បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ក្នុងស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ឃុំ​មួយចំនួន​នៃ​ស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ ព្រៃ​អភិរក្ស នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន គឺជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ​ដើម្បី​ផលប្រយោជន៍​។ ប្រភព​បាន​ឲ្យ​ដឹងថា លោក ឡេង យុគ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូ​រយ៉ា​ដាវ បង្ក្រាប​តែ​ឈ្មួញ​ឈើ​ទាំងឡាយណា​ដែល​មិន​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ​។ ចំណែក​ឈ្មួញ​ណា​ដែល​ចេះ​យល់ចិត្ត​មន្ត្រីរដ្ឋបាល​ព្រៃឈើ គឺអាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ឡើយ​។

កាលពី​រសៀល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ បាន​រឹបអូស​ឈើ​ឡាន​៤​ជ្រុង​ប្រភេទ​សុ​ក្រំ​ចំនួន​១៦​ដុំ​នៅ​ចំណុច​ភូមិ​ព្រិល ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ជាប់​ព្រំប្រទល់​ស្រុក​បរ​កែវ​។ ជុំវិញ​បញ្ហា​នេះ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​បរខាំ បាន​លើកឡើងថា ដោយសារ​ម្ចាស់​ឈើ​ពុំមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ ការពិត​លោក ឡេង យុគ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ កន្លងមក​បើ​គ្មាន​ការ​បើកដៃ​ពី​លោក ឡេង យុគ ទេនោះ​គឺ​ឈ្មួញ​មិនអាច​កាប់​ឈើ ស្តុក​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​បរ​កែវ ចូល​ស្រុក​អូ​រយ៉ា​ដាវ តាម​អំពើ​ចិត្ត​បានឡើយ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ ពី​ស្រុក​បរ​កែវ ស្រុក​អូរ​យ៉ា​ដាវ ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​នានា​កំពុងតែបន្ត​កើតមាន​ឥតឈប់ឈរ​។ មានការ​រិះគន់​ចំៗ​ថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គ្រប់លំដាប់​ថ្នាក់​ជាពិសេស​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ ហើយ​គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​បច្ចុប្បន្ន​បទល្មើស​កា​ប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តរតនគិរី ទៅ​ស្រុក​យួន​នៅតែ​កើតឡើង​ទាំងយប់​ទាំង​ថ្ងៃ ព្រោះ​សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់លុយ ហើយ​សម្រាប់​ឈ្មួញ​ដែលមាន​ការបង់​លុយ​ប្រចាំខែ​ឬ​ប្រចាំ​ជើង​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ក្នុងខណៈដែល​ឈើ​ប្រណីត​ឈើ​លេខ​១ ក្នុងព្រៃ​សហគមន៍ ព្រៃ​អភិរក្ស ព្រៃ​ការពារ ឧទ្យាន​ជាតិ និង​តំបន់​ដែន​ជម្រក​សត្វ​ក្នុង​ខេត្តរតនគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​៕

img-20160918-wa0032