មនុស្ស​៩​នាក់​ត្រូវបាន​ចាក់​ដោយ​កាំបិត​នៅឯ​ហាង​លក់ទំនិញ​មួយ​ក្នុង​សហរដ្ឋអាមេរិក​ និពន្ធដោយ : VOA       September-20-2016, 7:39 am         229

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មនុស្ស​៩​នាក់​ត្រូវបាន​ចាក់​ដោយ​កាំបិត​នៅឯ​ហាង​លក់ទំនិញ​មួយ​ក្នុង​សហរដ្ឋអាមេរិក​រូបភាព ខាងក្រៅ​នៅ​កន្លែង​ដែល​មនុស្ស​ត្រូវបាន​គេ​ចាក់​ដោយ​ប្រើ​កាំបិត​នៅ​ហាង​លក់ទំនិញ Crossroads Center ក្នុង​ក្រុង​Saint Cloud រដ្ឋ Minnesota​។​ពួក​ប៉ូលិស​បាន​និយាយថា មនុស្ស​៩​នាក់​បាន​ត្រូវរបួស​នៅក្នុង​ការវាយប្រហារ​ចាក់​ដោយ​កាំបិត​នៅក្នុង​អាគារ​មួយ​មាន​ហាង​លក់ទំនិញ​ច្រើន​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅក្នុង​ក្រុង Saint Cloud ក្នុង​រដ្ឋ Minnesota សហរដ្ឋអាមេរិក​។​

​ការិយាល័យ FBI កំពុង​ស៊ើបអង្កេត​ការចាក់​នេះ​ដែល​អាចជា​«​សកម្មភាព​ភេរវកម្ម​មួយ​»​។​

​ពួក​មន្ត្រី​ផ្នែក​ពង្រឹង​ច្បាប់​នៃ​ក្រុង Saint Cloud បានធ្វើ​សកម្មភាព​ក្នុងពេល​៥​នាទី​ក្រោយ​ការហៅ​ទូរស័ព្ទ​ទីមួយ​ប្រាប់​អំពី​ហេតុការណ៍​នេះ ហើយ​ប៉ូលិស​ម្នាក់​ដែល​ផុតពី​ការបំពេញ​ការងារ​ហើយ​បាន​ឋិត​នៅក្នុង​អាគារ​មាន​ហាង​លក់ទំនិញ​ច្រើន​នោះបាន​បាញ់សម្លាប់​ជនជាប់សង្ស័យ នេះ​បើតាម​ការ​ប្រាប់ឱ្យដឹង​ដោយ​អាជ្ញាធរ​។

​អភិបាលក្រុង និង​មេ​ប៉ូលិស​ក្រុង​នេះ បាន​និយាយថា បើ​គ្មាន​សកម្មភាព​«​ប្រកបដោយ​វីរភាព​»​របស់​ប៉ូលិស​រូបនេះ​ទេ ស្ថានការណ៍​អាច​អាក្រក់​ជាង​នេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ពួក​រដ្ឋ​ឥស្លាម បាន​និយាយថា​ការវាយប្រហារ​ដោយ​ការចាក់​នឹង​កា​បិត​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​«​ទាហាន​ម្នាក់​នៃ​ពួក​រដ្ឋ​ឥស្លាម​»​។​

​ពួក​ប៉ូលិស​បាន​និយាយថា ជនរងគ្រោះ​ទាំង​៩​នាក់​បានទទួល​ការព្យាបាល​របួស​ប៉ុន្តែរ​បួស​ទាំងនោះ​មិន​គំរាមកំហែង​ដល់​ជីវិត​ទេ​។​

​លោក William Blair Anderson មេ​ប៉ូលិស​ក្រុង Saint Cloud បាន​និយាយថា​អ្នក​វាយប្រហារ​បាន​ត្រូវ​រាយការណ៍​ថា​បាន​និយាយ​យោង​ដល់​ព្រះ​អាឡស់ នៅក្នុង​ការវាយប្រហារ​ដោយ​កាំបិត​នេះ​នៅឯ Crossroads Center ហើយ​បាន​សួរ​មនុស្សម្នា​ក់ថា គាត់​ជា​អ្នក​កាន់សាសនា​ឥស្លាម​ឬទេ​។​

​លោក Anderson មិនបាន​ហៅ​ការវាយប្រហារ​នេះ​ថា​ជា​សកម្មភាព​ភេរវកម្ម​ទេ​ដោយសារ​ហេតុដែល​ជំរុញឱ្យមាន​ការវាយប្រហា​រ​នេះ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ​។ លោក​បាន​ថ្លែងថា​៖ «​យើង​នឹង​យកចិត្តទុកដាក់​ខ្លាំងក្លា​និង​ស៊ើបអង្កេត​ឱ្យបាន​ច្បាស់លាស់​អំពី​ការវាយប្រហារ​នេះ​»​។​

​ពួក​រដ្ឋ​ឥស្លាម បាន​លើកទឹកចិត្ត​អ្វីដែល​ហៅថា «​ការវាយប្រហារ​ដោយ​មនុស្ស​តែ​ឯកឯង​គ្មាន​ទាក់ទិន​នឹង​នរណា​» ក៏ប៉ុន្តែ​ពួកនេះ​ក៏បាន​អះអាង​ទាមទារ​ថា ការវាយប្រហារ​កាលពី​ពេលមុនៗ​ជា​សកម្មភាព​របស់​ពួកគេ​ដែរ ទោះណាជា​គេ​ជឿថា​ការវាយប្រហារ​ទាំងនោះ​មិនត្រូវ​បានគ្រោង​ធ្វើ​ដោយ​ពួក​នោះ​ក៏ដោយ​។​

​ក្រុង Saint Cloud ឋិត​នៅ​ចម្ងាយ​ប្រមាណ​១១២​គ​.​ម​.​ទិសនិរតី​នៃ​ក្រុង Minneapolis ដែលជា​ធានី​នៃ​រដ្ឋ Minnesota៕