​ឮថាបើកលុយ ជិះម៉ូតូ​ដូចព្យុះ

ខេត្តកំពត​ ៖ កម្មករ​សំណង់​៣​នាក់ ជួប​គ្រោះថ្នាក់​ចា​រា​ចរណ៍ ​បន្ទាប់ពីជិះ​​ម៉ូតូ​បុក​រះ​ជាមួយ​ម៉ូតូ២​គ្រឿង​​​ទៀត​ ​ដែលកំពុង​បើក​​បញ្ច្រាស​​​​គ្នា ​បណ្តាល​​​រង​របួសធ្ងន់​២នាក់​ និង​ស្លាប់​ម្នាក់​នៅ​នឹងក​ន្លែង​ ដែល​ហេតុ​ការណ៍​​នេះ​​​កើតឡើង​ កាលពី​វេលា​ម៉ោង​៤ និង៥០​នាទី​​រសៀល​ថ្ងៃ​ទី១៨​​ កញ្ញា ​​២០១៦ ស្ថិត​នៅ​​កំណាត់​ផ្លូវជាតិ​លេខ៣ (​កំពត-ភ្នំពេញ) ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​វត្ត​ភ្នំ.​ស ​ក្នុងភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ  ។

សមត្ថកិច្ច​ចរាចរ​បានឱ្យដឹង​ថា មុន​ពេល​កើតហេតុ ម៉ូតូ​ម៉ាក​សេ​១២៥​ ស៊េររី​២០១៣ ​របស់​ជន​រង​គ្រោះ​ជិះឌុ​ប​គ្នា​៣​នាក់​ ក្នុង​ល្បឿន​លឿន​ មក​ពី​ជើង​ទៅ​ត្បូង លុះមក​ដល់​ចំណុច​កើតហេតុ​ ក៏​ជ្រុល​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ដែល​បើកស្រប​ទិស​ពីមុខ ​រួច​បាន​រេ​ចង្កូត​មក​បុកម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ទៀត ​ដែល​បើកបរ​ប​ញ្ជ្រា​សទិស​បណ្តាល​ឲ្យ​ដួល​ច្រ​ង៉ា​ប់​ច្រ​ងិ​ល​ម្នាក់ឯង​ទាំង​ម៉ូតូ ទាំង​អ្នក​រួម​ដំណើរ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ ចំណែក​អ្នក​បើក​​របួសធ្ងន់ជាងគេ បាន​ដាច់ខ្យល់ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ។ រីឯ​អ្នក​​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កំពត​ម្នាក់​ និង​បញ្ជូន​ទៅ​ពេទ្យ​ភ្នំពេញ​ម្នាក់​ ។ ​

​ជន​រងគ្រោះ​​​ទាំង​៣នាក់​​ ១-ឈ្មោះកែវ ណែ​ត ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ ជា​កម្មករ​សំណង់ រស់នៅ​ភូមិ​ត្រពាំង​ច្រាប ឃុំ​ថ្មី ស្រុក​ទឹកឈូ​(​នៅ​ពេទ្យ​កំពត​)​ ង​របួសធ្ងន់​ត្រង់​ក្បាល របួសដៃ​ទាំង​សងខាង បាក់ដៃ​ឆ្វេង​ ​២-ឈ្មោះ​ពៅ វ​ណ្ណា ភេទប្រុស​ អាយុ​១៨​ឆ្នាំ​ របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​​ និង​៣-ឈ្មោះ​សូត តឺ​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ជា​អ្នកបើកបរ​បាន​ស្លាប់​) រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ​និង​ជា​កម្មករ​សំណង់ (​មូលហេតុ​ទាំង​២នាក់​ជិះ​ម៉ូតូឌុប​គ្នា​ គឺ​ទៅ​បើកប្រាក់​ធ្វើ​សំណង់​) ។

ម៉ូតូ​ទាំង៣​គ្រឿង ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យា​ល​យ័ចរាចរ​ផ្លូវគោក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ​ ៕