គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ​ថា​ខ្លួន​នឹង​រៀបចំ​ផ្ដល់​ជំនួយ​នានា​ដល់​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ

គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ អះអាងថា ខ្លួន​នឹង​រៀបចំ​ផ្ដល់​ជំនួយ​នានា​ដល់​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ទឹក​ដី​ថៃ។

លិខិត​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ ឆ្លើយ​មក​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា ចំពោះ​កង្វល់​របស់​កម្ពុជា​ដែល​ថា មាន​ការ​បង្ខិត​បង្ខំ​ពលករ​នេសាទ​ខ្មែរ​ឲ្យ​ប្រើប្រាស់​គ្រឿង​ញៀន បង្ខំឲ្យ​បន្ត​ធ្វើ​ការ​ដោយ​គ្មាន​ពេល​ពេល​សម្រាក។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​ប្រធានគណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី​ បាន​ទេ នៅ​ថ្ងៃ​ទី​១៩ កញ្ញា។

លិខិត​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ​បញ្ជាក់​ថា គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ ធ្លាប់​បាន​ផ្ដល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​ថៃ​តាំង​ពី​ឆ្នាំ​២០១៥​មក ពី​បណ្ដឹង​មួយ​ចំនួន​ទាក់ទង​នឹង​សិទ្ធិ​ពលករ​ទេសន្តរប្រវេសក៍​ក្នុង​អំឡុង​ឆ្នាំ២០១០ ដល់​ឆ្នាំ​២០១៤។ អនុសាសន៍​ទាំងនោះ គឺ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស។ ចំពោះ​ម្ចាស់​ទូក​នេសាទ​ដែល​ប្រើ​កម្លាំង​ពលករ​ដែល​គ្មាន​ឯកសារ​អត្តសញ្ញាណ​ត្រឹមត្រូវ នឹង​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ។

លិខិត​ដដែល​បន្ត​ថា ចំពោះ​ការ​បង្ការ​វិញ គឺ​គណៈកម្មការ​នេះ ស្នើ​ទៅ​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​ថៃ ឲ្យ​លើក​កម្ពស់​ចំណេះ​ដឹង​ដល់​ពលករ​ដែល​ធ្វើ​ការ​នៅ​ទី​នោះ ឲ្យ​យល់​ដឹង​ពី​​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព និង​យល់​ដឹង​ពី​គ្រោះ​ថ្នាក់ នៃ​ការ​ជួញដូរ​កេង​ប្រវ័ញ្ច​ការងារ​ជាដើម។

បន្ថែម​ពី​នេះ គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ​ថា នឹង​តាមដាន​ការ​អនុវត្ត​អនុសាសន៍​របស់​ខ្លួន ដែល​បាន​ដាក់​ទៅ​រដ្ឋាភិបាល​ថៃ​នា​ពេល​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។