អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ៖ ថវិការបស់រាជរដ្ឋាភិបាលសម្រាប់ទិញស្រូវ បានចូលដល់ធនាគារហើយ, រោងម៉ាស៉ីនកិនស្រូវខ្ចីទិញស្រូវបាន ក្នុងអត្រាការប្រាក់ទាប

(ភ្នំពញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៩ ខែកញ្ញានេះថា ថវិកាបម្រុងរបស់រាជរដ្ឋាភិបាលចំនួន ២០លានដុល្លារ បានចូលដល់ធនាគារហើយនៅថ្ងៃនេះ រួមទាំងទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទ ៧លានដុល្លារទៀត សរុប២៧លានដុល្លារអាមេរិក អាចឲ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវ និងក្រុមនាំចេញអង្ករ យកទៅប្រើប្រាស់ ដើម្បីប្រមូលទិញស្រូវ របស់ប្រជាកសិករបានហើយ។

លោក កៅ ថាច បានបញ្ជាក់ថា ការផ្តល់កម្ចីជូនរោងម៉ាស៉ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ ដោយប្រើប្រាស់ស្រូវជាទ្រព្យបញ្ចាំ ហើយធនាគារផ្តល់ថវិកាឥណទា៧០ភាគរយ នៃបរិមាណស្រូវដែល ពួកគាត់មាន ដើម្បីឲ្យពួកគាត់ យកទៅទិញស្រូវបន្ថែមទៀត (ឧទាហរណ៍រោងម៉ាស៉ីនកិនស្រូវមាន ១០០០តោន នោះធនាគារអភិវឌ្ឍន៍ជនបទ នឹងផ្តល់ថវិកាស្មើនឹង៧០០តោន)។ 

លោកអគ្គនាយកបានបញ្ជាក់ថា ចំពោះអត្រាការប្រាក់នៃកម្ចីទិញស្រូវនេះ គឺមានតម្លៃទាបត្រឹមតែ៨ភាគរយក្នុងឆ្នាំ ឬ០.៦ភាគរយក្នុង១ខែប៉ុណ្ណោះ ដែលនេះ នឹងធ្វើឲ្យក្រុមហ៊ុននាំចេញ និងរោងម៉ាស៉ីនកិនស្រូវ រីករាយនឹងក្នុងទទួលយក ដើម្បីទិញស្រូវពីប្រជាកសិករ។

លោក កៅ ថាច លោកសង្ឃឹមថា ថវិការបស់រាជរដ្ឋាភិបាល បូករួមទាំងទុនរបស់រោងម៉ាស៉ីនកិនស្រូវ ផងនោះ នឹងដោះស្រាយបាននូវការទិញស្រូវ របស់ប្រជាកសិកររបស់យើង ដែលកំពុងជួបការលំបាក់។ បើតាមការប៉ាន់ស្មានរបស់លោក កៅ ថាច ស្រូវក្រអូបរបស់បងប្អូនប្រជាកសិករ នៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលកំពុងប្រមូលផលជាបណ្តើរៗនោះ មានប្រមាណពី៣០ ទៅ៤០ម៉ឺនតោន។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនូវ «កម្មវិធីពិសេស» ដោយបញ្ចេញនូវថវិកាចំនួន ២៧លានដុល្លារអាមេរិក សម្រាប់ជាឥណទានកាតាលិករ ក្នុងគោលដៅជំរុញស្ថេរភាព វូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឲ្យធនគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករ អនុវត្តគម្រោងនេះដោយផ្ទាល់។

រាជរដ្ឋាភិបាលបានបញ្ជាក់ថា «កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» នេះ នឹងប្រមូលទិញស្រូវ មានកម្រិតលើសពី៩៤ម៉ឺនរៀល (ប្រមាណ៨០០០បាត) ក្នុងមួយតោនស្រូវក្រអូប៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  

ជំនួបពិភាក្សាដោះស្រាយបញ្ហាស្រូវ រវាងអភិបាលខេត្តបាត់ដំបង និងប្រជាកសិករ បានបញ្ចប់ហើយ កាលពីទី១៨ ខែកញ្ញា ដោយប្រជាកសិករ ព្រមទទួលយកដំណោះស្រាយ របស់អភិបាលខេត្ត ខណៈធនាគារស្រូវលោកឧកញ៉ា ភូ ពុយ បន្តទិញស្រូវកសិករ ក្នុងតម្លៃដែលបានកំណត់។

បើតាមការបញ្ជាក់មូលហេតុ នៃការផ្ទុះការតវ៉ា របស់ប្រជាកសិករ ដោយសារការមិនយល់ពីគ្នា រវាងប្រជាកសិករ និងអ្នកទិញស្រូវ។ ប្រជាកសិករដែលប្រមូលផលស្រូវរួច ពួកគាត់ ចង់លក់ស្រូវរបស់ខ្លួនឲ្យបានភ្លាមៗ ខណៈដែលលទ្ធផលនៃការទិញស្រូវ របស់ធនាគារស្រូវនៅមានកម្រិត ដោយក្នុងមួយថ្ងៃធនាគារស្រូវអាចទិញ ស្រូវត្រឹមតែ៨០០តោនប៉ុណ្ណោះ ព្រោះលទ្ធភាពនៃឡសម្ងួត។

បន្ទាប់ពីពិភាក្សាដែលមានការចូលរួមពីលោកអភិបាលខេត្តបាត់ដំបង ច័ន្ទ សុផល អ្នកតំណាងរាស្ត្រ ឡោក ហ៊ួរ និងមន្ត្រីជាច្រើនទៀត ប្រជាកសិករពួកគាត់បានយល់ច្បាស់ពីបញ្ហានេះ ។ លើសពីនេះលើកអភិបាលខេត្ត ក៏បានសន្យានឹងរៀបចំកិច្ចប្រជុំបន្ទាប់មួយ ជាមួយរោងម៉ាស៉ីនកិនស្រូវ នឹងស្វែងរកដំណោះស្រាយ និងរាយការណ៍ដល់ថ្នាក់ដឹកនាំ ដើម្បីជួបដោះស្រាយបន្ថែមទៀត។

ក្នុងជំនួបនោះ លោកអភិបាលខេត្តបានបញ្ជាក់ថា ធនាគារស្រូវនៅតែបន្តទិញស្រូវសែនក្រអូប របស់ប្រជាកសិករតម្លៃ ៨៤០រៀលក្នុង១គីឡូក្រាម ឬ៧បាតក្នុងគីឡូក្រាម ដូចបានប្រកាស ប៉ុន្តែក្នុង១ថ្ងៃ ធនាគារស្រូវមានលទ្ធភាពទិញស្រូវបានតែ ៨០០តោនប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋយោគយល់ដល់បញ្ហានេះ។ ប៉ុន្តែក្នុងពេលខាងមុខសង្ឃឹមថា នឹងមានរោងម៉ាស៉ីនកិនស្រូវផ្សេងទៀត និងប្រមូលទិញស្រូវប្រជាកសិករដូចគ្នាដែរ។

លោកអភិបាលខេត្តបានបន្ថែមថា សូមឲ្យប្រជាពលរដ្ឋរក្សានូវភាពអត់ធ្មត់ ប្រសិនបើមានក្រុមហ៊ុន ឬរោងម៉ាស៊ីនណាទិញលើសពី៨៤០រៀលក្នុង១គីឡូក្រាម សូមបងប្អូនលក់ចុះ ប៉ុន្តែប្រសិនបើទិញក្រោមតម្លៃនេះសូមកុំលក់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ៖ ថវិការបស់រាជរដ្ឋាភិបាលសម្រាប់ទិញស្រូវ បានចូលដល់ធនាគារហើយ, រោងម៉ាស៉ីនកិនស្រូវខ្ចីទិញស្រូវបាន ក្នុងអត្រាការប្រាក់ទាប

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ៖ ថវិការបស់រាជរដ្ឋាភិបាលសម្រាប់ទិញស្រូវ បានចូលដល់ធនាគារហើយ, រោងម៉ាស៉ីនកិនស្រូវខ្ចីទិញស្រូវបាន ក្នុងអត្រាការប្រាក់ទាប

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ៖ ថវិការបស់រាជរដ្ឋាភិបាលសម្រាប់ទិញស្រូវ បានចូលដល់ធនាគារហើយ, រោងម៉ាស៉ីនកិនស្រូវខ្ចីទិញស្រូវបាន ក្នុងអត្រាការប្រាក់ទាប

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ៖ ថវិការបស់រាជរដ្ឋាភិបាលសម្រាប់ទិញស្រូវ បានចូលដល់ធនាគារហើយ, រោងម៉ាស៉ីនកិនស្រូវខ្ចីទិញស្រូវបាន ក្នុងអត្រាការប្រាក់ទាប