បំផ្ទុះ​គ្រាប់​នៅ New York បំភ័យ​មេដឹកនាំ​ពិភពលោក​ដែល​ចូលរួម មហាសន្និបាត​អ​.​ស​.​ប​? និពន្ធដោយ : ថ្មីៗ       September-19-2016, 12:09 pm         12

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បំផ្ទុះ​គ្រាប់​នៅ New York បំភ័យ​មេដឹកនាំ​ពិភពលោក​ដែល​ចូលរួម មហាសន្និបាត​អ​.​ស​.​ប​?​ករណី​បំផ្ទុះ គ្រាប់បែក​នៅ Manhattan ក្រុង​ញូវយ៉ក​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ចាប់​ផ្តើមឡើង​។ បច្ចុប្បន្ន​សន្តិសុខ​ជារួម​ត្រូវបាន​គេ​រឹតបន្តឹង​ខ្លាំង ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ខ្ពស់​ក្នុង​សប្តាហ៍​នេះ នៅពេលដែល​កិច្ចប្រជុំ​ចាប់​ផ្តើមឡើង​។​

​ការ​បំផ្ទុះ​គ្រាប់បែក​នៅ Manhattan បាន​បង្ក​ឲ្យ​មនុស្ស ២៩​នាក់​រងរបួស ហើយ​វា​បាន​ក្លាយជា​ក្តីកង្វល់​ដ៏​ធំ​មួយ​ផងដែរ​។ ករណី​គ្រោះថ្នាក់​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​មាន​កិច្ចប្រជុំ​អង្គការ​សហ​ប្រជា​តិ​ដែល​ត្រូវ​រៀបចំឡើង​នៅ​ស្នាក់ការ​កណ្តាល​អង្គការ​សហប្រជាជាតិ​នា​ក្រុង​ញូវយ៉ក​។ ហើយ​មេដឹកនាំ​ពិភពលោក​រួមទាំង​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ផង​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ​។​

​ដោយសារ​កិច្ចប្រជុំ​នេះ​នឹងមាន​វត្តមាន​បណ្តា​មេដឹកនាំ​ពិភពលោក​ច្រើន ស្ថាប័ន​អង្គការសហប្រជាជាតិ​បានស្នើ​សុំ​ឲ្យ​មានការ​ពង្រឹង​សន្តិសុខ មុន​កិច្ចប្រជុំ​មកដល់​។ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ លោក Stephane Dujarric បានបញ្ជាក់​ហើយ​ថា សន្តិសុខ​ជារួម​នៅក្នុង​បរិវេណ​ស្ថាប័ន​ត្រូវបាន​ការពារ​យ៉ាង​តឹងតែង​បំផុត​ដោយមាន​ការសហការ​ពី​អាជ្ញាធរ​សហព័ន្ធ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP អ្នកនាំពាក្យ​ខាងលើ​បាន​បញ្ជាក់ថា​៖« យើង​ទទួលបាន​ការសហការ និង​ការគាំទ្រ​យ៉ាង​ល្អប្រសើរ​ពី​សំណាក់​អាជ្ញាធរ​សហព័ន្ធ​ដើម្បី​ការពារ​សុវត្ថិភាព​មេដឹកនាំ​ពិភពលោក ប្រតិភូ និង​បណ្តា​ក្រុម​បុគ្គលិក​ពាក់ព័ន្ធ ជាពិសេស​ក្នុងពេល​ដែលមាន​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​តែម្តង​»​។

​ថ្វីបើ​សន្តិសុខ​បរិវេណ​ខាងក្នុង​រឹងមាំ​ក៏ដោយ    ការរក្សា​សុវត្ថិភាព និង​សន្តិសុខ​នៅ​ខាងក្រៅ​បរិវេណ​ស្ថា​ប័​ន្ធ​អង្គការសហប្រជាជាតិ​ជាការ​ទទួលខុសត្រូវរ​បស់​រដ្ឋ​ម្ចាស់ផ្ទះ​។  ដូច្នេះហើយ​ទើបបានជា​អាជ្ញាធរ​អាមេរិក​ដាក់ពង្រាយ​ប៉ូលិស​តាម​គោលដៅ​សំខាន់ៗ​ដើម្បី​ការពារ​សុវត្ថិភាព​បណ្តា​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​បណ្តា​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​។

​អភិបាលរដ្ឋ ញូវយ៉ក  Andrew Cuomo បានប្រកាស​រួចរាល់​ហើយ​ថា លោក​បាន​បញ្ជា​ឲ្យ​មានការ​ពង្រាយ​ប៉ូលិស និង​កងកម្លាំងប្រដាប់អាវុធ​ដែលមាន​ឯកសណ្ឋាន​ចំនួន ១០០០​នាក់​នៅតាម​ទីតាំង​សំខាន់ៗ​នៅ​ទូទាំង​រដ្ឋ​ទាំងមូល​។​

​ហើយ​បច្ចុប្បន្ននេះ សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​ទាំង​បណ្តា​ប៉ូលិស​សហព័ន្ធ និង​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​ផង​នោះ កំពុង​ដុតដៃដុតជើង​ស្វែងរក​មនុស្ស​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។ ប៉ុន្តែ​គេ​មិនទាន់​អាច​សន្និដ្ឋានបាន​នៅឡើយ​ទេ​ពាក់ព័ន្ធ​ហេតុផល​នៅ​ពីក្រោយ​ករណី​បំផ្ទុះ​គ្រាប់​នេះ​៕