៥​ចំណុច​ក្នុង​ការ​ស្វែងរក ​ជួល​អចលនទ្រព្យ​ សម​ដូច​បំណង

៥​ចំណុច​ក្នុង​ការ​ស្វែងរក ​ជួល​អចលនទ្រព្យ​ សម​ដូច​បំណង

ដោយចរាចរណ៍នៅក្នុងទីក្រុងមមាញឹក ការធ្វើដំណើរពីផ្ទះទៅការិយាល័យ គឺជារឿងដែលនឿយហត់ និងចំណាយពេលយូរ។ មនុស្សភាគច្រើនបានចាប់ផ្តើមរកកន្លែងរស់នៅណាដែលជិតកន្លែងធ្វើការ ប៉ុន្តែបើសិនជាឱ្យទិញដោយខ្លួនឯង ក៏មានលុយដុំមិនគ្រប់គ្រាន់ ។ ការរស់នៅត្រឹមតែរយៈពេលខ្លី គួរតែស្វែងរកបន្ទប់ជួលប្រចាំខែវិញល្អជាង ។

ក្រៅពីមានការប្រែប្រួលច្រើនហើយ នៅពេលផ្លាស់ប្តូរការងារ ឬត្រូវរើទីកន្លែងទៅកន្លែងផ្សេង គឺអាចផ្លាស់ប្តូរបានភ្លាមៗ មិនបាច់រង់ចាំការលក់ផ្ទះ។ ប៉ុន្តែមនុស្សជាច្រើននៅមិនទាន់ដឹងថា ប្រសិនបើស្វែងរកបន្ទប់ជួល ឬផ្ទះជួល គួរចាប់ផ្តើមពីត្រង់ណាមុនល្អ ។ ថ្ងៃនេះ យើងបានប្រមូលផ្តុំនូវ៥ចំណុចដើម្បីស្វែងរកជួលអចលនទ្រព្យ ដូចជា ៖

១-ពិនិត្យមើលការទូទាត់ក្នុងដៃ ៖ កុំឱ្យថ្លៃឈ្នួលលើសពី៣០%នៃប្រាក់ចំណូល របស់អ្នកព្រោះកុំភ្លេចថា អ្នកនៅមានការ ចំណាយផ្សេងៗដែលមិនទាន់បានរួមបញ្ចូល ដូចជា ថ្លៃទឹក ភ្លើង ចំណតយានយន្ត អុីនធើរណេត និងសេវាបោកអ៊ុតជាដើម ។ ករណីខ្លះបន្ទប់ជួលនោះ គ្មានគ្រឿងសង្ហារិម អ្នកជួលត្រូវស្វែងរកគ្រឿងសង្ហារិម ឬគ្រឿងតុងតែងដោយខ្លួនឯង ។ ក្រៅពីនេះ មុននឹងចូលស្នាក់នៅខែដំបូង ម្ចាស់ផ្ទះជួល នឹងយកលុយកក់មុនប្រមាណ១-២ខែទៀត (ស្រេចលើការព្រមព្រៀង) ។ ដូច្នេះ អ្នកត្រូវមានលុយខ្លះសម្រាប់ចំណាយលើថ្លៃឈ្នួលក្នុងខែដំបូង ។

២-ភាពចាំបាច់ និងតម្រូវការ ៖ ស្វែងរកតម្រូវការក្រៅពីចំនួនបន្ទប់គេង និងចំនួនបន្ទប់ទឹកថា អ្នកនៅត្រូវការអ្វីខ្លះទៀតដូចជា ប្រសិនបើអ្នកចូលចិត្តធ្វើម្ហូប ឬមិនញ៉ាំអាហារខាងក្រៅផ្ទះ គឺត្រូវមានផ្ទះបាយ ឬកន្លែងសម្រាប់ធ្វើម្ហូបអាហារ ។ បើអ្នកជាមនុស្សចូលចិត្តសួនបៃតង គឺត្រូវមានសួនតូចៗ ឬកន្លែងដាំដើមឈើ ។ ប៉ុន្តែពេលខ្លះ បើអ្នកចង់បានសួនបៃតង គឺអ្នកនឹងបានផ្ទះ ឬបន្ទប់ដែលតូចជាង ឬបើសិនជាបន្ទប់នោះមានទំហំប៉ុនគ្នា ក៏មានតម្លៃឈ្នួលខ្ពស់ជាងដែរ ។ ទាំងនេះអ្នកគួរពិចារណាដល់ភាពចាំបាច់ និងតម្រូវការព្រមគ្នា ដើម្បីចៀសវាងការចាយវាយច្រើនជាងនេះ ។

៣-ការធ្វើដំណើរ ៖ គូរផែនទីធ្វើដំណើរប្រមាណមើលក្នុងថ្ងៃនីមួយៗថា ក្នុង១ថ្ងៃអ្នកត្រូវការធ្វើដំណើរបែបណាខ្លះ ? ប្រើរថយន្តផ្ទាល់ខ្លួន ឬមធ្យោបាយផ្សេងៗ ។ អ្នកអាចរកកន្លែងរស់នៅណាដែលសន្សំសំចៃក្នុងការធ្វើដំណើរ និងសន្សំសំចៃពេលវេលាឱ្យបានច្រើនបំផុត ។

ក្រៅពីនេះ មានចំណុចមួយដែលមនុស្សជាច្រើនភ្លេចគិតដល់ គឺកម្មវិធីថ្ងៃចុងសប្តាហ៍ ព្រោះអ្នកខ្លះគិតត្រឹមតែកិច្ចការប្រចាំថ្ងៃប៉ុណ្ណោះ និងភ្លេចគិតដល់កិច្ចការដែលធ្វើក្នុងថ្ងៃឈប់សម្រាកដូចជា អ្នកចូលចិត្តដើរទិញអីវ៉ាន់ គឺត្រូវរកផ្ទះជួលដែលនៅជិតហាងទំនិញគ្រប់មុខ ។ អ្នកចូលចិត្តហាត់ប្រាណ លេងកីឡា ក៏ត្រូវរកផ្ទះជួលដែលមានទីកន្លែងណាមួយ ឬសួនសាធារណៈសម្រាប់រត់ ឬហាត់ប្រាណ ។ ម្យ៉ាងទៀត អ្នកអាចសង្កេតមើលតំបន់នោះមានអ្វីបង្កលក្ខណៈងាយស្រួលខ្លះដូចជា ហាងអាហារ ឬហាងកាហ្វេជាដើម ។សិក្សាអំពីសុវត្ថិភាព និងបរិវេណជុំវិញថា មានសុវត្ថិភាពគ្រប់គ្រាន់ឬអត់ ។ អ្នកអាចរកព័ត៌មានតាមអុីនធើរណេត ឬសាកសួរអ្នករស់នៅម្តុំនោះ ។

៤-ជ្រើសរើសប្រភេទអចលនទ្រព្យ (ខុនដូ/អាផាតមិន/ផ្ទះដាច់តែឯង/Townhouse) ៖ ចំណុចសំខាន់មួយទៀត គឺគួរជ្រើសរើសលក្ខណៈបែបណាក្នុងចំណោមខុនដូ អាផាតមិន ឬផ្ទះ ? មនុស្សជាច្រើនអាចមានចម្លើយតបរួចហើយថា ជ្រើសរើសអ្វី ។ វាអាស្រ័យលើចំនួនអ្នករស់នៅ និងភាពចាំបាច់នៃទីកន្លែងនោះ ។ ខាងក្រោមនេះ គឺប្រភេទអចលនទ្រព្យដូចជា ៖

*ខុនដូ/អាផាតមិន ៖ ជាជម្រើសដែលពេញនិយមបំផុតសម្រាប់មនុស្សភាគច្រើន ។ វាស្ថិតនៅក្នុងក្រុង និងមានទីតាំងល្អ ងាយស្រួលដល់ការធ្វើដំណើរ ។ លើសពីនេះទៀត ក៏មានអ្នកមើលថែទាំផងដែរ ។ ប៉ុន្តែអ្នកត្រូវរស់នៅក្បែរមនុស្សផ្សេងទៀត ដែលអ្នកអាចមានអារម្មណ៍ថា គ្មានលក្ខណៈផ្ទាល់ខ្លួន និងបញ្ហាភាគច្រើនដែលជួបប្រទះ គឺបញ្ហាចំណតរថយន្តមិនគ្រប់គ្រាន់ ។

*ផ្ទះដាច់តែឯង ៖ មិនជាទីពេញនិយមសម្រាប់អ្នកជួលប៉ុន្មានទេ ក្រៅពីវាមានថ្លៃឈ្នួលខ្ពស់ ថែមទាំងពិបាកស្វែងរកក្នុងក្រុងទៀតផង ហើយតំបន់ដែលធំទូលាយអាចធ្វើឱ្យអ្នកត្រូវចំណាយផ្សេងៗក្នុងការថែទាំច្រើន ។ ប៉ុន្តែវាសមស្របសម្រាប់ក្រុមគ្រួសារមានក្មេងតូចៗ ឬមានសត្វចិញ្ចឹម ។

*Townhouse ៖ ជាទីពេញនិយមសម្រាប់ជាយក្រុង និងមានភាពផ្ទាល់ខ្លួនច្រើនជាងខុនដូ ឬបន្ទប់ជួល ។ វាសមស្របសម្រាប់អ្នករស់នៅ២-៣នាក់ ។ បច្ចុប្បន្ន Townhouse ស្ថិតក្នុងក្រុង គឺពិបាកក្នុងការស្វែងរក ឬបើសិនជាមាន ក៏វាមានតម្លៃថ្លៃដែរ ។

៥-ត្រៀមឯកសារ និងពិចារណាលើកិច្ចសន្យាជួល ៖ នៅពេលអ្នកស្វែងរកផ្ទះជួលពេញចិត្តហើយ ចំណុចចុងក្រោយមុននឹងចូលរស់នៅ គឺការត្រៀមឯកសារ និងណាត់ជួបជាមួយម្ចាស់ផ្ទះជួលដើម្បីចុះហត្ថលេខាលើកិច្ចសន្យា ។

ជាទូទៅ ម្ចាស់ផ្ទះជួលតែងតែសុំអត្តសញ្ញាណប័ណ្ណថតចម្លងរបស់អ្នកទុក បន្ទាប់មកទើបចុះហត្ថលេខាលើកិច្ចសន្យាចំនួន២ច្បាប់ គឺសម្រាប់អ្នកជួលទុក១ច្បាប់ និងម្ចាស់ផ្ទះជួលទុក១ច្បាប់ ។ ចំណុចសំខាន់ គឺអ្នកត្រូវអានឱ្យលម្អិត និងផ្ចត់ផ្ចង់ ។ អ្នកខ្លះគ្រាន់តែចុះហត្ថលេខាតែប៉ុណ្ណោះ ដោយពួកគេមិនបានអានឱ្យគ្រប់ជ្រុងជ្រោយនោះទេ ។ ចំណុចសំខាន់ដែលអ្នកជួលគួរចាប់អារម្មណ៍ គឺរយៈពេលជួលថា តើការជួលយូរប៉ុនណា ហើយកិច្ចសន្យានឹងបញ្ចប់នៅពេលណា ។ ចំណែកថ្លៃចំណាយផ្សេងៗ និងថ្លៃពិន័យ អ្នកត្រូវពិនិត្យមើលថា ម្ចាស់ផ្ទះជួលមានច្បាប់អ្វីខ្លះ ដើម្បីចៀសវាងការចំណាយដូចខាងលើនេះ ។

សត្វចិញ្ចឹមក្នុងផ្ទះ ត្រូវមានការយល់ព្រមគ្នាជាមុនថា អ្នកអាចយកសត្វចិញ្ចឹមចូលមកក្នុងផ្ទះជួលបានឬអត់ ព្រោះម្ចាស់ផ្ទះខ្លះនឹងមិនអនុញ្ញាតឱ្យអ្នកជួលយកសត្វចិញ្ចឹមចូលមកនោះទេ ។ លើសពីនេះទៀត អ្នកត្រូវពិនិត្យមើលការទូទាត់ប្រាក់ថា តើការទូទាត់នេះនឹងធ្វើឡើងតាមវិធីណា ហើយថ្ងៃទីប៉ុន្មានជាថ្ងៃដល់កំណត់ត្រូវបង់ ។ វាជារឿងសំខាន់ដែលអ្នកត្រូវប្រុងប្រយ័ត្ន ព្រោះជួនកាលមានថ្លៃពិន័យក្នុងករណីបង់ថ្លៃឈ្នួលយឺតយ៉ាវ ។

ការបន្តកិច្ចសន្យា បើសិនជាអ្នកនៅតែពេញចិត្តនឹងផ្ទះជួលនេះ និងត្រូវការបន្តកិច្ចសន្យាទៀតនោះ កុំភ្លេចផ្តល់ដំណឹងដល់ម្ចាស់ផ្ទះជួលឱ្យបានមុន២-៣ខែ ដើម្បីការពារមិនឱ្យម្ចាស់ផ្ទះ ជួលទៅឱ្យអ្នកផ្សេងទៀត ព្រោះភាគច្រើនពេលជិតដល់ថ្ងៃចប់កុងត្រា ម្ចាស់ផ្ទះជួលតែងប្រញាប់ស្វែងរកអ្នកជួលថ្មីភ្លាមៗ ខណៈដែលអ្នកជួលចាស់ចប់កុងត្រា ដើម្បីមិនឱ្យបាត់បង់ឱកាសនៅពេលផ្ទះទំនេរ ៕

ប្រភព ៖ everyday

  • ៥​ចំណុច​ក្នុង​ការ​ស្វែងរក ​ជួល​អចលនទ្រព្យ​ សម​ដូច​បំណង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:ចំនេះដឹង
Tags: