រាប់រយ​នាក់​នាំ​គ្នា​ផ្អើល​ថា​ចៅហ្វាយ​ខេត្តស្ទឹងត្រែង​ចែក​ដី

ខេត្តស្ទឹងត្រែង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​៣០០​នាក់​បាន​រំសាយ​ចេញពី​ការ​ប្រមូលផ្តុំ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ និង​មនុស្ស​មួយ​ចំនួន​ទៀត​បន្ត​ការ​តវ៉ា​ចាប់ដី​កាន់កាប់​នៅ​ចំណុច​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​ត្រូវ​អាជ្ញាធរ និង​សមត្ថ​អះអាង​ថា​ជា​ពលរដ្ឋ​មាន​ទីលំនៅ និង​ស្រែ​ចម្ការ​ពិតប្រាកដ​តាម​បណ្តា​ស្រុក​ខេត្ត​មួយ​ចំនួន ដែល​ភាគច្រើន​ជា​ជនជាតិ​ខ្មែរឥស្លាម​នៅ​ចំណុច​ភ្នំ​ខៀវ ឃុំ​អូរ​ឫស្សី​កណ្តាល ស្រុក​សំបូរ ខេត្តក្រចេះ ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ពួក​គេ​ទាំងនោះ​បាន​ចាញ់​ឃោសនា​របស់​ជនខិលខូច​មួយ​ចំនួន​នៅ​ពីក្រោយ​ខ្នង​ក្រោយ ឮ​ពី​មួយ​ទៅ​មួយ បាន​លើកគ្នា​មក​ប្រមូលផ្តុំ​ដើម្បី​ទទួល​បានការ​បែងចែក​ដី​សម្បទាន​ស្របច្បាប់ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​បរិវេណ​សាលា​បឋម​សិក្សា​អូរ​លាង​គ្រួ​ស ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ថា ពួក​គេ​ក្រោយ​ទទួល​ដំណឹង​ត​ៗ​គ្នា​ថា លោក​អភិបាល​ខេត្តស្ទឹងត្រែង​បែងចែក​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ក៏​នាំ​គ្នា​មក​ជួបជុំ​នៅ​ទីតាំង​ខាងលើ​នោះ​តែ​ម្តង ដោយ​ពុំ​បានដឹង​ជា​មុន​ថា មាន​ជនខិលខូច​ផ្សព្វ​ផ្សាយដំណឹង​មិន​ពិត​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ទៅ​កាប់​ទន្ទ្រាន​យក​ផ្ទៃដី​ក្រុមហ៊ុន​ភូមិ​ម៉ា​ឌី ស្ថិត​នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន បន្ទាប់​មក​ត្រូវ​បាន​អន្តរាគមន៍​ដោយ​នាយក​ក្រុមហ៊ុន​លោក ឈុ​ន កុសល់ និង​អាជ្ញាធរ​ស្រុក​ប្រាប់​ថា ផ្ទៃដី​នោះ​ស្ថិត​ក្នុង​គម្រោង​ផែនការ​ដាំ​ដុះ​របស់​ក្រុមហ៊ុន ។ តែ​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​កាប់​ព្រៃ​អះអាង​ថា ផ្ទៃដី​ចំណុច​នោះ​ជា​ដី​ព្រៃ​សហគមន៍ និង​ដី​រដ្ឋ មិន​មានការ​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​នោះ​ទេ ។ បន្ទាប់​មក​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ អាជ្ញាធរ​បាន​ជួប​តំណាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ ដោយ​បាន​គ្រោង​នៅ​ព្រឹក​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នឹង​ចុះ​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្បាល​រមាស​បន្ថែម ។

ប្រភព​បន្ត​ថា ក្រោយ​ទទួល​ដំណឹង មុន​លោក​អភិបាលខេត្ត​ចុះ​ទៅ ក្រុម​មេខ្យល់​ស្ថិត​ក្នុង​រឿង​នោះ​បាន​ទៅ​កៀងគរ​ផ្សព្វផ្សាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩​កញ្ញា លោក​អភិបាលខេត្ត​អញ្ជើញ​ចុះ​ចែក​ដី​នៅ​តំបន់​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ទើប​ពួក​គេ​នាំ​គ្នា​ទៅ​ទាំង​ហ្វូង​បែប​នេះ ។

ក្រោយ​ជួបជុំ​ប្រមូលផ្តុំ​គ្នា អាជ្ញាធរ​ភូមិ ឃុំ ស្រុក បាន​ពន្យល់​ហេតុផល​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ទាំងនោះ ទើប​ពួក​គេ​ធ្វើការ​រំសាយ​ដោយ​មានការ​អន្តរាគមន៍​ពី​កងកម្លាំង​ប្រដាប់អាវុធ​រាប់​សិប​នាក់​ផង​ដែរ ។ ដោយឡែក គេ​សង្កេត​ឃើញ​ក្រុម​មេខ្យល់​មួយ​ចំនួន​ដែល​ខំប្រឹង​តវ៉ា​ជាមួយ​អាជ្ញាធរ ព្រមទាំង​ឲ្យ​អ្នក​សេសសល់​មានការ​តស៊ូ​ដើម្បី​ទទួល​បាន​ដី​ប្រើប្រាស់ ៕