​រតន​គិរី​គ្រោង​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​២០​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០២០

ទោះ​រតន​គិរី​​ហាក់​មិន​សូវ​មាន​ឥទ្ធិពល​ស្រូប​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន​ដូច​សៀម​រាប​និង​កំពង់​សោម​ក្តី តែ​ក្នុង​ឆ្នាំ​២០២០ ខេត្ត​សំបូរ​រមណីយដ្ឋាន​ធម្មជាតិ​នេះ​គ្រោង​ទាញ​ភ្ញៀវ​ឲ្យ​បាន​ ២០ ម៉ឺន​នាក់​ ។ នេះ​បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគីរី លោក ង៉ែត ពិ​ទូ​ អះ​អាង។

 

​រតន​គិរី​គ្រោង​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​២០​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០២០

 

 

ក្នុង​ផែន​ការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​របស់​មន្ទីរ លោក​បញ្ជាក់​ថា​ ខាង​លោក​បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ​ជួស​ជុល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន។ ក្រៅ​ពី​នេះ មន្ទីរ​ខេត្ត​នឹង​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ឲ្យ​បាន​ច្រើន​ តាម​រយៈ​ទូរទស្សន៍ បដា ការ​សែត ​រួម​ទាំង​គេហទំព័រ​ជា​ដើមដើម្បី​ទាក់​ទាញ​ភ្ញៀវ​ឲ្យ​បាន​ដល់​គោល​ដៅ​នេះ។

​​

លោក​ ពិ​ទូ​ បន្ត​ថា បច្ចុប្បន្ន​ភ្ញៀវ​មក​លេង​តំបន់​ភូមិភាគ​ឦសាន​នេះ មិន​ទាន់​ស្រូប​បាន​ច្រើន​នូវ​ភ្ញៀវ​លំដាប់ high class នោះ​ទេ គឺ​ភាគ​ច្រើន​ស្រូប​បាន​ភ្ញៀវ​ចំណាយ​មធ្យម។ បញ្ហា​នេះ​លោក​មើល​ឃើញ​ថា ដោយ​សារ​សេ​វា​កម្ម​ហាក់​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ចិត្ត​ភ្ញៀវ​នៅ​ឡើយ​។ ភោជនីយដ្ឋាន ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​នៅ​មាន​កម្រិត មិន​ទាន់​មាន​ស្តង់​ដា​នោះ​ឡើយ បើ​ធៀប​នឹង​​​ខេត្ត​មាន​សក្ដានុពល​ទេសចរណ៍ផ្សេងៗ។

 

ម្ល៉ោះ​ហើយ​​ក្នុង​ផែន​ការ​របស់​មន្ទីរ​ខេត្ត​ ក៏​មាន​បញ្ចូល​ការ​ពង្រីក​ទី​សម្រាប់​ស្នាក់​នៅ បង្កើន​ផលិត​ផល​វិស័យ​ទេស​ចរណ៍​ ទាំង​សិប្បកម្ម វត្ថុ​អនុស្សាវរីយ៍ ព្រម​ទាំង​ធនធាន​មនុស្ស​ក្នុង​ការ​បម្រើ​សេវាកម្ម​ក្នុង​ការ​ឆ្លើយ​តប​តម្រូវ​ចិត្ត​ភ្ញៀវ​។ លើស​ពី​នេះ​ ​នឹង​មាន​តុប​តែង​ទី​ក្រុង​មាន​ភ្លើង​ពណ៌​ចម្រុះ​ ​ប្រកប​ដោយ​សោភ័ណ​ភាព​ សណ្ដាប់​ធ្នាប់​ សន្តិសុខ​សុវត្ថិភាព​ទៀត​ផង។​

 

​រតន​គិរី​គ្រោង​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​២០​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០២០

 

​រតន​គិរី​គ្រោង​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​២០​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០២០

 

​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​សំខាន់​ៗ​ក្នុង​ខេត្ត​នេះ​មាន​ប្រមាណ​១០​កន្លែង​ ក្នុង​នោះ​មាន​រមណីយដ្ឋាន​បែប​ធម្មជាតិ​ ដូច​ជា​រមណីយដ្ឋាន​បឹង​យក្ស​ឡោម​ ទឹក​ធ្លាក់​ការ​ចាញ​ ចាអ៊ុង​ ការ​ទៀង​ ទឹក​ធ្លាក់​៧ជាន់​ រមណីយដ្ឋាន​វាល​រំ​ប្លង់ ​និង​តំបន់​អេ​កូ​ទេសចរណ៍​ គឺ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ជា​ដើម​។ ​ក្នុង​ឆ្នាំ​២០១៥ ខេត្ត​រតនគិរី​ ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​ ១៧៩,​៣៨៤​នាក់៕

 

 

អត្ថបទ៖ លឹម សុ​នា

រូបភាព៖ ផ្តល់​ឲ្យ