ភ្នាក់ងារទេសចរណ៍​នឹងត្រូវ​បន្ថែមចំនួន​នៅ​ថ្ងៃ​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្តាល​អង្គរវត្ត​ និពន្ធដោយ : អ៊ីសា រ៉ហានី       September-19-2016, 4:38 pm         483

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភ្នាក់ងារទេសចរណ៍​នឹងត្រូវ​បន្ថែមចំនួន​នៅ​ថ្ងៃ​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្តាល​អង្គរវត្ត​​សៀមរាប​៖ ដើម្បី​សម្រួល​ដល់​ការកកស្ទះ ក៏ដូចជា​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​ប្រសើរ​នោះ អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​បន្ថែម​កម្លាំង​ភ្នាក់ងារទេសចរណ៍​នៅ​ប្រាសាទ​អង្គរ ក្នុង​ព្រឹត្តិការណ៍ Equinox ឫ​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​។

​ដោយ​បារម្ភ​ពី​សុវត្ថិភាព ការកកស្ទះ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ដែល​មនុស្សម្នា​សម្រុក​ទៅ​ទស្សនា​ព្រះអាទិត្យ​រះ​លើ​កំពូល​ប្រាសាទ​នៅ​ថ្ងៃទី​២៣ កញ្ញា​ខាងមុខ​នោះ ភ្នាក់ងារទេសចរណ៍ នឹងត្រូវ​បានដាក់​ពង្រាយ និង​បន្ថែម​កម្លាំង​។ មិនបាន​បញ្ជាក់​ពី​ចំនួន​ពិតប្រាកដ​នោះទេ តែ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា នឹង​បង្កើន​ភ្នាក់ងារទេសចរណ៍​ឲ្យ​បាន​ច្រើន ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ ពិសេស​ការពារ​ប្រាសាទពី​ការឡើង​ជាន់ ឫ​អង្គុយ​លើ​បង្កាន់ដៃ​នាគ​ជាដើម​។​

​ខ្លឹមសារ​ក្នុង​ព័ត៌មាន​ដែល​សរសេ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ កញ្ញា​នេះ បាន​សរសេរ​និង​ដកស្រង់​សំដី​របស់លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ដោយបាន​លើកឡើងថា អាជ្ញាធរ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បញ្ចៀស​បញ្ហា​នានា ដែល​អាច​កើតមានឡើង​ក្នុង​ព្រឹត្តិការណ៍​នៅ​ថ្ងៃទី​២៣​ខាងមុខ​។ ក្នុងនោះដែរ អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ទីធ្លា​ខាងក្រៅ​លើ​វាលស្មៅ កុំ​ឲ្យ​សម្រុក​ឈរលើ​ស្ពាន​ហាល​តែមួយ ដែល​អាច​បង្ក​ការគ្រោះថ្នាក់​ដល់ទី​តាំង​នោះបាន​។ តាម​ការ​គណនា​របស់​អ្នកជំនាញ ស្ពាន​ហាល​ដែល​មនុស្ស​គ្រោង​ឈរ​មើល​ព្រះអាទិត្យ​រះ អាច​ផ្ទុក​មនុស្ស​មិន​លើសពី​៤​ពាន់​នាក់​ឡើយ​។​

​ក្នុងន័យ​សម្រួលការ​កកស្ទះ​នេះដែរ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​លំហូរ​ភ្ញៀវ ដោយមាន​ដាក់​ខ្សែ​ដើរ​ទេស្សនា ហើយ​កម្លាំង​ភ្នាក់ងារទេសចរណ៍ នឹងត្រូវ​ដាក់ពង្រាយ​ចាប់ពី​ម៉ោង​៤​ភ្លឺ​តទៅ​។​

​ក្រសួងទេសចរណ៍​បាន​ប្រាប់​ដល់ទី​ភ្នាក់ងារទេសចរណ៍ ក៏ដូចជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ឲ្យ​ជួយ​ផ្សព្វផ្សាយ​បន្ត​នូវ​ព្រឹត្តិការណ៍​នេះ ដល់​ភ្ញៀវទេសចរ​។ ជាទូទៅ រាល់ពេល​មាន​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​តែងមាន​ទេសចរ​ជាតិ​និង​អន្តរជាតិ​ច្រើន សម្រុក​មក​ផ្តិត​ទិដ្ឋភាព​ដ៏​កម្រ​មួយ​នេះ​។ យ៉ាងណាមិញ នៅ​ឆ្នាំនេះ ការ​បង្ហោះ​យន្តហោះ​ដែល​គ្មាន​មនុស្ស​បើក (Drone) ត្រូវបាន​ហាមឃាត់​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងន័យ​អាច​បង្ក​ការរំខាន​ដល់​អ្នកទស្សនា​។​

​គួររម្លឹកថា នៅ​ថ្ងៃទី​២៣ កញ្ញា​ខាងមុខនេះ ព្រះអាទិត្យ​នឹង​រះ​ចំ​ពីលើ​កំពូល​ប្រាសាទអង្គរវត្ត​។ ព្រឹត្តិការណ៍​កើតមាន​រៀងរាល់​២​ដង​ក្នុង​មួយឆ្នាំ ដោយ​លើកទីមួយ​ចំ​ថ្ងៃទី​២០-២១​មីនា និង​២១-២២​កញ្ញា​។ សម្រាប់​ខែកញ្ញា ឆ្នាំ​២០១៦​នេះ ដោយសារ​សម​រាត្រី​នឹងត្រូវ​កើតមានឡើង​នៅ​ម៉ោង​៩​និង​២១​នាទី​យប់​ថ្ងៃទី​២២​ខែកញ្ញា គេ​អាច​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​ពីលើ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែកញ្ញា​។ ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ប្រាសាទអង្គរវត្ត​ទៅដល់​ពិភពលោក​បាន​ស្គាល់ អ្នក​ដែល​បាន​ផ្តិត​រូបភាព​ព្រឹត្តិការណ៍​នេះ ត្រូវ​ចែកចាយ​រូប​ទាំងនោះ​នៅតាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយ​ភ្ជាប់​នឹង​និមិត្តសញ្ញា #angkorequinox៕