ប្រកាស​មេបញ្ជាការ​ស្តីទី​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧

ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ទោ ប្រាក់ សាំ ត្រូវ​បាន​ក្រសួងមហាផ្ទៃ ប្រកាស​ផ្ទេរ​ភារកិច្ច​ពី​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​ព្រំដែន ប៉ុន្តែ​ក្នុង​ពិធី​ប្រកាស​នោះ លោក​ប្រាក់ សាំ មិន​បាន​ចូលរួម​នោះ​ទេ​។

ពិធី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​បញ្ជាការដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ ត្រី​ម៉ៅ  រ៉ៃ ស្នងការ​រង​តំណាង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។ លោក​វរសេនីយ៍ត្រី ជួន ពេជ្រ មេបញ្ជាការ​ង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ធ្វើ​សេចក្តីរាយការណ៍​ជុំវិញ​កិច្ច​សហប្រតិបត្តិការ និង​ការងារ​បង្ការ​ទប់ស្កាត់​បទល្មើស​ព្រំដែន រួច​មក​។

លោក​វរសេនីយ៍ឯក វង្ស  វិត ស្នងការ​រង ទទួល​ការងារ​ធនធានមនុស្ស អាន​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​៦១៨៧​ប្រ​.​ក ចុះ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៦ សម្រេច​ផ្ទេរ​ភារកិច្ច​លោក​វរសេនីយ៍ទោ ប្រាក់ សាំ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បច្ចេកទេស​ព្រំ ដែន​។ បន្ទាប់​មក​លោក​វរសេនីយ៍ទោ ម៉ក់ ឧត្តម នាយការិយាល័យ​បុគ្គលិក អាន​លិខិត​បង្គាប់ការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ ស្តី​ពី​ការ​ប្រគល់​ភារកិច្ច​បណ្តោះអាសន្ន​ជូន​លោក​វរសេនីយ៍ទោ រស់ សា​រុំ ជា​មេបញ្ជាការ​ស្តីទី​ដឹកនាំ​រួម​នៃ​អង្គភាព​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​។

មតិ​សំណេះសំណាល នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ  រ៉ៃ ស្នងការ​រង​បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​តួនាទី​របស់​មន្ត្រីរាជការ  កងកម្លាំងប្រដាប់អាវុធ ពិសេស​គឺ​កងកម្លាំង​នគរបាល​ជាតិ នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ នា​ឱកាស​នេះ គឺជា​រឿង​ធម្មតា​ដើម្បី​រក​អ្នកដឹកនាំ​អង្គភាព​ឲ្យ​មានការ​រីក​ចម្រើន ជាក់ស្តែង​ដូច​ថ្ងៃនេះ គឺ​អង្គភាព​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ត្រូវ​បាន​ក្រសួងមហាផ្ទៃ ប្រកាស​ផ្ទេរ​ភារកិច្ច​របស់​លោក​វរសេនីយ៍ទោ​ប្រាក់ សាំ ពី​មេបញ្ជាការ​វរ​សេនា​តូច​៨០៧ ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​ព្រំដែន​។

ក្នុងថ្ងៃនេះ​ដែរ ដើម្បី​ឲ្យ​អង្គភាព​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​នេះ មាន​ថ្នាក់ដឹកនាំ​បណ្តោះអាសន្ន​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ចេញ​លិខិត​បង្គាប់ការ​ឲ្យ លោក​វរសេនីយ៍ទោ រស់ សា​រុំ ជា​អ្នកដឹកនាំ​រួម​ជំនួស​លោក​ប្រាក់ សាំ ។ នា​ឱកាស​នោះ​ដែរ លោកស្នងការ​រង បាន​រិះគន់​ចំ​ៗ​ក្នុង​អង្គភាព​វរ​សេនា​តូច​លេខ​៨០៧ កន្លង​មក​ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រាក់ សាំ បាន​ធ្វើ​ឲ្យ​បាត់បង់​នូវ​សាមគ្គីភាព​ផ្ទៃក្នុង គ្មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​បញ្ជា បង្ក​បក្សពួក​និយម គ្រួសារ​និយម ជាមួយ​បណ្តា​អង្គភាព​ពាក់ព័ន្ធ ខ្វះ​ការ​ទំនាក់ទំនង ពិសេស​គឺ​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ​នៅ​តាម​បណ្តោយ​ព្រំដែន​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ក៏​បាន​ផ្តាំផ្ញើ​ដល់ មេបញ្ជាការ​ស្តីទី គឺ​ត្រូវ​ពង្រឹង​ឡើង​វិញ​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​អង្គភាព​ពាក់ព័ន្ធ  ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មាន​កិច្ចសហការ​ល្អជា​មួយ​ប្រទេស​ជិតខាង និង​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ក្នុង​នោះ​ត្រូវ​ទប់ស្កាត់​ការ​នាំ​ទំនិញគេចពន្ធ ឆ្លង​ដែន​ខុសច្បាប់ និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​៕