ទុក​កូន​លើ​ខ្នង​ប្រឡាយ ​ពេល​ក្រឡេក​មើល​សល់​តែ​វិប្បដិសារី

ខេត្តកំពង់ឆ្នាំង ៖ កុមារ​ដែល​មាន​អាយុ​ទើបតែ​១​ខួប​៣​ខែ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ដែល​ម្តាយ​យក​ទៅ​ច្រូតស្មៅ​ជាមួយ​ហើយ​បាន​ទុក​កូន​ចោល​នៅ​លើ​ខ្នង​ប្រឡាយ​តែ​ម្នាក់ឯង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​អូ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​លង់ទឹក​ស្លាប់​នេះ​មានឈ្មោះ សុត សំណាង ភេទ​ប្រុស អាយុ​ទើបបាន​១៥​ខែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​ស្រង់​សំដី​ស្ត្រី​ជា​ម្តាយ​ថា មុន​ពេល​កើតហេតុ​គាត់​មក​ច្រូតស្មៅ​នៅ​វាលស្រែ ពេល​នោះ​កូនប្រុស​របស់​គាត់​តាម​ទៅ​ជាមួយ​ដែរ ។ ពេល​មក​ដល់​កន្លែង​ច្រូតស្មៅ​រូប​គាត់​បាន​ទុក​កូន​តួច​នេះ​នៅ​លើ​ខ្នង​ប្រឡាយ​រួច​ចុះ​ទៅ​ច្រូតស្មៅ ។ មួយសន្ទុះ ក្រឡេក​មក​ក្រោយ​បាត់​កូនប្រុស​របស់​គាត់ ពេល​នោះ​គាត់​បាន​ប្រញាប់​ឡើង​មក​ខ្នង​ប្រឡាយ​វិញ រក​កូន​ក៏​ប្រទះ​ឃើញ​កូន​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ទឹក​លង់​ស្លាប់​បាត់​ទៅ​ហើយ ។ ពេល​នោះ​គាត់​បាន​ស្រែកហៅ​គេ​ឲ្យ​ជួយ​ស្រង់​សព​កូនប្រុស​ចេញពី​ក្នុង​ប្រឡាយ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្តង ។

សូម​រំ​ឮ​កថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​រលាប្អៀរ​មាន​ករណី​អ្នក​លង់ទឹក​ស្លាប់​ជា​បន្តបន្ទាប់ ដូច​ជា​ករណី​លង់ទឹក​នៅ​ទ្វារ​ទឹក​២០​ឧសភា​, លង់ទឹក​នៅ​ភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់​, លង់ទឹក​នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ និង​លង់ទឹក​នៅ​ភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់​នេះ​ជាដើម ។ ជាមួយនឹង​ការ​លង់ទឹក​ដល់​ទៅ​៤​នាក់​ជាប់​ៗ​គ្នា​នេះ អា​ជ្ញ​ធរ​ភូមិ ឃុំ និង​ស្រុក ក៏​បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​ៗ កុំ​បណ្តោយ​ឲ្យ​ទៅ​លេង​ទឹក ឬ​នៅ​ក្បែ​ទឹក​ជ្រៅ​ជាដើម ព្រោះ​ពេល​នេះ​ទឹក​កំពុង​ឡើង ទាំង​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ ៕