​ឧកញ៉ា ល័​ក្ខ ឃុបឃិត​ជាមួយ​ប្រធាន​សាខាគយ​ខេត្តមណ្ឌលគិរី នាំចូល​ប្រេងសាំង​ពី​វៀតណាម​បង់ពន្ធ​មិន​គ្រប់ និង​ចែកចាយ​ហួស​តំបន់​អនុញ្ញាត​ពី​អគ្គ​យា​ក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​

ខេត្តមណ្ឌលគិរី៖ លោកឧកញ៉ា អ៊ឹងស៊ីតាតវរៈ ហៅឧកញ៉ា ល័ក្ខ នាយកក្រុមហ៊ុន D.T.C ក្រៅពីដាំកៅស៊ូនៅឃុំពូជ្រៃ ក៏ល្បីឈ្មោះលួចជួញដូរឈើនាំចេញទៅវៀតណាមជាហូរហែ ហើយចុងក្រោយនេះ ឧកញ៉ា ល័ក្ខ បានក្លាយជាឈ្មួញនាំប្រេងសាំងចូលពីប្រទេសវៀតណាម ដែលគេសង្ស័យមានការបើកភ្លើងខៀវ និងឃុបឃិតពីសាខាគយ និងរដ្ឋករខេត្ត និងមន្ត្រីមាត់ច្រកជួយសម្រួលការបង់ពន្ធមិនគ្រប់ចំនួន ឬគេចពន្ធទាំងស្រុង ដែលធ្វើឲ្យលោកឧកញ៉ា ល័ក្ខ ចំណេញកប់ក្តោង ទើបគេឃើញ មានសកម្មភាពសម្រុកដឹកប្រេងសាំងតាមរថយន្តស៊ីទែនធំៗទាំងយប់ថ្ងៃចូលតាមច្រកអន្តរជាតិដាក់ដាំ ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីគយ និងមន្ត្រីប៉ុស្តិ៍មាត់ច្រកឡើយ។

មន្ត្រីបម្រើការងារនៅសាលាខេត្តមណ្ឌលកិរីសូមមិនបញ្ចេញឈ្មោះបានបង្ហើបថា ក្រុមហ៊ុន D.T.C. របស់លោកឧកញ៉ា អ៊ឹងស៊ីតាតវរៈ ហៅឧកញ៉ា ល័ក្ខ បានទទួលអាជ្ញាបណ្ណពីអគ្គនាកដ្ឋានគយ និងរដ្ឋាករចំនួន ២៤០តោនក្នុង១ខែ សម្រាប់យកមកចែកចាយក្នុងខេត្តមណ្ឌលគិរី។ ប៉ុន្តែបរិមាណប្រេងសាំងដ៏ច្រើនលើសលុបនេះបានផ្តលឱកាសដល់លោកឧកញ៉ា ល័ក្ខ ចាត់ចែងដឹកបន្តយកទៅលក់នៅតាមបណ្តាខេត្តដទៃទៀតដោយរលូន ប៉ុន្តែអ្វីៗសុទ្ធតែមានការព្រមព្រៀងពីជំនាញគយខេត្ត ទាំងបង់ពន្ធមិនគ្រប់ និងការដឹកជញ្ជូនប្រេងសាំងយកទៅលក់នៅតំបន់ខុសពីគោលការណ៍កំណត់របស់អគ្គនាកដ្ឋានគយ និងរដ្ឋាករ នេះដោយសាតែឈ្មួញ និងសមត្ថកិច្ចគយខេត្តមណ្ឌលគិរីរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយ ហើយករណីនេះបានធ្វើឲ្យប្រាក់ចំណូលពន្ធបាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់។

ជាក់ស្តែងមានសេចក្តីរាយការណ៍ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦បានឲ្យដឹងថា រថយន្តស៊ីតែនចំនួន២គ្រឿងមានស្លាកយីហោ «ស៊ូគីម៊ិច» ដែលក្រុមហ៊ុន D.T.C បានជួលមកដឹកប្រេងសាំងពេញចេញពីផែស្ងួតរបស់ខ្លួន ដែលនៅក្បែរច្រកអន្តជាតិដាក់ដាំយកទៅចែកចាយតាម ស្ថានីយ៍ប្រេងបណ្តាផ្សេងៗទូទាំងប្រទេស។ ដោយឡែលចំពោះការនាំប្រេងសាំងពីប្រទេសវៀតណាមចូលតាមច្រកដាក់ដាំ ជួនធ្វើឡើងក្នុងពេលយប់ ដែលនេះជាសកម្មភាពខុសច្បាប់ទាំងស្រុង ប៉ុន្តែគេមិនដឹងថា លោកឧកញ៉ា ល័ក្ខ ប្រើលុយក្រាសប៉ុណ្ណាទេទើបមន្ត្រីគយ និងមន្ត្រីនគរបាលប៉ុស្តិ៍ដាក់ដាំចាំស្វាគមន៍សម្រួលជូនគ្រប់ពេល មិនដេកពួនសោះយ៉ាងនេះ។ ករណីដូចប្រភពរាយការណ៍ជូនខាងលើនេះ លោក គុណ ញឹម អគ្គនាយក នៃអគ្គយាកដ្ឋានគយ និងរដ្ឋាករកម្ពុជាគួរតាមដានរឿងនេះផង!៕

ka-19-09-2016-12-jpg