បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជួប​បុរស​ខ្លាំង​អេ​ហ្ស៊ី​ប Sisi និពន្ធដោយ : សៅ ផលនិស្ស័យ       September-19-2016, 8:59 pm         174

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជួប​បុរស​ខ្លាំង​អេ​ហ្ស៊ី​ប Sisi​លោក ដូ​ណា​ល់​ត្រាំ នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អេ​ហ្ស៊ី​ប  Abdel Fattah al-Sisi នៅ​ថ្ងៃ​ចន្ទ​ទី ១៩ កញ្ញា នៅក្រៅ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក​។  បេក្ខជន​ប្រធានាធិបតី​រូបនេះ​កំពុង​ព្យាយាម​បង្ហាញថា​ខ្លួន​មាន​សមត្ថភាព​ការទូត និង​អាច​ធ្វើការ​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​បាន​។ ប៉ុន្តែ​ប្រជាជន​អេ​ហ្ស៊ី​ប​ភាគច្រើន​មិន​ចូលចិត្ត​លោក ដូ​ណា​ល់ ត្រាំ​ឡើយ​។

​បេក្ខជន​ប្រធានាធិបតី បក្ស​សា​ធាណរ​ដ្ឋ លោក ដូ​ណា​ល់ ត្រាំ នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក Abdel Fattah al-Sisi ក្នុងឱកាស​ដែល​លោក​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក​។

​យោងតាម​ទី​ភា្ន​ក់​ងារ​ព័ត៌មាន​រដ្ឋ​អេ​ហ្ស៊ី​ប MENA លោក  Abdel Fattah al-Sisi អញ្ជើញ​មកដល់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ចន្ទ​ទី ១៩ កញ្ញា​នេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហ​ប្រជាជន​ដែលជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​។ ហើយ​លោក​ក៏​ឆ្លៀតឱកាស​នេះ​ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​នេះ​តែម្តង​។

​បើតាម​សារព័ត៌មាន​អាមេរិក Politico លោក ដូ​ណា​ល់ ត្រាំ នឹង​ជជែក​ពី​បញ្ហា​សន្តិសុខ និង​បណ្តា​បញ្ហា​មួយចំនួន​ផ្សេងទៀត​ពាក់ព័ន្ធ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក​និង​អេ​ហ្ស៊ី​ប​ផងដែរ​។​កន្លងមក សេដ្ឋី​អចលវត្ថុ រូបនេះ បាន​បញ្ជាក់ថា លោក​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​សហការ​ជាមួយ​រដ្ឋាភិបាល​លោក  Abdel Fattah al-Sisi ដើម្បី​ប្រឆាំង​ភេរវកម្ម​រួមគ្នា​។​

​ការជួបពិភាក្សា​ជាមួយ​មេដឹកនាំ​អេ​ហ្ស៊ី​ប​នេះ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការប្រឹងប្រែង​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បង្ហាញ​សមត្ថភាព​ការទូត​របស់ខ្លួន​។ ហើយ​លោក​ក៏​ព្យាយាម​បង្ហាញ​ទៅកាន់​ប្រជាជន​អាមេរិក​ផងដែរ​ថា លោក​ពិតជា​អាចធ្វើ​ការ​ជាមួយ​មេដឹកនាំ​ពិភពលោក​បាន​ទោះ​លោក​មិនសូវមាន​បទពិសោធន៍​ផ្នែក​នេះ​ក្តី​។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ ប្រជាជន​អេ​ហ្ស៊ី​ប​មិន​ចូលចិត្ត លោក ដូ​ណា​ល់ ត្រាំ ឡើយ​។ តាំងពី​យូរ​មកហើយ ប្រជាជន​អេ​ហ្ស៊ី​ប​ស្អប់​សម្តី​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​ចូលចិត្ត​និយាយ​រឿង​សាសនា​លូក​ឡំ​ជាមួយ​រឿង​នយោបាយ​និង​បញ្ឆេះ​គំនិត​ស្អប់ខ្ពើម​និង​រើសអើង​សាសនា​។ ដូច​ឃើញស្រាប់​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​ស្នើ​ឲ្យ​មាន​ការបិទ​ព្រំដែន​មិន​ឲ្យ​ប្រជាជន​ម៉ូ​ស្លី​ម​ចូល​ទឹកដី​អាមេរិក​ផង​។​

​សូមបញ្ជាក់ថា លោក Abdel Fattah al-Sisi ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ដែល​ឡើងកាន់​អំណាច​នៅ​ឆ្នាំ ២០១៣ ដោយ​ដណ្តើម​អំណាច​ពី​ប្រធានាធិបតី​ដែលជា​សមាជិក​ក្រុម​ភាតរ​ឥស្លាម​លោក Mohamed Morsi​។ បន្ទាប់ពី​ឡើងកាន់​អំណាច​មេដឹកនាំ​ម្នាក់នេះ​បាន​ប្រើប្រាស់​អំណាច​បង្ក្រាប​រាល់​អ្នកគាំទ្រ​សមាជិក​ក្រុម​ភាតរ​ឥស្លាម និង​បណ្តា​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​ជាដើម​ដោយ​ឥត​សំចៃ​ដៃ​។ ដូច្នេះហើយ បានជា​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក​និង​អេ​ហ្ស៊ី​ប​សូវ​ល្អប្រសើរ​ឡើយ​៕