រឿង​មន្ត្រី​អាជ្ញាធរ​ស្រុក​ពេ​ជ្រា​ដា ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ស្រោង​របស់​រដ្ឋ​ធ្វើ​ឲ្យ​ជនជាតិដើម​ភាគតិច​ព្នង​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​

រហូតមកដល់​ពេលនេះ​ករណី​អ្នកមាន​លុយ អ្នកមានអំណាច ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់ ជាពិសេស​នៅ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និង​កំពង់ធំ​ជាដើម​។ ជាក់ស្ដែង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​មន្ត្រី​បម្រើ​ការងារ​នៅ​សាលាស្រុក​ពេ​ជ្រា​ដា ម្នាក់​ដែល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ស្រោង​របស់​រដ្ឋ​យ៉ាង​ក្រអឺតក្រទម​។ មន្ត្រី​សាលាស្រុក​ពេ​ជ្រា​ដា រូបនោះ​ត្រូវបាន​ជនជាតិដើម​ភាគតិច​ព្នង​រកឃើញថា កំពុង​ជួល​កម្មករ​ប្រដាប់​ដោយ​ម៉ាស៊ីន​អារឈើ​និង​គ្រឿងចក្រ​អារ​រំលំ​ឈូសឆាយ​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​។

ជនជាតិដើម​ភាគតិច​ព្នង​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ចាត់វិធានការ​ស៊ើបអង្កេត​ករណី​មន្ត្រី​សាលាស្រុក​ឈ្មោះ អៀង សៀវ​អន ដែលជា​អ្នក​ជួល​កម្មករ​និង​ផ្ដល់​ម៉ាស៊ីន​កាត់ឈើ​ឲ្យ​កម្មករ​អារ​រំលំ​ដើមឈើ​យ៉ាង​មហន្តរាយ​។ អ្វីដែល​ធ្វើ​ឲ្យ​ជនជាតិដើម​ភាគតិច​ព្នង​ព្រួយបារម្ភ​នោះ គឺ​ឈ្មោះ អៀង សៀវ​អន បាន​បញ្ជាក់ថា​ខ្លួន​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​លើដី​ព្រៃស្រោង​របស់​រដ្ឋ​ទំហំ​៣​ហិកតា ហើយ​បច្ចុប្បន្ន​ព្រៃស្រោង​ប្រមាណ​១​ហិកតា​ត្រូវបាន​ទន្ទ្រាន​កាន់កាប់​រួចជាស្រេច​។ សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ឃុំ​ប៊ូ​ស្រា ក៏បាន​រិះគន់​ផងដែរ​ទៅលើ​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តមណ្ឌលគិរី ដែល​បានចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដែលជា​ព្រៃស្រោង​របស់​រដ្ឋ ទៅ​ឲ្យ​ឯកជន​កាន់កាប់​ដោយ​ខ្វះ​ការពិចារណា​។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​អំពាវនាវ​ឲ្យ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ ក៏ដូចជា​សកម្មភាព​ទ​ន្ទ្រា​ន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​តាម​អំពើ​ចិត្ត​ទៀត​។ ក្នុងនោះ​ករណី​មន្ត្រី​សាលាស្រុក​ពេ​ជ្រា​ដា ឈ្មោះ អៀង សៀវ​អន ជួល​កម្មករ​និង​ផ្ដល់​ម៉ាស៊ីន​កាត់ឈើ​ឲ្យ​កម្មករ​អារ​រំលំ​ដើមឈើ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ស្រោង​នៅក្នុង​ភូមិ​ពូ​លុ គឺជា​រឿង​ដែល​អាជ្ញាធរ​ខេត្តមណ្ឌលគិរី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ជនជាតិដើម​ភាគតិច​ព្នង​នៅ​ភូមិ​ពូ​លុ ក៏បាន​អះអាង​ផងដែរ​ពី​ការរៀបចំ​បណ្ដឹង​ដាក់​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ និង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​៕

497

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី 

6e9cfd9c-806f-48c4-8802-582e67431d8b