នាយករដ្ឋមន្រ្តីប្រាប់រដ្ឋមន្រ្តីឲ្យពិនិត្យលទ្ធភាពសិស្សជាប់បាក់ឌុបគ្រប់និទ្ទេសប្រឡងចូលគ្រូ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ឲ្យពិនិត្យលទ្ធភាពដល់សិស្សប្រឡងជាប់បាក់ឌុបគ្រប់និទ្ទេសរាប់ចាប់តាំងពី A ដល់E ដើម្បីឲ្យពួកគេប្រឡងចូលក្របខណ្ឌគ្រូដោយស្មើភាព។ នេះជាលទ្ធភាពថ្មី ព្រោះកន្លងមកសិស្សទទួលបាននិទ្ទេស A B C ពួកគេត្រូវបានបញ្ចូលទៅក្នុងក្របខណ្ឌគ្រូដោយស្វ័យប្រវត្តិ។

ការជម្រុញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះបន្ទាប់ពីលោកទទួលបានសំណើរក្នុងទំព័រហ្វេសប៊ុកថា វាជារឿងអយុត្តិធម៌សម្រាប់សិស្សទទួលបាននិទ្ទេស DនិងEនៅពេលដែលក្រសួងបញ្ចូលសិស្សទទួលបាននិទ្ទេស A B C ក្នុងក្របខណ្ឌគ្រូដោយស្វ័យប្រវត្តិ។ មតិខ្លះទៀតបានប្រាប់មកកាន់លោកនាយករដ្ឋមន្ត្រីថា ទុកតែនិទ្ទេស A និង B បានហើយដាក់បញ្ចូលក្នុងក្របខណ្ឌគ្រូ។

ប៉ុន្តែមតិទាំងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់បានធ្វើការឆ្លើយតបភ្លាមៗទេដោយលោកបានគូសបញ្ជាក់ថា រងចាំពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ជាមុនសិន។ ប្រសិនបើសំណើរទទួលបានការឯកភាព លោកនាយករដ្ឋមន្ត្រីបានលើកចិត្តទុកជាមុនឲ្យសិស្សជាប់និទ្ទេស A B C កុំខ្លាចនៅក្នុងការប្រឡងចូលក្របខណ្ឌគ្រូទាំងអស់គ្នាជាមួយសិស្សនិទ្ទេស D និង E។ មុនមានការលើកចិត្តនេះ លោក ហ៊ុន សែន បង្ហើបថា គួរតែអនុគ្រោះដល់និទ្ទេស A ដោយឲ្យពួកគេចូលក្របខណ្ឌគ្រូដោយស្វ័យប្រវត្តិ។ ប៉ុន្តែផ្ទុយមកវិញលោកនៅតែចង់ A ចូលរួមប្រឡងដោយស្មើគ្នាព្រោះគេមានសមត្ថភាពរួចទៅហើយ។

បច្ចុប្បន្នតម្រូវការគ្រូមានចំនួន ៣០០០ នាក់ក្នុងមួយឆ្នាំ។ បើតាមការប៉ាន់ស្មានរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងហោចណាស់ក៏មានសិស្ស២ម៉ឺននាក់ដាក់ពាក្យប្រឡងធ្វើគ្រូដែរ។ ដូច្នេះលោកបន្ថែមថា គួរតែមានការប្រឡងដើម្បីជម្រាញ់ជ្រើសរើសគ្រូដែលពូកែ ទោះត្រូវចំណាយថវិកាក៏ដោយដើម្បីទទួលបានមកវិញនូវសមធម៌សង្គម។

លោក សន ជ័យ តំណាងសម្ព័ន្ធគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក យល់ថា ក្រសួងគួរតែរក្សាទុកអាទិភាពដដែលដល់សិស្សជាប់ A B C មិនគួរធ្វើការផ្លាស់ប្ដូរភ្លាមៗទេ។ ព្រោះសិស្សដែលទទួលបាននិទ្ទេសទាំងបីនេះមិនប្រាកដថា ពួកគេប្រឡងចូលក្របខណ្ឌគ្រូទេ។

លោកមើលឃើញ សំណូមពររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចធ្វើឲ្យមានការលំបាក់ដល់ក្រសួងអប់រំព្រោះក្រសួងធ្លាប់បានអះអាងក្នុងការរក្សានូវគោលការណ៍ដដែល។ សម្រាប់លោក សន ជ័យ ចាត់ទុកការជម្រុញរបស់លោក ហ៊ុន សែន គឺជាការចង់បានប្រជាប្រិយបន្ថែមពីសិស្សជាប់និទ្ទេស D និង E។

សូមបញ្ជាក់ថា នៅឆ្នាំនេះមានបេក្ខជនជាង៥ម៉ឺននាក់ប្រឡងជាប់។បេក្ខជនជាប់និទ្ទេសAមានចំនួនដល់ទៅ៤០៥នាក់ និទ្ទេស B មានចំនួន២ពាន់៨រយ១នាក់ និទ្ទេស C មានចំនួនជាង៥ពាន់នាក់ និទ្ទេស D មានចំនួនជាង៨ពាន់នាក់និងនិទ្ទេស E មានចំនួនជាង៣ម៉ឺន៕

ប្រភព៖ RFI


Related Posts