ឆ្មក់​បង្ក្រាប​ឈើ​ធ្នង់​បម្រុង​នាំ​ទៅ​វៀតណាម ម្ចាស់​រត់​ចោល​រថយន្ត

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​១​គ្រឿង ពណ៌​ស្ក មិន​មាន​ពាក់​ស្លាក​លេខ បាន​បើក​មក​ចូល​បម្រុង​ដឹកឈើ​ធ្នង់​យក​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម តែ​ត្រូវ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ទាន់​ពេលវេលា ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​រាំង​កើត ឃុំ​មេមត់ ស្រុក​មេមត់ ដោយ​រឹបអូស​បាន​ឈើ​ច្រើន​ដុំ​បញ្ជូន​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេមត់ ។

លោក​វរសេនីយ៍ត្រី ទូច សម្បត្តិ នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​ពលរដ្ឋ​ល្អ​ដែល​បានឃើញ​ហេតុការណ៍​រថយន្ត​ឡង់​គ្រី​ស័​របើក​មក​ចូល​ចត​ដើម្បី​ដាក់​ឈើ​ធ្នង់​នៅផ្ទះ ដែល​មិន​មាន​មនុស្ស​នៅ​ខាងលើ ក៏​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ ហើយ​រូប​លោក​បាន​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចុះ​បង្ក្រាប​ជា​បន្ទាន់ ព្រមទាំង​មាន​កិច្ចសហការ​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចុះ​ទៅ​ដល់​ផ្ទះ​ដាក់​ឈើ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​តែ​រថយន្ត​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នោះ​ដែរ​ក៏​មានការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចូល​ឆែកឆេរ​ក្នុងផ្ទះ​ក៏​បានឃើញ​សុទ្ធ​សឹង​ជា​ប្រភេទ​ឈើ​ធ្នង់​ជា​ច្រើន​កំណាត់​ក៏​លើកដាក់​លើ​រថយន្ត​បញ្ជូន​មក​កាន់​ទីស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេមត់ ។

លោក​វរសេនីយ៍ត្រី ទូច សម្បត្តិ បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៦​កន្លង​ទៅ រូប​លោក​ធ្លាប់​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​បង្ក្រាប​ម្តង​ដែរ​នៅផ្ទះ​នេះ ដោយ​រឹបអូស​បាន​ឈើ​ធ្នង់​ចំនួន​៥៩​ដុំ ។

លោក កែវ កុសល នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេមត់ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ឈើ​ធ្នង់​ដែល​រឹបអូស​បាន​ខាងលើ​សរុប​ទាំងអស់​មាន​ចំនួន​៣៥​ដុំ និង​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត និង​ធ្វើការ​ស្រាវជ្រាវ​តាម​រក​ម្ចាស់​ឈើ​បន្ត​ទៀត​ផង​ដែរ ៕