បណ្ដេញ​ចេញពី​ក្រុមហ៊ុន​៦​ខែ​ហើយ តែ​បន្លំ​ប្រមូល​លុយ​ពី​អតិថិជន​រហូត

រាជធានី​ភ្នំពេញ ៖ ជន​កំហូច​ម្នាក់​ដែល​ពី​មុន​ជា​ភ្នាក់ងារ​ក្រុមហ៊ុន​លក់​ម៉ូតូ​បង់​រំ​លោះ ជី​អិ​ល​ហ្វា​យ​នែ​ន មុខងារ​ជា​មន្ត្រី​ប្រមូល​ទុន ហើយដោយ​សារ​តែ​ជន​នេះ មាន​ចរិត​មិន​ស្មោះត្រង់ លោភលន់​កេងប្រវ័ញ្ច​ពី​ក្រុមហ៊ុន ត្រូវ​បាន​ក្រុមហ៊ុន​បណ្ដេញចេញ​បញ្ឈប់​ពី​ការងារ អស់​រយៈពេល​៦​ខែ​កន្លង​មក​ហើយ​។ ប៉ុន្តែ​មិន​ត្រឹមតែ​មិន​រាងចាល​ប៉ុណ្ណោះ​ទេ រឹតតែ​លើស​ដើម​គឺ​បាន​បន្លំ​ខ្លួន​ជា​បុគ្គលិក​ក្រុមហ៊ុន​ដដែល និង​បាន​ប្រមូល​លុយ​ពី​អតិថិជន​ដែល​ខ្លួន​ធ្លាប់​ស្គាល់ ដាក់​ហោប៉ៅ​យ៉ាង​សប្បាយ ធ្វើ​ឲ្យ​ក្រុមហ៊ុន​មានការ​ខាតបង់ ហើយ​ខាង​អតិថិជន​វិញ​ក៏​បាន​ខាតបង់​ដែរ ជាង​នេះ​ទៀត​ត្រូវ​ប្រឈម​មុខ​ជាមួយនឹង​ក្រុមហ៊ុន​ទៀត​ផង​។

ប៉ុន្តែ​ទ​ង្វើ​អាក្រក់​របស់​ជន​នោះ មិន​អាច​រីក​ចម្រើន​បាន​យូរ​នោះ​ឡើយ ទីបំផុត​ត្រូវ​បែកការ ហើយ​ត្រូវ​បាន​អតិថិជន សហ​ការណ៍​ជាមួយនឹង​ក្រុមហ៊ុន ហើយ​រាយ​អន្ទាក់​យ៉ាង​ត្រឹមត្រូវ​រួច​បញ្ឆោត​ឲ្យ​ជន​នេះ​ចូល​ស៊ង​ទើប​ក្របួច​បាន នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ជួយ​ចាត់ការ​តាម​ច្បាប់​។  ការ​ឃាត់ខ្លួន​ជន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៣​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​កំហូច​ម្នាក់​ឈ្មោះ អ៊ុ​ក សុវណ្ណ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ អតីត​ជា​បុគ្គលិក​ផ្នែក​ប្រមូល​ទុន ក្រុមហ៊ុន​លក់​ម៉ូតូ​បង់​រំ​លោះ ជី​អិ​ល​ហ្វា​យ​នែ​ន មានស្រុក​កំណើត​នៅ​ក្នុងភូមិ​បឹង​ទូក ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។ ចុង​ក្រោយ​ត្រូវ​ជាប់អន្ទាក់​អតិថិជន​ម្នាក់​ឈ្មោះ ង៉ែត បុណ្យ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ឆ្លងកាត់ សង្កាត់រ​លាភ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ បាន​ចាញ់បោក​ជនសង្ស័យ​ម្នាក់​នោះ​រយៈពេល​៦​ខែ អស់​ចំនួន​៥៤០​ដុល្លារ​។

ដោយនៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ទិញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ក្នុង​តម្លៃ​ជិត​២០០០​ដុល្លារ តាម​រយៈ​ការ​បង់​រំ​លោះ​ក្នុង​១​ខែ ចំនួន​៩០​ដុល្លារ និង​មាន​រយៈពេល​៣​ឆ្នាំ​។ ក្នុង​ពេល​ទៅ​ទិញ​នោះ​ជនសង្ស័យ​ជា​អ្នក​រៀបចំ​ឯកសារ ព្រោះ​ពេល​នោះ​ជនសង្ស័យ មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​បណ្ដេញ​នៅឡើយ​ទេ​។ លុះដល់​កំណត់ពេល​ត្រូវ​បង់លុយ ជន​នោះ​ជា​អ្នក​ប្រមូល​ពី​ជន​រង​គ្រោះ និង​បាន​បង្ខំ​ឲ្យ​ជន​រង​គ្រោះ​វេរ​ប្រាក់​តាម​វី​ង​ចូល​លេខ​ទូរស័ព្ទ​របស់​ខ្លួន ហើយ​ជន​រង​គ្រោះ​ក៏​ចេះ​តែ​វេរ​ឲ្យ​រហូត​រយៈពេល​៦​ខែ​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​មួយ​រយៈ​ចុង​ក្រោយ​នេះ មានការ​សង្ស័យ ជន​រង​គ្រោះ​មិន​ចង់​វេរ​ឲ្យ ជន​នោះ​បាន​គំរាម​ប្ដឹង​នគរបាល ចំណែក​ក្រុមហ៊ុន​បាន​តាម​ទារ​លុយ​ពី​ជន​រង​គ្រោះ ទើប​បែកធ្លាយ​រឿង​ជន​នោះ​បោក​ទាំង​ខ្លួនឯង​ជា​អតិថិជន និង​បោក​ក្រុមហ៊ុន​ផង​ដែរ បន្ទាប់​មក​ជន​រង​គ្រោះ បាន​សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន ប្រើ​ល្បិច​ប្រាប់​ជន​នោះ​តាម​ទូរស័ព្ទ​ថា ឲ្យ​ទៅ​យក​លុយ​ខ្លួន​ត្រូវ​បង់​ទាំងអស់​គឺជា​ង​១​ពាន់​ដុល្លារ​ដោយ​ណាត់ជួប នៅ​កន្លែង​កើតហេតុ​ខាងលើ​។

គ្រាន់តែ​ឮ​ថា​ជន​រង​គ្រោះ​បង់​ទាំង​អស់បែប​នេះ ជន​នោះ​បាន​ស្លៀកពាក់​តឺ​នុយ​បែប​ហំ​ហាន​ណាស់ ទៅ​ទាំង​សប្បាយចិត្ត ដោយ​មិន​បានដឹង​ថា​ជា​អន្ទាក់​នោះ​ទេ លុះ​ពេល​លេចមុខ​ជន​នោះ​ទៅ ជន​រង​គ្រោះ​និង​តំណាង​ក្រុមហ៊ុន បាន​នាំ​គ្នា​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕