ការ​រឹបអូស​ទ្រព្យសម្បត្តិ​អតីតមេដឹកនាំប៉ា​គី​ស្ថាន លោក ពែរ​វ៉េ​ស មូ​សា​រ៉ា​ហ្វ គឺជា​មេរៀន​សម្រាប់​មេដឹកនាំ​ពុករលួយ​

​ក្រោយពេល​លោក ពែរ​វ៉េ​ស មូ​សា​រ៉ា​ហ្វ អតីត​មេដឹកនាំ​យោធា​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ត្រូវ​ធ្លាក់​ពី​អំណាច​គឺ​កំពុង​ប្រឈម​នឹង​រឿងក្ដី​ធំៗ​នៅក្នុង​តុលាការ​ជាច្រើន​ករណី ជាពិសេស​ទាក់ទង​ទៅនឹង​រឿងអាស្រូវ​ផ្ដាច់ការ​ពុករលួយ​។ ថ្មីៗ​នេះ​តុលាការ​មួយ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ដែល​វិនិច្ឆ័យ​រឿងក្ដី​អតីត​មេដឹកនាំ​យោធា​លោក ពែរ​វ៉េ​ស មូ​សា​រ៉ា​ហ្វ ជុំវិញ​ការ​ឆ្មក់​វាយប្រហារ​បង្ហូរឈាម​ទៅលើ​វិហារ​ក្រហម​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាត កាលពីពេល​កន្លងមក​នោះបាន​សម្រេច​ចេញ​បទបញ្ជា​មួយ​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​អតីត​មេដឹកនាំ​រូបនេះ​។ ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​មួយចំនួន​បាន​ចុះផ្សាយ​ព័ត៌មាន​នេះ​ដូចជា​ទីភ្នាក់ងារ​ព័ត៌មាន​AFP ដែល​ធ្វើ​ឲ្យ​អន្តរជាតិ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹងថា ក្នុងពេល​កាន់អំណាច​លោក ពែរ​វ៉េ​ស មូ​សា​រ៉ា​ហ្វ បាន​ប្រព្រឹត្ត​កំហុស​ជាច្រើន ជាពិសេស​ទាក់ទង​ទៅនឹង​បទឧក្រិដ្ឋ ក៏ដូចជា​អំពើពុករលួយ ហេតុនេះហើយ​ទើប​លោក​ត្រូវ​ប្រឈមមុខ​នឹង​តុលាការ​ពេល​ត្រូវ​បាត់បង់​អំណាច​។ ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹង​ទៀតថា​លោក ពែរ​វ៉េ​ស មូ​សា​រ៉ា​ហ្វ ដែល​ចេញពី​ប្រទេស​ប៉ា​គី​ស្ថាន ទៅ​ទីក្រុង​ឌូ​បៃ កាលពី​ខែ​មិនា ឆ្នាំ​២០១៦ ក្រោម​ហេតុផល​ទៅ​ព្យាបាល​ជំងឺ​ជាបន្ទាន់​នោះ កំពុង​ប្រឈម​នឹង​រឿងក្ដី​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​អំណាច​របស់លោក​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៨​។ បញ្ហា​របស់លោក ពែរ​វ៉េ​ស មូ​សា​រ៉ា​ហ្វ អាចជា​មេរៀន​មួយ​សម្រាប់​មេដឹកនាំ​ដែល​ប្រព្រឹត្ត​អំពើអាក្រក់ ជាពិសេស​បទឧក្រិដ្ឋ​និង​អំពើពុករលួយ​នៅពេល​កាន់អំណាច ព្រោះ​អាច​ប្រឈម​នឹង​ការជាប់​ទោស​នៅពេល​អស់អំណាច​។

តាម​ប្រភពពី​ទីភ្នាក់ងារ​ព័ត៌មាន​AFP បាន​ឲ្យ​ដឹងថា តុលាការ​ជាន់​ទាប​មួយ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន បានចេញ​បញ្ជា​ឲ្យ​រឹបអូស​ទ្រព្យសម្បត្តិ​អតីត​មេដឹកនាំ​យោធា​លោក ពែរ​វ៉េ​ស មូ​សា​រ៉ា​ហ្វ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ជុំវិញ​ករណី​សម្លាប់​បុព្វ​មូស្លីម​ម្នាក់ និង​ការសម្លាប់​មនុស្ស​ជាង​១០០​នាក់​ទៀត​អំឡុងពេល​កងទ័ព​ប៉ា​គី​ស្ថាន​សម្រុកចូល​វិហារ​ក្រហម​កាលពី​ឆ្នាំ​២០០៧​។ លោក ពែរ​វ៉េ​ស មូ​សា​រ៉ា​ហ្វ បាន​លាលែង​ពី​តំណែង​កាលពី​ឆ្នាំ​២០០៨ ដើម្បី​គេចចេញ​ពី​ការចោទប្រកាន់​របស់​តុលាការ​ក្នុងប្រទេស ហើយ​បានរស់នៅ​និរទេស​ខ្លួន​នៅឯ​បរទេស​។ កន្លងមក​លោក ពែរ​វ៉េ​ស មូ​សា​រ៉ា​ហ្វ ធ្លាប់​មានបំណង​វិល​ត្រឡប់មក​ប្រទេស​ប៉ា​គី​ស្ថាន​វិញ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ប៉ុន្តែ​ត្រូវបាន​ហាមឃាត់​ហើយ​បច្ចុប្បន្ន​អតីត​មេដឹកនាំ​ប៉ា​គី​ស្ថាន​រូបនេះ កំពុង​ប្រឈមមុខ​សំណុំរឿង​ជាច្រើន​ករណី​នៅក្នុង​តុលាការ​៕

2016-02-11t183419z_1_lynxnpec1a150_rtroptp_3_dubai

លោក ពែរ​វ៉េ​ស មូ​សា​រ៉ា​ហ្វ អតីត​មេដឹកនាំ​យោធា​នៃ​ប្រទេស​ប៉ា​គី​ស្ថាន