កម្ទេច​សួនច្បារ​លោក​រដ្ឋមន្ត្រី​ធ្វើ​រំលោភ​លើ​ទ្រូងផ្លូវ

កម្ទេច​សួនច្បារ​លោក​រដ្ឋមន្ត្រី​ធ្វើ​រំលោភ​លើ​ទ្រូងផ្លូវ



រាជធានី​ភ្នំពេញ ៖ សួនច្បារ​រំលោភ​ទ្រូងផ្លូវ​របស់​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ប្រើ​វិធានការ​រដ្ឋបាល​ចុះ​វាយ​កម្ទេច​ចោល កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា បន្ទាប់​ពី​អាជ្ញាធរ​ជូនដំណឹង​ជា​ច្រើន​លើក​ឱ្យ​រុះរើ​ដោយ​ខ្លួនឯង តែ​មិន​ធ្វើ​តាម​ការ​ណែនាំ ។

សួនច្បារ​ដែល​អាជ្ញាធរ​ចោទ​ថា​រំលោភ​លើ​ផ្លូវ​នេះ ស្ថិត​នៅ​ផ្លូវ​ទន្លេមេគង្គ ក្រុម​ទី​៩ ភូមិ​៣​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ដែល​បាន​កសាង​ប្រមាណ​២​ម៉ែត្រ ។ ខណៈ​ពេល​អាជ្ញាធរ​ប្រើ​វិធានការ​រដ្ឋបាល ភរិយា​របស់​លោក​រដ្ឋមន្ត្រី​ក៏​មាន​ប្រតិកម្ម​ផង​ដែរ ។

លោក សែ​ម ដា​រិ​ន នាយករង​រដ្ឋបាល​សាលា​ខណ្ឌ​ជ្រោយចង្វា ដែល​ដឹកនាំ​កងកម្លាំង​ចុះ​វាយ​កម្ទេច​ចោល​បានឱ្យ​ដឹង​ថា សួនច្បារ​នេះ​បាន​ស្ថាបនា​រំលោភ​លើ​ទ្រូងផ្លូវ ហើយ​អាជ្ញាធរ​ខណ្ឌ​បាន​ជូនដំណឹង​ឱ្យ​ម្ចាស់​រុះរើ​ជា​ច្រើន​លើក​មក​ហើយ តែ​ម្ចាស់​មិន​ស្តាប់​ហើយ​នៅ​តែ​ស្ថាបនា​រំលោភ​ចូល​ផ្លូវ ។ ដោយ​មាន​បញ្ជា​ពី​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា ទើប​លោក​ដឹកនាំ​កម្លាំង​សណ្តាប់​ធ្លាប់​ចុះ​មក​វាយ​ចោល​តែ​ម្តង ។

លោក​នាយករង​រដ្ឋបាល​សាលា​ខណ្ឌ​រូប​នេះ និយាយ​ទៀត​ថា មិន​ថា​តែ​សំណង់​សួនច្បារ​អត់​ច្បាប់​ទេ សូ​ម្បី​តែ​សំណង់​ភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​រំលោភ​ច្រាំង​ទន្លេ​ក៏​អត់​ច្បាប់​ដែរ ។ ការ​រុះរើ​សួនច្បារ​នេះ គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​ដល់​អ្នកដំណើរ មិនមែន​ដើម្បី​បុគ្គល​ណា​ម្នាក់​ឡើយ ។ ទោះបីជា​យ៉ាងណា កោះសន្តិភាព​ពុំ​ទទួល​ការ​បំភ្លឺ​ពី​លោក​រដ្ឋមន្ត្រី​ជា​ម្ចាស់​សួនច្បារ​នោះ​ឡើយ ៕