តុលាការ​​ផ្ដន្ទាទោស​ស្ត្រី​សកម្មជន​បឹងកក់​៤​នាក់​ដាក់​​ពន្ធនាគារ​៦​ខែ​ពី​បទ​ប្រមាថ​មន្ត្រី​រាជការ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ ៤​នាក់ ដាក់​ពន្ធនាគារ​៦​ខែ ពី​បទ​ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណ​មាន​ស្ថាន​ទម្ងន់​ទោស។

ក្នុង​សវនាការ​នៅថ្ងៃទី១៩ កញ្ញា ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ ៤​នាក់​ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​នោះ​មាន​វត្តមាន​តែ​បី​នាក់​ប៉ុណ្ណោះ គឺ​អ្នកស្រី ទេព វន្នី អ្នកស្រី បូ ឆវី អ្នកស្រី គង់ ចន្ថា។ ចំណែក​អ្នកស្រី ហេង មុំ ពុំ​មាន​វត្តមាន​ក្នុង​សវនាការ​ឡើយ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា ការ​ផ្ដន្ទាទោស​អ្នក​ទាំង​៤​តាម​មាត្រា ៥០២ និង​មាត្រា ៥០៤ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១១។

យ៉ាងណាក៏ដោយ ស្ដ្រី​សកម្មជន​បឹងកក់​ទាំង៣​នាក់ រួម​នឹង​សកម្មជន​ដទៃ​ទៀត ដែល​តវ៉ា​​នៅ​ខាង​ក្រៅ​របង​​តុលាការ ហៅ​ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ ជា​រឿង​អយុត្តិធម៌​បំផុត។

មាត្រា​៥០២ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​ពី​បទ​ប្រមាថ ថា ជន​ដែល​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការ​បោះឆ្នោត នៅ​ក្នុង​ក្របខ័ណ្ឌ​មុខ​ងារ ដោយ​វាចា កាយវិការ សំណេរ គំនូរ ឬ​វត្ថុ​ដែល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​នៃ​បុគ្គល ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ថ្ងៃ ដល់​៦​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់ ពី​១​ពាន់​រៀល ដល់​១សែន​រៀល។

មាត្រា​៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ចែង​អំពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦ខែ ដល់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​១​លាន​រៀល ដល់​២លាន​រៀល។ ក្នុង​ករណី​អ្នក​ប្រព្រឹត្តិ​មាន​ច្រើន​គ្នា ធ្វើ​សកម្មភាព​ក្នុង​ឋាន​ជា​ចារី សហចារី អ្នក​ផ្ដើម​គំនិត ឬ​ជា​អ្នក​សម​គំនិត ហើយ​ចារី​មាន​អាវុធ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។