អ្នក​ភូមិ​ក្រងស្វាយ​ត្អូញត្អែរ​ពី​ទឹក​ព្រែក​ប្រែ​ជា​កខ្វក់​នៅ​ពេល​អាជ្ញាធរ​បិទ​ទឹក​សង់​ទ្វារ​ទឹក

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ក្រងស្វាយ ឃុំ​ស្វាយអំពារ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ត្អូញត្អែរ​ពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ បន្ទាប់​ពី​ទឹក​ព្រែក​ដែល​នៅ​ពី​ក្រោយ​ផ្ទះ​អ្នក​ភូមិ ប្រែ​ជា​កខ្វក់ និង​មាន​ក្លិន​ស្អុយ។ អ្នក​ភូមិ​លើក​ឡើង​ទៀត​ថា ទឹក​ព្រែក​នេះ​ប្រែប្រួល​នៅ​ពេល​អាជ្ញាធរ​មូលដ្ឋាន​បិទ​ផ្លូវ​ទឹក​នេះ ដើម្បី​សាងសង់​ទ្វារ​ទឹក ប្រយោជន៍​ទប់​ទឹក​ទុក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​នៅ​រដូវ​ប្រាំង។

អ្នក​ភូមិ​ក្រងស្វាយ ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បើក​ផ្លូវ​បង្ហូរ​ទឹក​កខ្វក់​ចេញ​ពី​ព្រែក​ក្រងស្វាយ ដែល​ពួក​គាត់​ធ្លាប់​ប្រើប្រាស់។ ពួក​គាត់​អះអាង​ថា ការ​បិទ​ទឹក​ដើម្បី​ធ្វើ​ទ្វារ​ទឹក បាន​ធ្វើ​ឲ្យ​ទឹក​ក្នុង​ព្រែក​នៅ​ភូមិ​ក្រងស្វាយ ប្រែ​ជា​កខ្វក់ មាន​ក្លិន​ស្អុយ មិន​អាច​ឲ្យ​ពួក​គាត់​ប្រើប្រាស់​បាន។

អ្នក​ភូមិ​ក្រងស្វាយ លោកស្រី ម៉ៃ កេត ថ្លែង​បណ្ដើរ​លើក​ដៃ​ចង្អុល​ទៅ​ទឹក​ព្រែក​ដែល​មាន​សំរាម​រលួយ និង​កំប្លោក​អណ្ដែត​កក​កុញ​ថា រយៈពេល​ជិត ៣​ខែ​ហើយ​ដែល​ទឹក​ក្នុង​ព្រែក​ក្រងស្វាយ ប្រែ​ជា​កខ្វក់ មិន​អាច​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់​បាន។ លោកស្រី​ថា ក្រៅ​ពី​មាន​ក្លិន​ស្អុយ ទឹក​នោះ​នៅ​ធ្វើ​ឲ្យ​រោល​រមាស់​ស្បែក​ថែម​ទៀត៖ «»

លោកស្រី ម៉ៃ កេត បន្ត​ថា អ្នក​ភូមិ​ត្រូវ​បង្ខំ​ចិត្ត​ទិញ​ទឹក​ទាំង​ទឹក​ទទួល​ទាន និង​ទឹក​ប្រើប្រាស់ ដែល​ជា​បន្ទុក​បន្ថែម​ទៀត​ទៅ​លើ​ចំណាយ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ៖ «»

ទ្វារ​ទឹក​ព្រែក​ក្រងស្វាយ ២០១៦ ៨៥៥
ទ្វារ​ទឹក​នៅ​ក្នុង​ព្រែក​ក្រងស្វាយ នៅ​ឃុំ​ស្វាយអំពារ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth

ព្រែក​ក្រងស្វាយ ជា​ផ្លូវ​ទឹក​ខ្លី​មួយ​មាន​ប្រវែង​ប្រហែល ២​គីឡូម៉ែត្រ ឋិត​នៅ​ខាង​ក្រោយ​ផ្ទះ​អ្នក​ភូមិ។ ព្រែក​នេះ​តភ្ជាប់​ព្រែក​ដែល​ជា​ដៃ​ទន្លេ​ចំនួន​២ របស់​ទន្លេ​មេគង្គ។ ព្រែក​ក្រងស្វាយ នេះ ជា​ប្រភព​ទឹក​ប្រើប្រាស់​តែ​មួយ​គត់​របស់​អ្នក​ភូមិ​ជាច្រើន​ជំនាន់​មក​ហើយ ប៉ុន្តែ​ព្រែក​នេះ​ចាប់​ផ្ដើម​រីង​រាក់​មិន​អាច​រក្សា​ទឹក​បាន​ឡើយ​នៅ​ក្នុង​រដូវ​ប្រាំង។ ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ភូមិ​ក្រងស្វាយ ជួប​ការ​លំបាក​ដោយសារ​ភាព​រាំង​ស្ងួត​គ្មាន​ទឹក​ប្រើប្រាស់។ នៅ​ក្រោយ​គ្រោះ​រាំង​ស្ងួត​ក្នុង​ឆ្នាំ​២០១៦ នេះ អ្នក​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ស្នើសុំ​អាជ្ញាធរ​ស្រុក​ឲ្យ​ជួយ​សង់​ទ្វារ​ទឹក ដើម្បី​ទប់​ទឹក​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់។

អ្នក​ភូមិ​ក្រងស្វាយ មួយ​រូប​ទៀត លោកស្រី វ៉ាន់ ថុន រៀបរាប់​ថា ពេល​មាន​ភ្លៀង​ធ្លាក់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អ្នក​ភូមិ​មាន​ទឹក​ខ្លះ​សម្រាប់​ប្រើប្រាស់។ លោកស្រី​ថា មធ្យោបាយ​ដែល​ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បន្ទាន់​នោះ គឺ​ការ​បើក​ផ្លូវ​ទឹក​ឲ្យ​ទឹក​កខ្វក់​នោះ​ហូរ​ចេញ​ពី​ព្រែក ដើម្បី​ទទួល​ទឹក​ថ្មី​ដែល​ល្អ​អាច​ប្រើប្រាស់​បាន៖ «»

នូ នាថ ភូមិ​ក្រងស្វាយ ២០១៦ ៨៥៥
លោក នូ នាថ អ្នក​ភូមិ​ក្រងស្វាយ នៅ​ឃុំ​ស្វាយអំពារ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth

ឈរ​នៅ​លើ​ទំនប់​ខាង​មុខ​ការដ្ឋាន​សំណង់​ទ្វារ​ទឹក អ្នក​ភូមិ​ម្នាក់​ទៀត លោក នូ នាថ មាន​ប្រសាសន៍​ដែរ​ថា បើ​អាជ្ញាធរ​ពន្យារពេល​ត​ទៅ​ទៀត អាច​នឹង​ហួស​ពេល​រដូវ​ទឹក​ឡើង ដែល​នឹង​ធ្វើ​ឲ្យ​កម្ពស់​ទឹក​ក្នុង​ព្រែក​ដែល​ជា​ប្រភព​ទឹក​ផ្ដល់​មក​ព្រែក​ក្រងស្វាយ ស្រក​ចុះ មិន​អាច​ផ្ដល់​ទឹក​ថ្មី​មក​ព្រែក​នេះ​បាន។ លោក​បន្ត​ទៀត​ថា អ្នក​ភូមិ​ប្រឈម​នឹង​គ្មាន​ទឹក​ប្រើប្រាស់​បន្ត​ទៀត៖ «»

គម្រោង​សាងសង់​ទ្វារ​ទឹក​នៅ​ក្នុង​ព្រែក​ក្រងស្វាយ នៅ​ឃុំ​ស្វាយអំពារ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល បាន​ដំណើរ​ការ​ប្រមាណ ៣​ខែ​មក​ហើយ។ ក្រុម​កម្មករ​ដែល​កំពុង​ធ្វើ​ការ​នៅ​ទីនោះ​បញ្ជាក់​ថា គម្រោង​នេះ​អាច​នឹង​ចប់​នៅ​មុន​ថ្ងៃ​ភ្ជុំ​បិណ្ឌ។ ប៉ុន្តែ​ពួក​គេ​ក៏​ព្រួយ​បារម្ភ​ដែរ​ចំពោះ​ការ​រំខាន​ដោយ​ទឹក​ភ្លៀង​ជន់​លិច​ការដ្ឋាន ដែល​មិន​អាច​ឲ្យ​ការងារ​អាច​បញ្ចប់​បាន​ឆាប់​តាម​ការ​រំពឹង​ទុក។

មេ​ឃុំ​ស្វាយអំពារ អ្នកស្រី ជួន ស្រីពៅ មាន​ប្រសាសន៍​ថា គម្រោង​សាងសង់​ទ្វារ​ទឹក​នៅ​ក្នុង​ព្រែក​ក្រងស្វាយ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ​ក្នុង​ភូមិ​មាន​ចំនួន​សរុប​ជិត ២​ពាន់​នាក់ ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​រដូវ​ប្រាំង។ អ្នកស្រី​បន្ត​ថា ការ​ទប់​ទឹក​ជា​មធ្យោបាយ​ចាំ​បាច់​សម្រាប់​ការ​កសាង​ទ្វារ​ទឹក ហើយ​គេ​អាច​បើក​ទឹក​បាន​នៅ​ពេល​សំណង់​ទ្វារ​ទឹក​សង់​រួច​រាល់។

អ្នក​ភូមិ​ក្រងស្វាយ គឺ​លោកស្រី ម៉ៃ កេត លើក​ឡើង​ថា ពលរដ្ឋ​សាទរ​ចំពោះ​ការ​សាងសង់​ទ្វារ​ទឹក​នេះ ប៉ុន្តែ​លោកស្រី​ក៏​មិន​ខុស​ពី​ពលរដ្ឋ​ផ្សេង​ទៀត​នៅ​ក្នុង​ភូមិ​ដែរ នៅ​តែ​ទទូច​ចង់​ឲ្យ​អាជ្ញាធរ​បើក​ផ្លូវ​បង្ហូរ​ទឹក​កខ្វក់​នោះ​ឲ្យ​ទាន់​ពេលវេលា៖ «»

បើ​ទោះ​ជា​យ៉ាង​ណា មេ​ឃុំ​ស្វាយអំពារ ថ្លែង​ថា អ្នកស្រី​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នកស្រី​នឹង​ចុះ​ពិនិត្យ​ស្ថានភាព ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​ទៅ​តាម​សំណើ​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។