លោក កឹម សុខា បញ្ជាក់ថា បញ្ហា​សិទ្ធិមនុស្ស ជា​បញ្ហា​សកល​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ថ្មីៗ​នេះ បាន​បញ្ជាក់ថា​បញ្ហា​សិទ្ធិមនុស្ស ជា​បញ្ហា​សកល មិនមែនជា​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ទេ​។ ហេតុដូច្នេះ​ហើយ​បានជា​អង្គការសហប្រជាជាតិ ប្រទេស​មហាអំណាច និង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង និង​តាមដាន​អំពី​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស និង​អំពើ​អ​យុត្ដិធម៌​នៅ​កម្ពុជា​បច្ចុប្បន្ននេះ​។​

លោក កឹម សុខា បាន​ពន្យល់ថា ពិភពលោក​បានដឹង​ច្បាស់​ថា​បញ្ហា ដែល​កំពុង​កើត​មាននៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ននេះ​គឺ​មិនមែនជា​រឿង​បុគ្គល ឬ រឿង​អនុវត្តន៍​ច្បាប់​ត្រឹមត្រូវ​នោះទេ​។ លើសពីនេះទៅទៀត​សហគមន៍​អន្ដរជាតិ រួមទាំង​អង្គការសហប្រជាជាតិ​ផង​បានបង្ហាញ​យ៉ាងច្បាស់​ថា ពួកគេ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួយ​ដល់​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​ទប់ស្កាត់​នូវ​ការរំលោភ​សិទ្ធិមនុស្ស និង​អ​យុត្ដិធម៌​សង្គម​បច្ចុប្បន្ននេះ ដោយ​ប្រើប្រាស់​មធ្យោបាយ​អន្ដរជាតិ ដែលជា​កាតព្វកិច្ច​រប​ស់​ពួកគេ​ផងដែរ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា សហគមន៍​អន្ដរជាតិ តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធានា​នូវ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​អន្ដរជាតិ​សំខាន់ៗ​ដូច​ដូច​ជាៈទី​១-​លិខិត​តូប​ករ​ណ៍​អន្ដរជាតិ​ស្ដីពី​សិទ្ធិមនុស្ស ដែល​កម្ពុជា​បានផ្ដល់​សច្ចាប័ន​។ ទី​២-​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​ទី​៣-​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា មិនអាច​ចោទ​សហគមន៍​អន្ដរជាតិ​ថា លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឡើយ​។​

ចំពោះមុខ​ស្ថានភាព​នយោបាយ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ននេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​ក៏បាន​បញ្ជាក់ដែរថា បើ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ព្រម​កែខ្លួន​ដោយ​ឈប់​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សជំទាស់ និង​អង្គការ​សង្គម​ស៊ីវិល នោះ​ម្ចាស់ជំនួយ​អន្តរជាតិ​នឹងដាក់​គំនាប​លើ​រដ្ឋាភិបាល តាម​នីតិវិធី​ជា​បន្តបន្ទាប់ ពិសេស​ទណ្ឌកម្មសេដ្ឋកិច្ច ហើយ​អ្នករងគ្រោះ​ពិតប្រាកដ​និង​មុនគេ គឺ​ពលរដ្ឋ​ក្រីក្រ​ដែលមាន​ប្រាក់ចំណូល​ទាប ខណៈ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល និង​បក្ខពួក​របស់​ពួកគេ​គ្មាន​ផលប៉ះពាល់​ឡើយ ព្រោះ​ពួកគេ​មាន​ប្រាក់​សល់​រហូតដល់​រាប់សិប​លាន​ដុល្លារ​ក៏មានដែរ​៕

14358646_1465370810146880_3212175951581002539_n