្រាក់ ១ % ក្នុង​មួយខែ បង់​១៧ ឆ្នាំ គិត​ទៅ​ឃើញ​ទាំង​ការ​ទាំង​ដើម ៧៥០០០ ដុល្លារ​ជាង​។ ទៅ​មិន​រួច​ទេ ប្រាក់ខែ​បានតែ ២០០ ដុល្លារ មាន​ប្រពន្ធ​កូន មិនដឹង​ជា​រដ្ឋ​គិត​យ៉ាងម៉េច​ទេ​? រៀបការ​៥ ឆ្នាំ​ហើយ គ្មាន​ផ្ទះ​គ្មាន​ដី រស់​នៅតែ​ផ្ទះជួល​បានតែ​មួយ​រស់​។ តើ​យុវជន​ដូច​ខ្ញុំ​មាន​ប៉ុន្មាន​នាក់​? រៀន​ចប់ ចប់​ដូច​រៀន ព្រោះ​អ្នកមាន មានការ​ងារ​មិន​ចុះ មានមុខ​តំណែង​រហូត​ដល់​ចូល​ម្ឈូស​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី បាន​ពន្យល់ថា ដូច​លោក​បានលើកឡើង​ហើយ​ថ្មីៗ​នេះ ការប្រាក់​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ មាន​កម្រិត​ខ្ពស់​ហួសហេតុ ដោយសារតែ​រដ្ឋាភិបាល បណ្តោយ​ឲ្យ​ធនាគារ និង​អ្នក​ចងការ​ប្រាក់ ច្របាច់ក​ប្រជាពលរដ្ឋ​ក្រីក្រ ។ នាពេល​បច្ចុប្បន្ន ការប្រាក់​នៅ​កម្ពុជា មិនត្រូវ​លើសពី ៧ ទៅ ៨ ភាគរយ​ក្នុង​មួយឆ្នាំ​ទេ​តែ​សព្វថ្ងៃ​វា​ឡើង​ពី ១០ ទៅ ៤០ ភាគរយ​ក្នុង​មួយឆ្នាំ ឬ​បើ​គិត​ជា​ខែ វា​ស្ថិតនៅក្នុង​ចន្លោះ​ពី ១ ទៅ ៣ ភាគរយ​ក្នុង​មួយខែ​។ នៅ​ប្រទេស​ជឿនលឿន ដូចជា​ប្រទេស​បារាំង អត្រា​ការប្រាក់​បច្ចុប្បន្ន​សម្រាប់​បំណុល​ក្នុង​រយៈពេល​ពី​១​ឆ្នាំទៅ​២០​ឆ្នាំ មាន​កម្រិត​យ៉ាងច្រើន​ត្រឹមតែ ២ ភាគរយ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​

ក្នុងករណី​យុវជន​ខាងលើ ដែល​មិនអាច​ទិញ​ផ្ទះ​ខ្លួនឯងបាន​នៅពេលនេះ ត្រូវបាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពន្យល់ថា នៅ​ប្រទេស​កម្ពុជា ដោយសារ​ការប្រាក់​ខ្ពស់​ពេក ស្ថានការណ៍​នឹង​ប្រែប្រួល​បានល្អ​វិញ គឺអាច​ទិញ​ផ្ទះ​ខ្លួនឯងបាន បើ​ការប្រាក់​ធ្លាក់​មកដល់​កម្រិត​ត្រឹមតែ ២ ភាគរយ ដូច​នៅ​ប្រទេស​បារាំង (​សូម​មើល​តារាង​ដែលមាន​ភ្ជាប់​មកជា​មួយ​ខាងក្រោម​នេះ​)​។ ក្នុងការ​ប្រៀបធៀប​នេះ លោក សម រង្ស៊ី បាន​បញ្ជាក់ថា និយាយ​តែ​ពី​អត្រា​ការប្រាក់​ទេ លោក​មិន​និយាយ​ពី​ប្រាក់ខែ​ទេ ដែល​នៅ​ប្រទេស​បារាំង​មាន​កម្រិត​ខ្ពស់ជាង​១០​ដង​យ៉ាងតិច ប្រៀបធៀប​ទៅនឹង​ប្រាក់ខែ​នៅ​ប្រទេស​កម្ពុជា​។ ដើម្បី​សម្រេច​គោលដៅ​ឲ្យ​យុវជន អាច​ទិញ​ផ្ទះ​ខ្លួនឯងបាន​រៀងៗ​ខ្លួន​នៅ​ប្រទេស​កម្ពុជា ទាល់តែ​ប្តូរ​នយោបាយ​សេដ្ឋកិច្ច​ទាំងស្រុង គឺ​ប្តូរ​អ្នកដឹកនាំ​ប្រទេស​តែម្តង​៕

14316862_1197921240264607_3690433234492420117_n 14355529_1197922296931168_6897529454465340408_n 14369921_1197929070263824_4940498699476261639_n