មិន​គួរ​សោះ ! ទៅ​ហូប​អាហារ​ពេល​ព្រឹក បែរជា​…

ខេត្តបាត់ដំបង ៖ មន្ត្រី​យោធា​ម្នាក់​ខណៈ​ទៅ​ហូប​អាហារ​ពេល​ព្រឹក​នៅ​ហាង​គុយ​មួយ​កន្លែង ហើយ​ដើរទៅ​បន្ទប់ទឹក​ក៏​រអិល​ដួល​ស្លាប់​យ៉ាង​អាណោចអាធ័ម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ នួន វុ​ទ្ធី ហៅ ម៉ៅ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងពលតូច​លេខ​៥៣ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ទៅ​ហូប​អាហារ​ពេល​ព្រឹក​នៅ​ហាង​គុយទាវ​មួយ​កន្លែង​នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ហើយ​គាត់​បាន​ដើរទៅ​បង្គន់​អនាម័យ​នៅ​ខាងក្រោយ​ក៏​រអិល​ដួល​ស្លាប់​នៅ​ខាង​មុខ​បន្ទប់​អនាម័យ​នោះ​តែ​ម្ដង ដែល​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​ដាច់​ស​សៃ​ឈាម ។

បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។ មន្ត្រី​ជំនាញ​បាន​និយាយ​ថា ជន​រង​គ្រោះ​ទំនងជា​ដាច់​ស​សៃ​ឈាម ព្រោះ​បើ​តាម​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ធ្លាប់​មាន​ជំងឺ​ឡើង​ឈាម ។ ក្រោយ​ពិនិត្យ​រួច​ប្រគល់ សមត្ថកិច្ច​ជំនាញ​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕