អាជីវកម្ម​បក​ខ្សាច់​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​

អាជីវកម្ម​បក​ខ្សាច់​នៅ​ឃុំ​អូរសណ្ដាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ផលប៉ះពាល់​ហើយ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ម្ចាស់​អាជីវកម្ម​បក​ខ្សាច់​ត្រៀម​ប្រើប្រាស់​រថយន្ត​បែន​ធំៗ​ចូល​ដឹក​ខ្សាច់​និង​បើកបរ​ក្នុង​ល្បឿន​លឿនៗ​អាច​ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។ លើស​នេះ​ទៅទៀត​អាជីវកម្ម​បក​ដី​បូម​ខ្សាច់​ឬ​ហៅថា​អាជីវកម្ម​ខ្សាច់​បក​នៅ​ឃុំ​អូរសណ្ដាន់ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​បុរាណ​និង​ដីស្រែ​ប្រជាពលរដ្ឋ​នៅក្បែរ​អាជីវកម្ម​បូម​ខ្សាច់​នោះ​។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​តា​ប្រុក ឃុំ​អូរសណ្ដាន់ ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា​មួយ​រយៈពេល​កន្លងទៅនេះ​ក្រុមហ៊ុន​ចាប់ផ្ដើម​ធ្វើ​ផ្លូវ​ត្រៀម​បើករថយន្ត​ធំៗ​ចេញចូល​ដឹក​ខ្សាច់​និង​ខួង​រណ្ដៅ​ជាច្រើន​កន្លែង​ដើម្បី​រកមើល​ខ្សាច់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។ ការដែល​ក្រុមហ៊ុន​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បែបនេះ គឺមាន​ការឃុបឃិត​ពី​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តពោធិ៍សាត់​ជាមិនខាន ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល គួរពិនិត្យមើល​ជាបន្ទាន់​បំផុត​។ សេចក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន គឺ​សកម្មភាព​បក​ខ្សាច់​និង​ដឹកជញ្ជូន​ខ្សាច់​អាចធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​បុរាណ និង​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅក្បែរ​ទីតាំង​អាជីវកម្ម​ខ្សាច់​បក​។ ហេតុនេះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ គួរពិនិត្យមើល​និង​ចាត់វិធានការ​ដោះស្រាយ​សេចក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ភូមិ​អូរ​តា​ប្រុក ឃុំ​សណ្ដាន់ ស្រុក​ក្រគរ ជាបន្ទាន់​។

​ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៃ​ឃុំ​អូរសណ្ដាន់ បាន​ឲ្យ​ដឹងថា ជាច្រើន​ខែ​មកហើយ​ដែល​ក្រុមហ៊ុន​សាងសង់​រោងស្នាក់នៅ​និង​ដាក់​គ្រឿងចក្រ​រៀបចំ​ផ្លូវ ក៏ដូចជា​ទីតាំង​សម្រាប់​ស្តុក​ខ្សាច់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់​បក​ក្នុង​ឃុំ​អូរសណ្ដាន់ គឺជា​ជនជាតិ​យួន ហើយ​អាច​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក សេង ប៊ុន​ថុល ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តពោធិ៍សាត់ ទើប​អ្វីៗ​កំពុងដំណើរការ​យ៉ាង​រលូន​។ តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​តា​ប្រុក បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​គេ​គ្រោង​ធ្វើ​អាជីវ​កម្មបក​ខ្សាច់​នោះ មាន​ទំហំ​ប្រមាណ​២០​ហិកតា ហើយ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ចៀស​មិន​ផុត​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្តពោធិ៍សាត់ ក៏ដូចជា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ពិនិត្យឡើងវិញ​ទៅលើ​អាជីវកម្ម​បក​ខ្សាច់​នេះ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​បុរាណ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។

20131227_cnpa_2499

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

34cf7c4a-da1a-4339-bd3d-2f6d728daa58ផ្លូវចូលទៅកន្លែងត្រៀបធ្វើអាជីវកម្មខ្សាច់បក ភូមិអូរតាប្រុក