ឈ្មួញ​ទុច្ចរិត​នៅតែ​ជំរុញ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​

ករណី​ឈ្មួញ​ទុច្ចរិត​ជំរុញ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​នៅតែ​កើតមាន​ជា​បន្តបន្ទាប់ ហើយ​រហូតមក​ដល់ពេលនេះ អាជ្ញាធរ​និង​សមត្ថកិច្ច​ខ្មែរ​នៃ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​សៀម មិនទាន់​អាច​ទប់ស្កាត់​បទឧក្រិដ្ឋ​ឈើ​គ្រញូង​ប្រឡាក់​ឈាម​បាន​នៅឡើយ​ទេ​។ ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ តម្រួត​សៀម​ចាប់បាន​កម្មករ​ខ្មែរ​ចំនួន​៦​នាក់​ដែល​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​ខុសច្បាប់​លើទឹក​ដី​សៀម ក្នុង​ខេត្ត​ប្រា​ជិន​បុរី ជាប់​ព្រំប្រទល់​ខេត្ត​ស្រះកែវ​។ ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ទាល់តែ​បង្ក្រាប​ក្រុម​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់ ទើប​លែងមាន​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ទឹកដី​សៀម​កាប់​ឈើ​គ្រញូង​បន្តទៀត​។

សេចក្ដីរាយការណ៍​ពី​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​សៀម បាន​ឲ្យ​ដឹងថា មាន​កម្មករ​ខ្មែរ​៦​នាក់​ត្រូវបាន​តម្រួត​និង​យោធា​សៀម​ចាប់បាន​ពាក់ព័ន្ធ​ទៅនឹង​ករណី​ចូល​កាប់​ឈើ​គ្រញូង​ខុសច្បាប់​លើទឹក​ដី​សៀម​។ តម្រួត​សៀម​បាន​ប្រាប់​យោធា​ខ្មែរ​ថា អង្គភាព​តម្រួត​ប្រចាំ​ស្ថានីយ៍​ខេត្ត​ប្រា​ជិន​បុរី បានទទួល​ព័ត៌មាន​ពី​ទាហាន​ជួរមុខ​តាម​បន្ទាត់​ព្រំដែន​ស្ដីពី​រថយន្ត​៣​គ្រឿង​ដឹកឈើ​គ្រញូង​តាម​បណ្ដោយ​ផ្លូវ​សុ​វណ្ណា​ខន ឆ្ពោះទៅ​ខេត្ត​ស្រះកែវ​។ តម្រួត​ខេត្ត​ប្រា​ជិន​បុរី បាន​ទាក់ទង​ទៅ​តម្រួត​នៅ​ស្រុក​មឿង ខេត្ត​ស្រះកែវ ដាក់​បា​រ៉ា​ស់​ចាំ​ចាប់​រថយន្ត​ដឹកឈើ​ទាំង​៣​គ្រឿង​នោះ ហើយ​ចាប់បាន​កម្មករ​ខ្មែរ​៦​នាក់​និង​ឈើ​គ្រញូង​មួយចំនួន​ជា​វត្ថុតាង​ផងដែរ​។ តម្រួត​សៀម​កំពុង​ចាត់វិធានការ​តាមច្បាប់​ទៅលើ​កម្មករ​ខ្មែរ​ដែល​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ក្រោយពេល​គេ​រឹបអូស​បាន​រថយន្ត​៣​គ្រឿង និង​ឈើ​គ្រញូង​សរុប​៣៣​កំណាត់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា រហូតមកដល់​ពេលនេះ​នៅតែមាន​ឈ្មួញ​ទុច្ចរិត​មួយចំនួន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម យកមក​លក់​ឲ្យ​ពួកគេ​តាម​តំបន់​ព្រំដែន​ក្នុងតម្លៃ​ខ្ពស់ ហេតុនេះហើយ​ទើប​នៅតែមាន​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ផ្សងព្រេង​នឹង​គ្រោះថ្នាក់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​ក្នុង​ខេត្តឧត្ដរមានជ័យ និង​ខេត្តបន្ទាយមានជ័យ​ជាដើម សុទ្ធតែជា​មន្ត្រី​យោធា​ដែលមាន​ខ្នងបង្អែក​រឹងមាំ​ទើប​ពួកគេ​ហ៊ាន​ប្រកប​របរ​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​តទៅទៀត គឺ​សមត្ថកិច្ច​និង​ក្រសួង​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​ដើម្បី​ចៀសវាង​កុំ​ឲ្យ​កើតមាន​បទឧក្រិដ្ឋ​ឬ​សោកនាដកម្ម​ឈើ​គ្រញូង​ប្រឡាក់​ឈាម​តទៅទៀត​៕

img-20160918-wa0044-768x576 pic248