រៀបចំ​ពិធី​ដាក់​បណ្ដាសា​ពេល​សាលាដំបូង​កាត់ទោស

រាជធានី​ភ្នំពេញ ៖  បន្ទាប់​ពី​ដំណើរការ​សវនាការ​អស់​ជា​ច្រើន​ម៉ោង លោក លី សុខ​លេង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា បាន​សម្រេច​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​ស្ត្រី​សកម្មជន​ដីធ្លី​បឹង​កក់​៤​នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ ៦​ខែ ដោយ​គ្មាន​ពិន័យ​ជា​ប្រាក់​ទេ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​៥០២ និង​មាត្រា​៥០៤ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ បាន​ប្រព្រឹត្ត​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១១ ។

ជនជាប់ចោទ​ក្នុង​សំណុំរឿង​នេះ មាន​ស្ត្រី​ជា​សកម្មជន​ដីធ្លី​បឹង​កក់​ទាំង​៤​នាក់ ដែល​ល្បី​មុខ​ល្បីឈ្មោះ ខាង​ធ្វើ​បាតុកម្ម​ពហុ​វិស័យ ១-​ឈ្មោះ ទេព វ​ន្នី បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​៣​នាក់​ទៀត ឈ្មោះ បូ ឆវី ឈ្មោះ គង់ ច​ន្ថា និង​ឈ្មោះ ហេង មុំ ។ ៣​នាក់​នេះ​ស្ថិត​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​នៅ​ពេល​សវនាការ​ឈ្មោះ បូ ឆវី និង​ស្ត្រី​ឈ្មោះ គង់ ច​ន្ថា មាន​វត្ត​មាននៅ​មុខ​រង្វង់​មូល​ក្រចកសេះ​ជាមួយ​អ្នកស្រី ទេព វ​ន្នី ដែរ  ។ ដោយឡែក​ឈ្មោះ ហេង មុំ បាន​កាត់ទោស​កំបាំង​មុខ ពោល​គឺ​ពុំ​បាន​បង្ហាញមុខ​ក្នុង​សវនាការ​ទេ ។

សំណុំរឿង ដែល​សាលាដំបូង​លើកយក​មក​ចោទប្រកាន់​ស្ត្រី​សកម្មជន​ដីធ្លី​បឹង​កក់​នេះ គឺ​សាលា​រាជធានី​ភ្នំពេញ​ជាដើម​បណ្ដឹង ។ សាលក្រម​បាន​ទុក​ពេល​ចំនួន​៣០​ថ្ងៃ សម្រាប់​ជនជាប់ចោទ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ បើ​មិន​សុខចិត្ត​នូវ​ការ​កាត់ក្តី​នេះ ។ ក្រោយ​ពី​ប្រកាស​សាលក្រម​ហើយ ជនជាប់ចោទ​អ្នកស្រី ទេព វ​ន្នី ត្រូវ​បាន​អនុរក្ស​នាំ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ រីឯ​ជនជាប់ចោទ​ឈ្មោះ បូ ឆវី និង​ឈ្មោះ គង់ ច​ន្ថា អនុញ្ញាតិ​ឲ្យ​ទៅ​ផ្ទះ​ប្រក​មុខរបរ​រកស៊ី​ជា​ធម្មតា ។

គេ​បាន​សង្កេត​ឃើញ​ថា ក្រោយ​ពី​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រកាស​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ទាំង​៤​នាក់ ឲ្យ​មានទោស ខណ​:​អនុរក្ស​ពន្ធនាគារ​នាំ​អ្នកស្រី ទេព វ​ន្នី តែ​ម្នាក់ឯង ទៅ​ឃុំខ្លួន​នៅ​ព្រៃ​ស​នោះ ស្ត្រី​ឈ្មោះ បូ ឆវី និង​គង់ ច​ន្ថា ដែល​មានទោស​ដូច​គ្នា តែ​មិន​ត្រូវ​បាន​ចាប់​ឱ្យ​អនុវត្តន៍​ទោស បាន​ស្រែក​ឡាំប៉ា​នៅ​ចំពោះ​មុខ​ចៅក្រម​ជំនុំជម្រះ​ថា ការ​កាត់ក្តី​ជា​រឿង​អ​យុ​ត្តិ​ធ​ម៍ ។ ជាង​នេះ​ទៀត ជនជាប់ចោទ​ទាំង​២​នាក់ បាន​មាន​បំណង​ឡើង​ជិះ​រថយន្ត​អនុរក្ស​ពន្ធនាគារ ចង់ទៅ​នៅ​ពន្ធនាគារ​ជាមួយ​អ្នកស្រី ទេព វ​ន្នី ដែរ ព្រោះ​ជា​សកម្មជន​ស្លាប់​រស់​ជាមួយ តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ និង​បាន​ណែនាំ​ថា ទោស​ក្រោម​១​ឆ្នាំ​មិន​តម្រូវ​ឲ្យ​ដេក​ពន្ធនាគារ​ទេ ទៅ​ដេក​ផ្ទះ​មើល​កូន​មើល​ប្ដី​ទៅ ក្រោម​មួយ​ឆ្នាំ​គុក​មិន​ឱ្យ​ដេក​ទេ ។

នៅ​ព្រឹក​ថ្ងៃ​បើក​សវនាការ​លើ​សំណុំរឿង​ស្ត្រី​សកម្មជន​ដីធ្លី​បឹង​កក់​៤​នាក់​នោះ មាន​អ្នក​បឹង​កក់​រាប់​សិប​នាក់ បាន​ទៅ​គាំទ្រ ខ្លះ​មាន​កាន់​បដា​តូច​ៗ ទៅ​ឈរ​នៅ​ពីមុខ​អគារ​សាលាដំបូង ដោយ​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណ​:​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ខ្លះ​លើក​បដា​ទាមទារ​ឱ្យ​ដោះ​លែង​អ្នកស្រី ទេព វ​ន្នី និង​ខ្លះ​បាន​រៀបចំ​ពិធី​ដូច​គេ​បែរបន់ ដោយ​ដាក់​រូប​ទីងមោង មាន​ដីខ្សាច់​ផ្លែ​ឈើ​ផ្លែ​ចេក ដែល​អ្នកខ្លះ​យល់​ថា រៀបចំ​ដាក់​បណ្ដាសា​ផង​ដែរ​។ ក្នុង​នោះ​ដែរ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា និង​កម្លាំង​ប្រជា​ការពារ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក លី​ម សុភា អភិបាល​ខណ្ឌ​៧​មក​រា បាន​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍​លើ​ដងផ្លូវ​មិន​ឲ្យ​កកស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ ។ ក្នុង​ពេល​បើក​សវនាការ​នេះ ឃើញ​មាន​វត្តមាន​លោកស្រី មួរ សុខ​ហួរ អ្នកតំណាង​រាស្ត្រ​គណ​:​បក្ស​សង្គ្រោះ​ជាតិ ចូលរួម​ស្តាប់​ដែរ ។ ក្រៅពី​នោះ​មាន​អ្នក​សារ​ព័​ត៍​មាន ក្រុម​អង្គការ​សង្គម​ស៊ី​វិល និង​អ្នក​ឃ្លាំមើល​ផ្នែក​សិទ្ធិ​មនុស្ស​ផង​ដែរ ៕