រដូវ​ភ្ជុំ​បិ​ណ្យ ! ទៅ​វត្ត​ដែរ​តែ​ត្រូវ​សមត្ថកិច្ច​និង​ពលរដ្ឋ​ដេញចាប់​ទាល់តែ​បាន

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដេញ​ស្ទាក់​រហូត​ចាប់ខ្លួន​បាន​បន្ទាប់​ពី​បុរស​រូប​នោះ​ចូល​ទៅ​ក្នុង​វត្ត​ប៉ុនប៉ង​គាស់​ហិប​ដាក់​លុយ​(​ក្នុង​កុដិ​ព្រះសង្ឃ​) ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៥១​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​វត្ត​ក្រយា ស្ថិត​ក្នុង​ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ វឿ​ន ធា​រិ​ទ្ធ ហៅ ឃី​ន ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ថ្មគោល ឃុំ​ថ្មគោល ស្រុក​ថ្មគោល ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​មក​ស្នាក់​នៅ​ភូមិ​សុភមង្គល ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ត្រូវ​បាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដេញចាប់​ឃាត់ខ្លួន​យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រយា ដោយ​ចោទប្រកាន់​ថា​បាន​ប៉ុនប៉ង​លួច​គាស់​ហិប​ដាក់​លុយ​ក្នុង​កុ​ដ្ឋ​ព្រះសង្ឃ ។

សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ក្រយា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​ករណី​គឺ​មិន​បាន​បាត់បង់​លុយកាក់​អ្វី​នោះ ហើយ​នៅ​ពេល​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕