អាមេរិក ហៅ​កូរ៉េខាងជើង​ចូល​តុ​ចរចា​​និយាយ​រឿង​អនាគត​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-19-2016, 3:34 pm         300

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក ហៅ​កូរ៉េខាងជើង​ចូល​តុ​ចរចា​​និយាយ​រឿង​អនាគត​​ប្រមុខ​ការទូត​អាមេរិក លោក ច​ន ឃែ​រី (John Kerry) បាន​ទទូច​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​កូរ៉េខាងជើង បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ដើម្បី​វិល​ចូល​តុ​ចរចា​ពិតប្រាកដ​ជាមួយ​ខ្លួន​សំដៅ​សម្រួល​ស្ថានការណ៍​ដែល​កើន​កម្ដៅ​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ​។ ការទទូច​នេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៥ នៅ​ថ្ងៃទី​៩ ខែកញ្ញា ក៏ដូចជា​ការប្រកាស​ត្រៀមខ្លួន​សាកល្បង​ជា​បន្តបន្ទាប់​ទៀត​នោះ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃែ​រី នៅ​ថ្ងៃទី​១៨ ខែកញ្ញា បាន​ហៅ​កូរ៉េខាងជើង​ឲ្យ​ចូល​តុ​ចរចា​ជាមួយ​ខ្លួន និង​ប្រទេស​ដទៃទៀត ដើម្បី​និយាយ​ពី​រឿង​អនាគត​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​។ យ៉ាងណាមិញ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា អាមេរិក បានដាក់​លក្ខខណ្ឌ​ឲ្យ​កូរ៉េខាងជើង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ជា​សិន មុននឹង​មក​និយាយ​ចរចា​នោះ​។

​ថ្លែង​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ហ្វូ​មី​អូ គី​ស៊ី​ដា និង​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង យុន ប្យុង​សេ ប្រមុខ​ការទូត​អាមេរិក​និយាយថា អាមេរិក នឹង​នៅតែ​ប្ដេជ្ញាចិត្ត​លើ​ការការពារ​គ្នា​ទៅវិញទៅមក​រវាង​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​។ ជាមួយគ្នា​នោះ អាមេរិក ក៏​ឆ្លើយតប​នឹង​សកម្មភាព​ព្រហើន​របស់​កូរ៉េខាងជើង ដែល​តែងតែ​បង្ក​ហ​តុ និង​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជា​តំបន់​ទាំងមូល​តានតឹង​ខ្លាំង​។​

​លោក ច​ន ឃែ​រី ប្រាប់​ឲ្យ​ដឹង​ទៀតថា ក្រុង​វ៉ាស៊ីនតោន ក៏​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ចរចា​ស្វែងរក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដើម្បី​បញ្ចប់​ភាព​ឯកោ​របស់​កូរ៉េខាងជើង ព្រមទាំង​ស្ដារ​សេដ្ឋកិច្ច​ដែល​កំពុង​យ៉ាប់យ៉ឺន​ផង​នោះ​។ ប៉ុន្តែ​ការលុបចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជា​ជំហាន​ដំបូង​នៃ​ដំណើរការ​ចរចា​នេះ​។ លោក​បន្តថា តម្រូវការ​ចាំបាច់​ពេលនេះ គឺ​កូរ៉េខាងជើង ត្រូវ​បញ្ឈប់​សកម្មភាព​ព្រហើន​ទាំងអស់ រួមទាំង​ការសាកល្បង​អាវុធ​ដែរ​។​

​មកទល់ពេលនេះ កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ចំនួន​៥​លើក​មកហើយ និង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជាច្រើនលើក​ទៀត​។ ទន្ទឹមនឹង​ការបាញ់​និង​សាកល្បង​ហូរហែ​មកនេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏បាន​ដាក់ទណ្ឌកម្ម​កា​ន់​តែ​ខ្លាំង​ឡើងៗ ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ និង​វិល​រក​តុ​ចរចា​វិញ ប៉ុន្តែ​ទណ្ឌកម្ម​ទាំងនោះ មិន​ទ​ទូល​បាន​លទ្ធផល​អ្វី​ឡើយ​។​

​លើសពីនោះ ក្រុង​ប៉េកាំង ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ក្រុង​ព្យុងយ៉ាង ក៏​មិន​បានដាក់​សម្ពាធ​អ្វី​ធ្ងន់ធ្ងរ​លើ​សម្ព័ន្ធមិត្ត​ខ្លួន​ដែរ ក្រៅពី​ទទូច​ឲ្យ​ក្រុង​ព្យុងយ៉ាង​ផ្អាក​ការសាកល្បង និង​សកម្មភាព​បង្កហេតុ​នោះ​។ ដូច​ពេលកន្លងមក​នោះ ចិន ក៏​ស្នើ​ឲ្យ​បើក​ការចរចា​៦​ភាគី​ឡើងវិញ​ដែរ​។ ភាគី​ចូល​តុ​ចរចា​ទាំង​៦ រួមមាន ចិន កូរ៉េខាងជើង កូរ៉េខាងត្បូង អាមេរិក រុស្សី និង​ជប៉ុន ប៉ុន្តែ​ការចរចា​នេះ​បាន​ផ្អាក​អស់​ពេល​ជា​យួរ​មកហើយ ដោយសារ​ការដកខ្លួន​របស់​កូរ៉េខាងជើង​៕