សាកសព​មនុស្ស​4​នាក់​កាត់ដៃជើង​រក​ឃើញ​នៅ​អេ​ស្ប៉ា​ញ

សារព័ត៌មាន​អេ​ស្ប៉ា​ញ​រាយការណ៍ កាលពី​ថ្ងៃ​ទី​១៨ កញ្ញា​ថា កង​ឆ្មាំ​ស៊ី​វិល​អេ​ស្ប៉ា​ញ​រក​ឃើញ​សាកសព​មនុស្ស​៤​នាក់ ជា​ជនជាតិ​ប្រេ​ស៊ី​ល ត្រូវ​កាត់ដៃជើង​ក្នុងផ្ទះ​មួយ​នៃ​ភូមិ PIOZ ភាគ​កណ្តាល​ប្រទេស ។

ក្នុង​ចំណោម​ជន​រង​គ្រោះ ២​នាក់​ជា​កុមារ​ម្នាក់​អាយុ​១​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៤​ឆ្នាំ ។ សាកសព​មនុស្ស​ទាំងនេះ​ត្រូវ​គេ​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​ទុក​ក្នុងផ្ទះ ដែល​គេ​ជួល ទើបបាន​ប្រមាណ​មួយ​ខែ​។ កង​ឆ្មាំ​ស៊ី​វិល​និយាយ​ថា ទទួល​សេចក្តីរាយការណ៍​ពី​អ្នក​ជិតខាង​ម្នាក់​មក​ពី​ការ​ធុំក្លិន​ស្អុយ​ភាយ​ចេញពី​ក្នុងផ្ទះ ។

ពេល​ចូល​ពិនិត្យ​កង​ឆ្មាំ​ស៊ី​វិល​ប្រទះ​ឃើញ​សាកសព​មនុស្ស​៤​នាក់ ដែល​ត្រូវ​កាត់​ជា​កង់ ក្នុង​នោះ​មាន​មនុស្ស​ពេញវ័យ​២​នាក់ និង​កុមារ​២​នាក់ ។ មេ​ភូមិ PIOZ គូសបញ្ជាក់​ថា ជន​រង​គ្រោះ​ទាំងអស់​ស្ថិត​ក្នុង​គ្រួសារ​តែ​មួយ ។ កាសែត EL PAIS រៀបរាប់​ថា គ្រួសារ​នេះ​មាន​សញ្ជាតិ​ប្រេ​ស៊ី​ល ហើយ​មក​ជួល​ផ្ទះ​នោះ​នៅ​ទើបបាន​មួយ​ខែ ។ ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​បែប​នេះ​នៅឡើយ ក៏​ប៉ុន្តែ​យោង​តាម​ការ​សន្និដ្ឋាន​ដំបូង​ៗ​ថា អាច​មក​ពី​គំនុំ​រវាង​បណ្តា​ក្រុម​ជនខិលខូច ។ ការ​ស៊ើបអង្កេត​មួយ​កំពុង​បើក​ធ្វើ ៕