ស្នេហ៍ស្រីនិងស្រីស្មោះគ្មានពីរ! ​តួប្រុសសុខចិត្តស្លាប់

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ ​ដែល​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា (​ស្រី​និង​ស្រី​) ត្រូវ​នាង​ជា​តួ​ប្រុសសម្រេចបញ្ចប់ជីវិត​ ដោយ​យកខ្សែភ្លើងមក​ចង.ក​សម្លាប់ខ្លួន បន្ទាប់ពី​មិនអាច​​​ទទួលយក​ការ​ពិតបាន ខណៈ​ដែល​នារី​​ដែល​ខ្លួន​ស្រឡាញ់​នោះ នឹង​ត្រូវ​រៀប​ការ​ជាមួយ​មនុស្ស​ផ្សេង ទើប​​ធ្វើ​ឱ្យ​នាង​ជាតួ​​បុរស​សុខចិត្តស្លាប់បែបនេះ ។

ហេតុការណ៍​នេះ ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ២០១៦ ស្ថិត​នៅ​បន្ទប់​ជួល​លេខ C23 ក្នុងភូមិ​ត្មាត​ពង សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់​​ផ្អើលយ៉ាងខ្លាំង ហើយ​ត្រូវបាន​អ្នកជិតខាង​ជួយ​ហៅរថយន្ត​​សាមុយដឹកយកទៅសង្គ្រោះ តែ​ហួសពេលទៅហើយ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​ជា​តួ​ប្រុស​ដែល​ចង​.​ក​​នោះ​​ឈ្មោះ​បាន ស្រី​ពៅ អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្ត​ប៉ៃលិន រីឯ​នារី​ជា​សង្សារ​ឈ្មោះ​ប៉ាត់ បុប្ផា អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​​​នៅ​ខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្ន​ទាំង​២​នាក់ ​ស្នាក់​នៅ​ជាមួយ​គ្នា​ដូច​ប្តី​-​ប្រពន្ធ ​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា ទាំង​២​នាក់​​នេះត្រូវ​គេ​ដឹង​ថា បាន​ស្រឡាញ់​គ្នា​​​រយៈពេល​២​ឆ្នាំ​មក​ហើយ ។ តែ​មិនដឹង​យ៉ាងម៉េច ស្រាប់តែ​នារី​សង្សារ​នោះ​ បាន​មក​ប្រាប់​នារី​ជា​ប្តី​ថា ជិត​រៀប​ការ​ជាមួយ​មនុស្ស​ផ្សេង​ហើយ ។ គ្រាន់តែ​ឮ​ពាក្យ​បែប​នេះ ធ្វើ​ឱ្យ​នាង​តួ​ប្រុស ទប់​អារម្មណ៍​មិន​បាន​ដែល​មិន​អាច​ទទួលយក​ការ​ពិត​នោះ ក៏​សម្រេច​បញ្ចប់ជីវិត​ត្រឹមនេះ​តែ​ម្តង​ ។