ចាប់តាំងពី​មាន​វត្តមាន​លោក សំ កុសល ប្រធាន និង​លោក ទិ​ត ដា អនុប្រធាន​សាខាគយ​ខេត្តកោះកុង គេ​សង្កេតឃើញ​បទល្មើស​រត់ពន្ធ​ទំនិញ​កើនឡើង​គ្រប់​ច្រកល្ហក

ខេត្តកោះកុង៖ លោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានរួមដៃគ្នាជាមួយ លោក ទិត ដា អនុប្រធានសាខាគយ (អតីតអនុប្រធានអង្គភាពសវនកម្មគយ) ហាក់ពុំមានឆន្ទៈលុបបំបាត់ការរត់ពន្ធម៉ូតូសេរីទំនើបៗដែលឈ្មួញគ្រាក់ៗសុទ្ធតែលោកគយស្គាល់ច្បាស់ដូចបាតដៃនាំចូលពី ប្រទេសថៃតាមចាំយាមហើយក្រៅពីនោះមានការបើកដៃឲ្យឈ្មួញ នាំចូលមកពីប្រទេសថៃ ដោយអត់បង់ពន្ធ គ្រាន់តែចាំរាប់ចំនួនប្រមូលលុយច្រកចែកគ្នាច្រកហោប៉ៅ បណ្តាលឲ្យរដ្ឋបាត់បង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។

សកម្មភាពនេះត្រូវបានប្រភពបញ្ជាក់ថា ក្រុមឈ្មួញធំៗ ដែលរកស៊ី នាំចូលម៉ូតូស៊េរីទំនើបៗ គេចពន្ធយ៉ាងគគ្រឹគគគ្រេង មកពីប្រទេសថៃ ចូលតាមច្រកសមុទ្រ និងច្រកទ្វារ អន្តរជាតិចាំយាមកើតមានរាប់ឆ្នាំមកហើយ។ ដោយឡែកលោក សំ កុសល ប្រធានសាខាគយ ខេត្តកោះកុង លោក ទិត ដា អនុប្រធានសាខាគយ ត្រូវគេបញ្ជាក់ថា ទទួលបានលាភសក្ការៈពីរឿងនេះសើមមាត់សើមកសម្ងំចាំទទួលសំណែនពី កូនចៅថ្នាក់ក្រោមយ៉ាងត្រជាក់ចិត្តលែងហ៊ានហើបមាត់ដាក់បញ្ជាឲ្យបង្ក្រាបទៅហើយ។

ថ្មីៗនេះប្រភពពីប្រជាពលរដ្ឋនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងបានរាយការណ៍ថា មានម៉ូតូគេចពន្ធត្រូវបានឈ្មួញសម្រុកនាំចូលតាមទូកយ៉ាងពេញបន្ទុក ហើយទំនិញចាប់ហួយជាច្រើនប្រភេទរួមមាន ភេសជ្ជៈគ្រប់ប្រភេទ លីអូបៀរ ឆាងបៀរ គ្រឿងអគ្គិសនី ប្រេងម៉ាស៊ីនប្រេងសាំង ដឹកតាមទូក នាំចូលតាមច្រកប៉ាក់ខ្លងទាំងយប់ទាំងថ្ងៃដោយរលូនក្រោមខ្សែភ្នែកព្រមព្រៀងពីលោកប្រធាន សំ កុសល និង លោកអនុ ទិត ដា យ៉ាងរលូន ប៉ុន្តែប្រសិនបើហ៊ានរំលង ឬលោតឆ័ត្រប្រាកដជាទទួលបានការបង្ក្រាបយ៉ាងចាស់ដៃ។

ជាការពិតណាស់ឈ្មួញនាំចូលម៉ូតូគេចពន្ធ ក៏ដូចជាទំនិញបង់ពន្ធមិនគ្រប់តាមច្រក ចាំយាម ច្រកប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺពួកគេមិនហ៊ាននាំចូលទំនិញគេចពន្ធឡើយ ព្រោះត្រូវប្រឈមនឹងការបង្ក្រាបចៀសមិនផុតនោះទេ។ ការដែលពួកគេហ៊ានប្រព្រឹត្តដូចសព្វថ្ងៃនេះ គឺដោយសារសមត្ថកិច្ចពាក់ព័ន្ធមួយ ជាពិសេសជំនាញគយក្រោមការដឹកនាំរបស់លោកប្រធាន សំ កុសល និង លោកអនុប្រធាន ទិត ដា បានរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

មន្ត្រីរាជការនៅខេត្តកោះកុងមួយចំនួនដែលដឹងបញ្ហាកំហុសឆ្គងរបស់ ស្ថាប័នគយប្រចាំខេត្តកោះកុង បានរិះគន់ក្នុងន័យស្ថាបនាបានផ្តល់ព័ត៌មាននេះឲ្យជួយជួនដំណឹងដល់ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានដឹង ដើម្បីមានវិធានការពង្រឹងស្ថាប័នគយប្រចាំខេត្តនេះ ឲ្យអនុវត្តប្រមូលពន្ធឲ្យមានប្រសិទ្ធ ភាពដើម្បីផលចំណូលថវិកា និងការរីកចម្រើនដល់រាជរដ្ឋាភិបាល ព្រោះបច្ចប្បន្នទំនិញរត់ពន្ធនៅមានទំហំធំធេងណាស់ដែលថ្នាក់ដឹកនាំគយនោះមិនទាន់កៀងប្រមូល ៕

KA-07-09-2016-000
KA-07-09-2016-03
KA-07-09-2016-04
KA-07-09-2016-05