សម្តេច ហ៊ុន សែន សង្ឃឹមថា ធនាគារ​នឹង​យោគយល់​ដល់​កសិករ​ និពន្ធដោយ : ថ្មីៗ       September-19-2016, 7:39 pm         384

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច ហ៊ុន សែន សង្ឃឹមថា ធនាគារ​នឹង​យោគយល់​ដល់​កសិករ​​ភ្នំពេញ​៖ ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​អំពី​បញ្ហា​តម្លៃ​ស្រូវ ដែល​បាន​ធ្លាក់​ថ្លៃ​។ ការលើកឡើង​អំពី​តម្លៃ​ស្រូវ​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ ក្រោយពី​មានការ​ផ្ទុះ​ការតវ៉ា​ពី​កសិករ​នៅ​ខេត្តបាត់ដំបង​។​

​ទាំង​ការអំពាវនាវ​ដល់​ធនា​គារ​ឲ្យ​យល់យោគ​ដល់​កសិករ​ដែល​ជំពាក់​ប្រាក់ ទាំង​ការអំពាវនាវ​ដល់​រោង​ម៉ា​ស៊ី​កិនស្រូវ​ឲ្យ​ប្រមូល​ទិញស្រូវ​កសិករ​តាម​តម្លៃ​ត្រឹមត្រូវ និង​ទាំង​ការអំពាវនាវ​ដល់​ពល​រដ្ឋ​ខ្លះ​ឲ្យ​រក្សាទុក​ស្រូវ​ដោយ​រង់ចាំ​តម្លៃ​ទីផ្សារ​កើនឡើង ទាំងនេះ​គឺជា​ស្នើ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​នេះ​។​

​សម្តេច ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​សូម​ធនាគារ​ទាំងឡាយ​យោគយល់​ដល់​ពលរដ្ឋ​ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក​។ សូមកុំ​ប្តឹង​ពួកគាត់​ទៅ​តុលាការ សូមកុំ​រឹបអូស​យក​ផ្ទះ និង​ដីធ្លី​ពួកគាត់ សូម​ពន្យា​ពេល​នៃ​ការ​សងលុយ ឬក៏​បន្ថយ​ការប្រាក់​ចំពោះ​កសិករ​…»​។​

​ការអំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ​ក្រោយពី​កសិករ​នៅ​ស្រុក​សង្កែ​នៃ​ខេត្តបាត់ដំបង​បាន​តវ៉ា​បិទផ្លូវ​ជាតិ ដើម្បី​បង្ហាញ​ពី​ការមិនសប្បាយចិត្ត​ដែល​តម្លៃ​ស្រូវ​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​។​

​ពលរដ្ឋ​មួយចំនួន​បាន​ថ្លែងថា ពួកគេ​ត្រូវ​បង្ខំចិត្ត​លក់​ស្រូវ​ចេញ បើទោះជា​ដឹងថា​ទីផ្សារ​ស្រូវ​កំពុង​ធ្លាក់​ថ្លៃ​ក៏ដោយ​។ នោះ​គឺ​ដោយសារតែ​ពួកគេ​ត្រូវការ​ប្រាក់​។​

​សម្រាប់​សម្តេច ហ៊ុន សែន ការប្រែប្រួល​ក្នុង​ទីផ្សារ​ពិភពលោក គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​ស្រូវ​នៅ​កម្ពុជា ហើយ​ថា​ទីផ្សារ​កៅស៊ូ និង​ប្រេង​ក៏​រង​ការប៉ះពាល់​ដែរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​ពាណិជ្ជករ និង​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​អង្ករ​ក្នុងស្រុក ជាជាង​អង្ករ​ដែល​ចូល​ពី​បរទេស​៕