សុខ ពិសី និង​ លី អ៊ីវ៉ាធីណា កំពុង​ស្ថិត​​ក្នុង​រឿង​រ៉ាវ​ចម្រូង​ចម្រាស់​​

រឿង​រ៉ាវ​ចម្រូង​ចម្រាស់​ពាក់ព័ន្ធ​នឹង​តារា​ចម្រៀង​ពីរ​រូប​ក្នុង​ផលិតកម្ម​ផ្សេង​គ្នា សុខ ពិសី និង​ លី អ៊ីវ៉ាធីណា ​កំពុង​ទទួល​បានការ​ចាប់​អារម្មណ៍​ខ្លាំង ​ពី​សំណាក់​ទស្សនិកជន​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក បន្ទាប់​ពី​ការ​វិនិច្ឆ័យ​ របស់ លី អ៊ីវ៉ាធីណា ទៅ​លើ​សមត្ថភាព​បេក្ខជន​ម្នាក់​ ដែល​បាន​ឡើង​ប្រឡង​ត្រាប់​សំឡេង​តាម​ សុខ ពិសី ថា​ច្រៀង​ពីរោះ​ជាង​ម្ចាស់​ដើម​ ក្នុង​កម្មវិធី​ពេញចិត្ត​អត់ ​របស់​ស្ថានីយ​ទូរទស្សន៍​ MyTv​កាល​ពី​ថ្ងៃ​សៅរ៍។

 

ក្នុង​នោះ​ តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់ដេ សុខ ពិសី បាន​ប្រាប់​ថា​នាង​ហួស​ចិត្ត ​ពេល​ដែល​បាន​មើល​ឃើញ ​និង​ស្ដាប់​ឮ​ការ​វិនិច្ឆ័យ​ របស់​តារា​ចម្រៀង​ លី អ៊ីវ៉ាធីណា ចំពោះ​បេក្ខជន​ប្រឡង​ក្នុង​កម្មវិធី​ពេញ​ចិត្ត​អត់​ ក្នុង​ន័យ​វាយ​ប្រហារ​ឲ្យ​នាង​។

 

សុខ ពិសី និង​ លី អ៊ីវ៉ាធីណា កំពុង​ស្ថិត​​ក្នុង​រឿង​រ៉ាវ​ចម្រូង​ចម្រាស់​​

 

“និយាយ​រួម​ទៅ​ខ្ញុំ​មិន​ដែល​មាន​បញ្ហា​អ្វី​ជាមួយ​បង​ លី អ៊ីវ៉ាធីណា ឡើយ ខ្ញុំ​គោរព​ និង​ចាត់​ទុក​គាត់​ដូចជា​រៀម​ច្បង​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​មិន​យល់​ថា​ហេតុអ្វី​បាន​ជា​គាត់​និយាយ​ដាក់​ពិន្ទុ​ឲ្យ​បេក្ខជន​ ក្នុង​ន័យ​បែប​ដៀម​ដាម​មក​ខ្ញុំ​ចឹង។ ហើយ​ធម្មតា​កម្មវិធី​ប្រឡង​ធំៗ​ចឹង​ គេ​មិន​ដែល​និយាយ​វាយ​តម្លៃ​ម្ចាស់​បទ​ដើម​ចឹង​ទេ។​ ហើយ​ខ្ញុំ​អត់​បាន​ខឹង​អ្វី​គាត់​ទេ គ្រាន់​តែ​ហួស​ចិត្ត​ពេល​ដែល​បាន​ឃើញ​វីដេអូ​ក្នុង​កម្មវិធី​ពេញ​ចិត្ត​អត់​ហ្នឹង”។

យ៉ាង​ណា​មិញ​​ជួប​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថោន លី អ៊ីវ៉ាធីណា បាន​ឆ្លើយ​តប​វិញ​ថា​​ នាង​មិន​បាន​មាន​បំណង​ចង់​ស្តី​ថា​​បេក្ខជន​ ដើម្បីដៀម​ដាម​ទៅ​ដល់​កញ្ញា សុខ ពិសី​ ឡើយ។ អ្វី​ទាំង​អស់​ គឺ​នាង​ធ្វើ​តាម​កម្មវិធី​តម្រូវ​ ឲ្យ​និយាយ​អ្វី​ដែល​ជា​ការពិត​ និង​មើល​ឃើញ​ជាក់ស្ដែង​តែ​ប៉ុណ្ណោះ។

 

“ខ្ញុំ​និយាយ​អ្វី​ដែល​ជា​ការពិត​ យល់​ឃើញ​យ៉ាង​ណា​និយាយ​បែប​ហ្នឹង​ អត់​ទោរទន់​លម្អៀង​ទៅ​រក​អ្នក​ណា​ឡើយ។ ហើយ​ក៏​មិន​បាន​ថា​​ក្នុង​ន័យ​បន្ទោស​បង្អាប់​កញ្ញា សុខ​​ ពិសី​ ទេ ខ្ញុំ​និយាយ​តាម​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ ពីរោះ​ថា​ពីរោះ មិន​ពីរោះ​ថា​មិន​ពីរោះ​។ ហើយ​ខ្ញុំ​គ្មាន​រឿង​អី​ត្រូវ​និយាយ​ឌឺដង​ ដាក់​ ពិសី ឡើយ​ ព្រោះ​កន្លង​មក​ខ្ញុំ​នឹង​គាត់​មិន​ដែល​មាន​បញ្ហា​ជាមួយ​គ្នា​ទេ​”។

 

សុខ ពិសី និង​ លី អ៊ីវ៉ាធីណា កំពុង​ស្ថិត​​ក្នុង​រឿង​រ៉ាវ​ចម្រូង​ចម្រាស់​​

 

បន្ថែម​លើស​ពី​នេះ​ លី អ៊ីវ៉ាធីណា ថា​សម្រាប់​ទឹក​មុខ​ដែល​ទស្សនិកជន​ឬ សុខ ពិសី​ បាន​ឃើញ​ថា​មើល​ទៅ​ដូច​ច្រណែន​ឈ្នានីស​នោះ​ ​ជា​ទឹក​មុខ​បែប​ម៉ឺង​ម៉ាត់​ ក្នុង​ពេល​ដាក់​ពិន្ទុ​ឲ្យ​បេក្ខជន​ ក្នុង​នាម​ជា​គណៈកម្មការ​មួយ​រូប​។

 

លី អ៊ីវ៉ាធីណា បន្ថែម៖ “មាន​ទស្សនិកជន​ជា​ច្រើន​ថា​ ទឹក​មុខ​ខ្ញុំ​ពេល​ដែល​វិនិច្ឆ័យ​ឲ្យ​បេក្ខជន មើល​ទៅ​ដូចជា​ចង់​វាយ​ប្រហារ​ទៅ​ កញ្ញា សុខ​ ពិសី​ និង​ដោយសារ​ខ្ញុំ​ប្រើ​សម្ដី​ថា​​បេក្ខជន​ហ្នឹង​ច្រៀង​ពីរោះ​ជាង​ម្ចាស់​ដើម។ ប៉ុន្តែ​ការ​និយាយ​ស្តី​ និង​ទឹកមុខ​ខ្ញុំ​ពេល​នោះ​ វិនិច្ឆ័យ​ក្នុង​នាម​ជា​គណៈកម្មការ​មិន​មាន​បំណង​ថា​ឲ្យ​ សុខ ពិសី ឡើយ”។

 

រីឯ​កញ្ញា រីណា ​ជំនួយ​ការ​រៀប​ចំ​កម្មវិធី​របស់ តាប៊ុយ ​សុំ​មិន​បកស្រាយ​អ្វី​ច្រើន​ពាក់​ព័ន្ធ​នឹង​រឿង​រ៉ាវ​​ភាគី​ទាំងពីរ​ឡើយ​។ ៖ “ពាក់​ព័ន្ធ​នឹង​រឿង​​ពួកគាត់​ទាំង​ពីរ​យ៉ាង​ណា​ បង​មិន​ហ៊ាន​សម្រេច​ទេ ព្រោះ​កម្មវិធី​បង​តម្រូវ​ឲ្យ​កាត់​សេចក្តី​ថា​ដូច​ ឬមិនដូចប៉ុណ្ណោះ  ហើយ​​បង​​ក៏​មិន​មាន​សិទ្ធិ បង្គាប់​គាត់​​គ្រប់​ជំហាន​ថា​មិន​ឲ្យ​និយាយ​បែបនេះ​ ឬ បែប​នោះ​ឡើយ”។

 

យ៉ាង​ណា​ក៏​ដោយ​តារា​ចម្រៀង​ទាំង​ពីរ​​សុទ្ធ​តែ​អះអាង​ថា​ ពួកគេ​មិន​ដែល​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​ពីមុន​មក​ដែរ​។ មួយ​វិញ​ទៀត​ យប់​នេះ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថោន លី អ៊ីវ៉ាធីណា ប្រាប់​ថា​ នាង​នឹង​បង្ហោះ​វីដេអូ​មួយ​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​នេះ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​ទស្សនិកជន​បាន​យល់​ច្បាស់​ពី បញ្ហា​នេះ៕

 

អត្ថបទ៖ ថា ម៉ាលីដា