ភ្ញាក់​ឡើង! ឈប់​​យកត្រីប្រហុក​ពីគេទៀត​​ទៅ…

ខេត្តតាកែវ ៖​ ផ្ទះ​​ប្រជាពលរដ្ឋ​ចំនួន​៦​កន្លែង​ ដែល​ទទួល​​ទិញ​ប្រហុក​ត្រី​ផ្ទក់​ពី​មេ​ឈ្មួញ​​យក​មក​កែ​ច្នៃ​ រួច​យក​ទៅ​លក់​ចែកចាយ​នៅ​តាម​ទីផ្សារ​នានា​​ក្នុង​ទូ​ទាំង​ខេត្តតាកែវ​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ២០១៦ ​នេះ​ ត្រូវ​​លោក​ប៉ោ​ លាង​គង់ ​ប្រធាន​សាខា​កាំកុង ត្រូល​ខេត្ត​ចុះ​ទៅ​បិទ​​ ដោយ​លោក​បាន​អះអាង​ថា ​ទីតាំង​ផ្ទះ​​ទាំង​៦​កន្លែងនោះ បាន​ទទួល​ទិញ​ប្រហុក​ត្រី​ផ្ទក់ ដែល​ឈ្មួញ​នាំ​ចូល​មក​ពី​ស្រុក​យួន​ដោយ​ខុសច្បាប់ ​ដែល​ទីតាំងត្រូវ​បិទ​នោះ ​ស្ថិត​​ក្នុងភូមិ​ព្រៃ​ទូក ​ឃុំ​អង្កាញ់​ ស្រុកទ្រាំង​ ខេត្តតាកែវ​ ។

ប្រតិបត្តិការនោះ ធ្វើឡើង​​ដោយ​មាន​ការ​ចូលរួម​​សហការ​​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​, ​អាជ្ញាធរ​ស្រុក​ និង​លោក​មេឃុំ​អង្កាញ់​ និង​ប្រជា​ពល​រដ្ឋផងដែរ​ ។

លោក​ប៉ោ ​លាង​គង់ ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ឱ្យដឹង​ថា ​ផ្ទះ​​​ដែល​ទទួលយក​ត្រី​ប្រហុក​ពី​មេ​ឈ្មួញ​នាំ​ចូល​ពី​ស្រុក​យួន​មក ​រួច​កែ​ច្នៃ​លក់​បន្ត​ ​​ហើយពេល​នេះត្រូវយើង​ចុះ​បិទ​នោះ​ មាន​ ១​-ឈ្មោះ​ឈិ​ន វ​ក ​ភេទ​ប្រុស​​ ២-​ឈ្មោះ​ឡាន ​រ៉ា​ ភេទ​ស្រី​ ៣​-ឈ្មោះ​អ៊ី​វ​ ហាវ ​ភេទ​​ស្រី​ ៤​-ឈ្មោះ​ជី​ម ​គួ​យ​ ភេទ​ប្រុស​​ ៥-ឈ្មោះ​យ៉ា​ន ​អៀ​ប ​ភេទ​ប្រុស​ ៦-​ឈ្មោះ​ង៉ុ​ត ​ចាន់ ​ភេទ​ស្រី ​ទាំង​៦​ទីតាំង​នេះ ​នៅ​ពេល​យើង​​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​សាច់​ប្រហុក​ទៅ​រក​ឃើញ​សារធាតុ​គីមី​ Formalin ដែល​ជា​សា​ធាតុ​ម្យ៉ាង​ សំរាប់​ប្រើ​ទៅ​លើ​សាកសព​និង​ធ្វើ​ឱ្យ​អាហារ​សាច់​រក្សា​ទុក​បាន​យូរ​មិន​ស្អុយ ​ហើយ​អ្នក​ដែល​ទិញ​យក​ទៅ​បរិភោគ​ និង​មាន​អាការៈសម្ពាធ​ឈាម​​ធ្លាក់​ចុះ​វិលមុខ​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ។

លោក​​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​​បន្ត​ទៀត​ថា​ ទន្ទឹម​នឹង​​ការ​ចុះ​បិទ​ទីតាំង​នេះ​ដែរ ​លោក​ក៏​បាន​ធ្វើការ​ដកហូត​យក​ត្រី​ប្រហុក​ចំនួន​២០០​គីឡូក្រាម ​យក​ទៅ​កប់​ក្នុង​បរិវេណ​សាលាឃុំ​អង្កាញ់​ ហើយ​លោក​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា​ សូម​បញ្ឈប់​នូវ​ការ​រកស៊ី​នាំ​ត្រី​ប្រហុក​នាំ​ចូល​ពី​ស្រុក​យួន​បន្ត​ទៀត​ទៅ​ ព្រោះ​ប្រហុក​ប្រភេទ​ត្រី​ទាំងនេះ​ ឈ្មួញ​បាន​លាយ​សារធាតុ​គីមី​សំរាប់​មិន​ឱ្យ​ស្អុយ ​និង​ទុក​​បាន​យូរហើយ ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ធ្វើ​ឱ្យ​​អ្នកទិញ​យក​ទៅ​ទទួលទាន​មាន​គ្រោះថ្នាក់​​ដែរ​ ។

គួរ​​បញ្ជាក់​​ថា​ ការ​នាំ​ចូល​ត្រី​ប្រហុក​ពី​ស្រុក​យួន​ចូល​មកនេះ ​មាន​ឈ្មួញ​ម្នាក់​រស់នៅ​ឃុំ​អង្កាញ់​នេះ​ ជា​អ្នក​នាំ​ចូល​មក​តាម​ច្រក​ភ្នំ​ដិ​ន​ស្រុក​គិរីវង់ ​និង​ច្រករបៀង​ ស្រុក​កំពង់​ក្រសាំង​ ស្រុកបុ​រី​ជលសារ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ ​ទើបតែ​ពេល​នេះ​ កាំកុងត្រូល​ហ៊ាន​ចុះ​បង្ក្រាប​នោះ​ ។