មន្ត្រីបរិស្ថានមិន​ហ៊ាន​ប៉ះពាល់​ទេ កូនចៅ​អ្នកមាន​លុយ !

ខេត្ត​ប៉ៃលិន ៖ កម្មករ​ចំនួន​៤​នាក់ ត្រូវ​បាន​ខាង​មន្ត្រី នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បន្ទាប់​ពី​ចាប់​ឃាត់ខ្លួន​ពួក​គេ ខណៈ​ឃើញ​កំពុង​នាំ​គ្នា​យក​ម៉ាស៊ីន​ទៅ​ស៊ីឈ្នួល​កាប់​រំលំ​ដើមឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​ឱ្យ​អ្នកមាន​លុយ​ម្នាក់​នៅ​ក្នុង​ក្រុងប៉ៃលិន បម្រុង​នឹង​យក​ដី​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​។

លុះ​កំពុង​តែ​កាប់​ឈើ​ឮ​ទ្រហឹង​ពេញ​ព្រៃ ក៏​ត្រូវ​ខាង​មន្ត្រី​បរិស្ថាន​ក្របួច​ជាប់ ហើយ​ធ្វើ​កិច្ចសន្យា រួច​ដោះ​លែង​ឱ្យទៅ​ផ្ទះ​វិញ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​តំបន់​ឧ​ទ្យា​នុ​រក្ស​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន ក្នុង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន​។ ជនសង្ស័យ​ទាំងនោះ មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​៤​នាក់ រស់នៅ​ក្នុង​ក្រុងប៉ៃលិន ត្រូវ​ខាង​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ចាប់​ប៉ះ​ចំ​អ្នក​ដែល​ស៊ីឈ្នួល​កាប់​ព្រៃឈើ​ឱ្យ​អ្នកមាន​លុយ​ម្នាក់ រស់នៅ​ក្នុង​ក្រុងប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​បរិស្ថាន​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឱ្យ​ដឹង​ថា ដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ឃើញ​មាន​ជនខិលខូច បាន​នាំ​គ្នា​ទៅ​លួច​កាប់​ព្រៃឈើ​តំបន់​អភិរក្ស ទើប​ខាង​មន្ទីរ​បរិស្ថាន នាំ​គ្នា​ជិះ​ម៉ូតូ​ឡើង​ទៅ​ពិនិត្យ​មើល​តែ​ម្តង​។ ប្រភព​បន្ត​ទៀត​ថា​ខណៈ​ទៅ​ដល់ ស្រាប់តែ​គេ​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​ទាំងនោះ​កំពុង​យក​ម៉ាស៊ីន​ស៊ីឈ្នួល​កាត់ឈើ​ឱ្យ​អ្នកមាន​លុយ​ម្នាក់ ដើម្បី​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំងនោះ​មាន​គ្នា​ចំនួន​៤​នាក់ ដោយ​រឹបអូស​បាន​វត្ថុ​តាង​មាន ម៉ាស៊ីន​កាត់​ស្មៅ​ចំនួន​២​គ្រឿង កាំបិត​ខ្វែវ​ចំនួន​៣​ដើម និង​ពូថៅ​១​ដើម ហើយ​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​រៀបចំ​ឱ្យ​ផ្តិត​មេដៃ​ធ្វើ​កិច្ចសន្យា រួច​ដោះ​លែង​ទៅ​វិញ គ្រាន់តែ​រក្សា​ទុក​នូវ​វត្ថុ​តាង​។ សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០​និង​១១ ខែកញ្ញា ឆ្នាំ​២០១៦ ក្រុម​ឧ​ទ្យា​នុ​រក្ស​បាន​ចុះ​ល្បាត​នៅ​ចំណុច​ស្លេវ និង​ចំណុច​គគីរ​ប្រហោង ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​បាន​ជួប​ប្រទះ​នឹង​កំណាត់ឈើ​បទល្មើស​ដែល​គេ​អារច្រៀក​ស្រាប់​ទុក​ចោល ដោយ​ស្ថានភាព​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន ទើប​ក្រុមការងារ​មន្ត្រី​បរិស្ថាន​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​តែ​ម្តង​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ ត្រូវ​បាន​ខាង​លោក​ឱ្យធ្វើ​កិច្ចសន្យា​រាងចាល រួច​ដោះ​លែង​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​។ លោក​បន្ត​ទៀត​ថា ខាង​លោក​អត់​បាន​កត់​ឈ្មោះ​ជនសង្ស័យ​ទាំងនោះ​ទេ ព្រោះ​មិន​ចង់ឱ្យ​មានរឿង​វែង​ឆ្ងាយ​តទៅ​ទៀត​។ ម្យ៉ាង​វិញ ទៀត​លោក​អត់​សូវ​ហ៊ាន​ដែរ ដោយ​ពួក​គេ​ស៊ីឈ្នួល​កាប់​ព្រៃ​ឱ្យ​អ្នកមាន​លុយ​មាន​អំណាច នៅ​ក្នុង​ក្រុងប៉ៃលិន​៕