​មេ​ប៉ុស្តិ៍​ឈ្មោះ ធា​ម ដែន ហៅ តក់ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​កៅស៊ូ​ឆៅ និង​ឈើ​ប្រណីត​តាម​ច្រក ព្រំដែន​បឹង​ជ្រោង​នៅ​ខេត្ត​ត្បូងឃ្មុំ​

​ប្រជាពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​បាន​រាយការណ៍​នៅ​ដើម​សប្តាហ៍​នេះ​ថា មេ​ប៉ុស្តិ៍​ឈ្មោះ ធា​ម ដែន ហៅ តក់ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​កៅស៊ូ​ឆៅ និង​ឈើ​ប្រណី​តទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារព្រំដែន​បឹង​ជ្រោង​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សកម្មភាព​ល្មើសច្បាប់​នេះ ក៏មាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​ផ្សេងៗ​ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ​ផងដែរ ព្រោះ​បើ​គ្រាន់តែ​មេ​ប៉ុស្តិ៍​ឈ្មោះ ធា​ម ដែន ហៅ តក់ ម្នាក់ឯង​មិនអាច​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​លើ្ម​ស​ច្បាប់​ធ្វើដំណើរ​ដោយ​រលូន​ពី​ឃ្លាំង​របស់​ក្រុម​ឈ្មួញ​ឆ្ពោះទៅ​មាត់ទ្វារ​ព្រំដែន​ដោយ​គ្មាន​ការទប់ស្កាត់​បានឡើយ​។

​ប្រជាពលរដ្ឋ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានបញ្ជាក់​ថា​មាន​ច្រករបៀង​មួយកន្លែង នៅ​ស្រុក​មេមត់ មាន​ឈ្មោះថា ច្រក​បឹង​ជ្រោង ត្រូវបាន​មេ​ប៉ុស្តិ៍​ឈ្មោះ ធា​ម ដែន ហៅ​តក់ បើកដៃ​ឲ្យ​រថយន្ត​ដឹក​ជ័រកៅស៊ូ​ឆៅ និង​ឈើ​ប្រណីត​ឆ្លងដែន​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​វិធានការ​ទប់ស្កាត់​ទាល់តែសោះ​ដែល​ធ្វើ​ឲ្យ​បាត់បង់ ថវិកា​ចូល​រដ្ឋ​យ៉ាងច្រើន​ក្នុង​មួយឆ្នាំៗ ។​

ម្ចាស់​ចម្ការកៅស៊ូ​ដ៏​ធំ​មួយ​នៅ​ខេត្តកំពង់ចាម​ម្នាក់​បាន​បញ្ជាក់ថា ចំពោះ​ការធ្វើ​អាជីវកម្ម​ជ័រកៅស៊ូ​ឆៅ​នៅ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ដេញថ្លៃ​យក​ទាំងអស់​គឺ​ប្រជាពលរដ្ឋ​ដែល​ផលិត​ជ័រកៅស៊ូ​បាន​ត្រូវ​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​នៅក្នុង​ស្រុក ហើយ​ក្រុមហ៊ុន​ច្នៃ​ទៅជា​ជ័រ​ក្រែប​រួច​ទើប​អាច​នាំ​ចេញទៅ​បរទេស​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង និង​ច្រកទ្វារព្រំដែន​ផ្សេងៗ​ទៀត​ក៏បាន តែ​ក្រុមហ៊ុន​នោះ​ត្រូវ​បង់ពន្ធ​ចូល​រដ្ឋ​តាម​ដែល​ច្បាប់​បានកំណត់​។

តែ​ស្ថានភាព​ជាក់ស្តែង​សព្វថ្ងៃនេះ​គេ​សង្កេតឃើញថា មានការ​នាំចេញ​ជ័រកៅស៊ូ​ឆៅ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​កាន់តែ​ច្រើនឡើងៗ​ដែល​ករណីនេះ​មិន​ត្រឹមតែ​រំលោភច្បាប់​នោះទេ តែ​ក៏​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ចាញ់​ប្រៀប​ប្រទេសជិតខាង​ពិសេស យួន និង​សៀម​តែម្តង​។ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​កំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ គប្បី​សហការគ្នា​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​ខាងលើនេះ ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ចៀសវាង​ការខាតបង់​ថវិកាជាតិ និង​ប្រជាពលរដ្ឋ ខណៈ​សព្វថ្ងៃនេះ​បទល្មើស​មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​ឡើងៗ​៕

nita-26-a-78-full pisey-2015-11-05-full-a25 v_0404